ឧ​ត្ត​រ​មានជ័យ: មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​គោក​លេខ ៤០២ លោក ប៉ុក សុផល ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចំនួន ១៤ គ្រួសារ រស់​នៅ​ភូមិ​ចម្ការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ប្តឹង​មក​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចោទ​ប្រកាន់​ថា បាន​រំលោភ​យក​ដី​ពួកគាត់​ជាង ៤០ ហិកតា ប៉ុន្ដែ​មន្ត្រី​យោធា​រូបនេះ​បាន​បដិសេធ។

លោក ប៊ូ ប៊ុន​ថា តំណាង​ប្រជាពលរដ្ឋ ១៤ គ្រួសារ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ពួក​លោក​បាន​កាន់​កាប់​ដីធ្លី និង​អាស្រ័យ​ផល​លើ​ទីតាំង​ដី​ទំហំ​ចំនួន ៤៣,៥ ហិកតា​នេះ​ចាប់​តាំង​ពី​ឆ្នាំ ២០០៤ មក ដោយ​មាន​រយៈពេល​ជាង ១០ ឆ្នាំ​ហើយ។ លុះ​មក​ដល់​ពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ ២០១៨ ថ្មីៗ​នេះ លោក ប៉ុក សុផល ដែល​ទើប​នឹង​ផ្លាស់​មក​កាន់​តំណែង​ជា​មេ​បញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ ៤០២ នេះ ក៏បាន​នាំ​កម្លាំង​ដើរ​គំរាម​កំហែង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​រំលោភ​យក​ដីធ្លី​របស់​ពួក​គាត់។

លោក​បន្តថា៖ «ជាក់ស្តែង​នៅ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ លោក​មេ​បញ្ជាការ​រូប​ហ្នឹង បាន​ចេញ​បញ្ជា​ដល់​កម្លាំង​ចំនួន ៦ នាក់ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​គ្រប់​ដៃ បាន​យក​គ្រឿង​ចក្រ​មួយ​គ្រឿង​ចូល​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​លើដី​ពួក​ខ្ញុំ ហើយ​ប្រើ​លេស​ថា ធ្វើ​ផ្លូវ​សម្រាប់​កងទ័ព​តែ​ពួក​ខ្ញុំ​ជា​ពលរដ្ឋ​មិន​ទាន់​អាច​ជឿ​បាន​ទេ»។

ប៉ុន្តែ លោក ប៉ុក សុផល បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា លោក​សូមប​ដិសេធ​ចោល​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពលរដ្ឋ​ទាំង​នេះ ដោយ​ថា លោក​មិន​បាន​ទៅ​រំលោភ​យក​ដី​របស់​ពលរដ្ឋ​ទាំង​នោះ​ទេ ហើយ​បើ​លោក​បាន​រំលោភ​យក​ដី​ដូច​ការ​ចោទ​ប្រកាន់​មែន លោក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ចុះ​មក​ស៊ើប​អង្កេត ឬ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ ប្រសិន​រក​ឃើញ​ថា ពលរដ្ឋ​ទាំង​នោះ​ពិត​ជា​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​មែន លោក​នឹង​បញ្ឈប់​ឈូស​ឆាយ ធ្វើ​ផ្លូវ​លើដី​ពួក​គាត់​ត​ទៅ​ទៀត។

លោក​បន្តថា ការ​ឈូសឆាយ​នៅលើ​ទីតាំង​នោះ គ្រាន់តែ​ធ្វើ​ផ្លូវ​មាន​ទទឹង​ប្រមាណ​ជិត ៥ ម៉ែត្រ​បណ្តោយ​ប្រមាណ ២ គីឡូម៉ែត្រ​សម្រាប់​ឲ្យ​ពល​ទាហាន​ងាយ​ស្រួល​ចេញ​ចូល​បន្ទាយ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ ជា​ពិសេស​ងាយ​ស្រួល​ចល័ត​កង​កម្លាំង​នៅ​តំបន់​ឈរ​ជើង ដោយ​មាន​ការ​ឯកភាព​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ស្រុក សុរិយោដី និង​អាជ្ញាធរ​ខេត្ត​ឧត្តរ​មានជ័យ​ផង​ដែរ។

លោក​បញ្ជាក់ថា៖ «ក្នុងនោះ តំណាង​ពលរដ្ឋ​ចំនួន ៣ នាក់​ហ្នឹង មកឈរ​មើល​សកម្មភាព​ពួក​ខ្ញុំ​កំពុង​ឈូស​ឆាយ​ដី​ផ្លូវ​ដែរ និង​មាន​ការ​ឯកភាព​ឲ្យ​ខ្ញុំ​ឈូស​ឆាយ​ផង​ដែរ ប៉ុន្ដែ​ខណៈ​នេះ តំណាង​ពលរដ្ឋ​ម្នាក់ ដែល​មាន​ឈ្មោះ ប៊ូ ប៊ុនថា បាន​ងាក​មក​ចោទ​ប្រកាន់​ខ្ញុំ​ថា ខ្ញុំ​ហ្នឹង​ឈូស​ឆាយ​រំលោភ​យក​ដី​ពួកគាត់​ទៅ​វិញ ខ្ញុំ​អត់​យល់ ខ្ញុំ​ពន្យល់​យ៉ាង​ណា ក៏​មិន​ព្រម​ស្ដាប់ ហើយ​ឥឡូវ​ឮថា ដាក់​ប្ដឹង​ដល់​សម្ដេច​ទៀត»។

លោក អ៊ុក ប៊ុនហេង ចៅសង្កាត់​អូរ​ស្មាច់ បានឱ្យដឹងថា ពលរដ្ឋ​ចំនួន ១៤ គ្រួសារ​នេះ ពិត​ជា​មាន​លិខិត​បញ្ជាក់​កាន់​កាប់​ដីធ្លី​ជា​កម្មសិទ្ធិ​ត្រឹម​ត្រូវ​មែន ដោយ​លោក​បាន​សម្រប​សម្រួល​ជាមួយ​ភាគី​ទាំង ២ ជា​ច្រើន​លើក​រួច​មក​ហើយ ដោយ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​កាន់​កាប់​ដីធ្លី និង​ការ​រំលោភ​ដី​អ្នក​ដទៃ ប៉ុន្ដែ​ភាគី​ទាហាន គាត់​មិន​ព្រម​បញ្ឈប់​ការ​ឈូស​ឆាយ​បញ្ចប់​ទំនាស់​ទេ ហើយ​ភាគី​ពលរដ្ឋ​ក៏​បន្ត​ប្ដឹង​ទៅ​ថ្នាក់​លើ​ទៀត។

លោក​បញ្ជាក់ថា៖ «ដី​ហ្នឹង​ខាង​ទាហាន​គាត់​ឈូសឆាយ​ហើយ​ខ្លះ នៅ​ខ្លះ ហើយ​ក៏​មាន​ការ​តវ៉ា​អ៊ីចឹង​ទៅ គាត់​ក៏​ផ្អាក​សិន។ ខ្ញុំ​ខំ​ជួយ​សម្រប​សម្រួល​ដែរ ប៉ុន្ដែ​ពួក​គាត់​គ្មាន​អ្នក​ណា​ស្ដាប់​ខ្ញុំ​ទេ ភាគី​ទាំង ២ ហ្នឹង គេ​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទៀត​ដែរ ឲ្យ​ពួក​គាត់​ប្ដឹង​ទៅ​លើ​ទៀត​ទៅ»។

លោក ​ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​រួច​ហើយ ប៉ុន្ដែ​ពលរដ្ឋ​មិន​បាន​ប្ដឹង ឬ​ដាក់​សំណើ​សុំ​ដោះស្រាយ​មក​សាលា​ខេត្ត​ឧត្តរ​មានជ័យ​ទេ​ដោយ​ពួក​គាត់​បាន​យក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ម្ដង។

លោក​បញ្ជាក់ថា៖ «បើ​ពួកគាត់​ដាក់​ពាក្យបណ្ដឹង​នៅ​ខេត្ត​នេះ ខាង​ខេត្ត​នេះ គេ​ចាត់​ចែង​ដោះស្រាយ​ឲ្យ​ហើយ គេ​មាន​គណៈ​កម្មការ​គេ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែរ​តើ»។

តាម​ដីកា​បញ្ជូន​របស់លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ចុះ​ថ្ងៃទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ដែល​បាន​ផ្ញើ​បន្ត​ទៅ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​បាន​បង្ហាញ​ថា៖ «លិខិត​ចុះ​ថ្ងៃទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០១៩ របស់​ឈ្មោះ ប៊ូ ប៊ុនថា, សុខ ម៉ៅ និង​ឈ្មោះ ជី ធឿប តំណាង​ប្រជា​ពលរដ្ឋ​ចំនួន ១៤ គ្រួសារ​រស់​នៅ​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ គោរព​ជូន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី សំណើ​សុំ​ប្ដឹង​ឈ្មោះ​ប៉ុក សុផល, ពៅ អឿន, យោ យ៉ាន និង​ឈ្មោះ ឡុង លី ជា​ទាហាន​វរ​ការពារ​ព្រំដែន​លេខ ៤០២ ឈរ​ជើង​នៅ​ចំណុច​ភូមិ​ផ្អុង ឃុំ​កូន​ក្រៀល ក្រុង​សំរោង ដែល​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ទំហំ ៤៣,៥ ហិកតា ស្ថិត​នៅ​ភូមិ​ចំការ​ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ។ សូម​ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​មេត្តា​ពិនិត្យ​សំណើ​នេះ​ជាមួយ​សមត្ថកិច្ច​តាម​ការគួរ»៕