ភ្នំពេញៈ ​កម្មករ​កាត់ដេរ​ប្រមាណ ៣០០​ ​នាក់​មកពី​រោងចក្រ​ក្បាលកោះ​ក្នុង​ខណ្ឌ​ច្បារអំពៅ​បាន​លើក​គ្នា​មក​តវ៉ា​ជាថ្មី​ទៀត​នៅ​ពីមុខ​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែ​មិថុនា ឆ្នាំ​ ២០១៨ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​មួយ​នេះ​ផ្តល់​ប្រាក់​បុរេប្រទាន​ដល់​ពួកគេ​ក្រោយ​ពី​ម្ចាស់​រោងចក្រ​បាន​បិទទ្វារ​ដោយ​មិន​ផ្តល់​សំណង​ដល់​កម្មករ​។

អ្នកស្រី អុល វណ្ណា អាយុ ៣០ ឆ្នាំ​ដែល​បាន​ធ្វើការ​នៅ​រោងចក្រ​ក្បាលកោះ​ ១០ ឆ្នាំ​មក​ហើយ និង​ជា​តំណាង​កម្មករ​បាន​ឲ្យ​ដឹង​ថា​មាន​កម្មករ​ប្រហែល​ជាង ៧០០ នាក់​នៅ​មិន​ទាន់​ទទួល​ប្រាក់​បុរេប្រទាន ​(​ប្រាក់​សំណង​ដែល​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​ជំនួស​ថៅកែ​រោងចក្រ​) ​ចាប់​តាំងពី​រោងចក្រ​បិទទ្វារ​ជាង​ ១ ​ឆ្នាំ​មក​នេះ​។

អ្នកស្រី វណ្ណា ដែល​កំពុង​មាន​ផ្ទៃពោះ ៨ ខែ និយាយ​ថា​៖ «​យើង​មក​ទាមទារ​ប្រាក់​បុរេប្រទាន​របស់​សម្តេច ហើយ​និង​លុយ​អត្ថប្រយោជន៍​តាម​ផ្លូវ​ច្បាប់​។ យើង​មក​ទាមទារ​ប្រាក់​បំណាច់ ប្រាក់ខែ​ចុងក្រោយ ប្រាក់​បណ្តេញចេញ​ប្រាក់​អតីតភាព​ការងារ​»​។

អ្នកស្រី​បាន​ថ្លែង​ថា​កម្មករ​ទាំងអស់​ចង់​ឲ្យ​ក្រសួង​ការងារ​ក៏​ដូចជា​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់​។ «​ខ្ញុំ​វេទនា​ណាស់​។ ខ្ញុំ​ពោះធំ​ខ្ញុំ​រង់ចាំ​ដំណោះស្រាយ​។ ខ្ញុំ​អត់​មាន​ប្រាក់ខែ ដើម្បី​សងលុយ​ធនាគារ​ទេ ហើយ​ខ្ញុំ​ក៏​ត្រូវ​ខ្ចី​លុយ​គេ​ឆ្លង​ទន្លេ​ដែរ​»​។

អ្នកស្រី សួន ស្រីម៉េត អាយុ ៣៥ ឆ្នាំ​ដែល​មាន​កូន ៤ នាក់​ក្នុង​បន្ទុក​បាន​ឲ្យ​ដឹងថា អ្នកស្រី​បាន​ធ្វើការ​រយៈពេល​ ១២ ​ឆ្នាំ​មក​ហើយ​នៅ​រោងចក្រ ក្បាលកោះ​នេះ​ដោយ​ទទួល​បាន​ប្រាក់ខែ​ ១៩០ ​ដុល្លារ​ក្នុង​មួយ​ខែ​បូករួម​ទាំង​ប្រាក់​បន្ថែម​ម៉ោង​។

អ្នកស្រី ស្រីម៉េត ដែល​បច្ចុប្បន្ន​មាន​ការងារ​ធ្វើ​នៅ​រោងចក្រ​ថ្មី​ក្រោយ​ពី​អត់​ការងារ​ធ្វើ​រយៈពេល​កន្លះ​ឆ្នាំ​នោះ​និយាយ​ថា​៖ «​យើង​អត់​បាន​ទទួល​ប្រាក់ខែ​តាំងពី​ខែ​ ១២ ឆ្នាំ​ ២០១៦​។ ខ្ញុំ​ចំណាយពេល​កន្លះ​ឆ្នាំ​ទើប​រក​ការងារ​ថ្មី​បាន​។ អំឡុង​ពេល​ហ្នឹង​ខ្ញុំ​ត្រូវ​ចាយលុយ​ប្តី​។ ខ្ញុំ​ពិបាក​ណាស់ ខ្ញុំ​មាន​កូន​ច្រើន​កូន​ដល់​ ៤ ​នាក់ យើង​ខ្វះខាត​លុយ​ឲ្យ​កូន​ទៅ​រៀន​»​។

ក្រុមកម្មករ​បាន​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​បើក​ប្រាក់​បុរេប្រទាន​ឲ្យ​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​បើ​ពុំ​ដូច្នោះ​ទេ ពួកគេ​នឹង​នៅ​តែ​បន្ត​ធ្វើការ​តវ៉ា​នៅ​មុខ​ក្រសួង​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​។

មិន​មាន​ប្រភព​ទាក់ទង​តំណាង​រោងចក្រ​ក្បាលកោះ​ដែល​បាន​បិទទ្វារ​នោះ ដើម្បី​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

ប៉ុន្តែ​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ថា​ក្រសួង​បាន​ទទួល​សំណើ​ពី​កម្មករ​នៅ​រោងចក្រ​ក្បាលកោះ​ដែល​តវ៉ា​នោះ​រួច​ហើយ ហើយ​ក្រសួង​កំពុង​តែ​ពិនិត្យ​មើល​លើ​បញ្ហា​នេះ​៕