ភ្នំពេញៈ គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​ ៤ ​ដែល​ជា​ច្រក​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​ប្រទេស​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ ២០១៩ បន្ទាប់ពី​បាន​កម្ចី​ជាង ១០០ លាន​ដុល្លារ​ពី​គ្រឹះស្ថាន​ផ្តល់​កម្ចី​ពិភពលោក​។ នេះ​បើ​យោង​តាម​មន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​កម្ចី​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភពលោក​នូវ​ទឹកប្រាក់​ ១១០ ​លាន​ដុល្លារ ដើម្បី​កែលម្អ​ផ្លូវជាតិ​លេខ​ ៤ ​ប្រវែង​ ២០០ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​កំពង់ផែ​អន្តរជាតិ​របស់​កម្ពុជា​ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ ១៨ ​ខែ​។

កិច្ចព្រមព្រៀង​កម្ចី​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​ ១២ ខែ​កក្កដា ឆ្នាំ​ ២០១៨ ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​ អូន ព័ន្ធមុនីរ័ត្ន​។

លោក វ៉ា ស៊ឹមសុរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការកែលម្អ​នេះ​រួម​មាន​ការរៀបចំ​កែលម្អ​ចិញ្ចើម​សង​ខាង​ផ្លូវ​ដាក់​លូ​បង្ហូរទឹក និង​ធ្វើ​ស្ពាន​ និង​ការផ្តោត​ទៅ​លើ​ការបង្កើន​គុណភាព​ស្ថានីយ​ថ្លឹង​រថយន្ត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការដឹក​លើស​ទម្ងន់ ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ដោយ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ និង​កាមេរ៉ា​ចាប់​ល្បឿន​បើកបរ​ជាដើម​។

ផ្លូវជាតិ​លេខ​ ៤ ដែល​បច្ចុប្បន្ន​មាន​ទទឹង​ ៧ ​ម៉ែត្រ និង​ចិញ្ចើម​សង​ខាង​ផ្លូវ​ប្រវែង​ពី ០,៥ - ១ ​ម៉ែត្រ​។

លោក វ៉ា ស៊ឹមសុរិយា បាន​ឲ្យ​ដឹង​ថា​បន្ទាប់ពី​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ធនាគារ​ពិភពលោក​បច្ចុប្បន្ន​ក្រុម​ការងារ​របស់​ក្រសួង​កំពុង​រៀបចំ​ធ្វើ​កិច្ចការ​ផ្សេងៗ​មុន​នឹង​ឈាន​ទៅ​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ចូលរួម​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​នេះ​។

លោក​បាន​ថ្លែង​ថា​៖ «​ផ្លូវជាតិ​លេខ​ ៤ អាច​នឹង​ចាប់ផ្តើម​ពង្រឹង​ឡើង​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ​។ ផ្លូវ​នេះ​យើង​នឹង​ពង្រឹង​ទៅ​លើ​ខឿន​ផ្លូវ​ដែល​មាន​ស្រាប់ និង​ចាក់​កៅស៊ូ​បន្ថែម​នៅ​លើ​ចិញ្ចើម​ផ្លូវ​។ ពោល​គឺ​មិនមែន​ជា​ការពង្រីក​ផ្លូវ​បន្ថែម​នោះ​ទេ​»​។

លោក​បន្ត​ថា​សម្រាប់​ផ្លូវជាតិ​លេខ​ ៤ នឹង​មិន​មាន​ការពង្រីក​បន្ថែម​ទៀត ខណៈ​កម្ពុជា​ក៏គ្រោង​នឹង​មាន​ផ្លូវ​ល្បឿនលឿន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន ដែល​នឹង​ចាប់ផ្តើម​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​។

លោក​ថ្លែង​ថា​៖ «​តាមពិត​ទៅ​យើង​ត្រូវ​ពង្រីក​ផ្លូវជាតិ​លេខ​ ៤ ប៉ុន្តែ​ដោយសារ​យើង​នឹង​សាងសង់​ផ្លូវ​ល្បឿនលឿន​ហើយ​ខាង​ក្រុមហ៊ុន​ក៏​បាន​សំណូមពរ​មិន​ឲ្យ​មាន​ពង្រីក​ផង​ដែរ​»​។ លោក​បន្ថែម​ថា ការចំណាយ​លើ​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ក៏​ជា​កត្តា​សំខាន់​ផង​ដែរ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​និយាយ​ថា ការពង្រឹង​គុណភាព​ផ្លូវជាតិ​លេខ​ ៤ ឡើង​វិញ​គឺជា​រឿង​ដ៏ល្អ​សម្រាប់​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា ព្រោះ​ផ្លូវជាតិ​នេះ​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ បច្ចុប្បន្ន​ផ្លូវ​នេះ​មាន​ចំណុច​ខ្លះ​បាន​ខូចខាត និង​ស្រុត​ចុះ ពិសេស​តំបន់​ក្បែរជ្រោះ​ពេជ្រនិល​។

លោក​បញ្ជាក់​ថា​៖ «​ទោះបី​នៅ​ពេល​ខាង​មុខ​កម្ពុជា​នឹង​មាន​ផ្លូវ​ល្បឿន​លឿន​ចេញ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ក៏ដោយ ក៏​ការធ្វើឲ្យ​ផ្លូវ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ការធ្វើ​ដំណើរ​នឹង​នៅ​តែ​មាន​សកម្មភាព​ច្រើន​សម្រាប់​ផ្លូវ​មួយ​នេះ​»​។

ទោះ​យ៉ាង​ណា​លោក​និយាយ​ថា​៖ «​ប្រសិន​បើ​ផ្លូវជាតិ​លេខ​ ៤ អាច​ពង្រីក​បន្ថែម​នោះ​គឺជា​ការល្អ​ណាស់​តែ​អ្វីៗ​វា​ក៏​អាស្រ័យ​ទៅ​លើ​ថវិកា​ផង​ដែរ​»៕ LA