ភ្នំពេញៈ មន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ​កាលពី​ម្សិលមិញ​បាន​ចោទ​ប្រកាន់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​អ្នក​រុញច្រាន​ឲ្យ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​ និង​បាន​ចោទ​គណបក្ស​កាន់​អំណាច​ថា បាន​ប្រើ​វិធី​គំរាម​កំហែង និង​ទិញ​សន្លឹកឆ្នោត​ជា​អ្វី​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ជា​ការ​បង្ហាញ​ពី​ក្ដី​អស់​សង្ឃឹម​។

ការលើក​ឡើង​នេះ​បន្ទាប់ពី​ GDP ​មិន​បាន​ទទួល​អាសនៈ​​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ ២៩ ​កក្កដា​ស្រប​ពេល​ដែល​ប្រទេស​លោក​សេរី​មួយ​ចំនួន​មាន​សហរដ្ឋ​អាមេរិក អូស្ត្រាលី កាណាដា និង​បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​បាន​ចាត់ទុក​ការបោះឆ្នោត​នេះ​ថា​មិន​មាន​ប្រជាធិបតេយ្យ​ និង​គ្មាន​ការប្រកួត​ប្រជែង ថ្វីបើ​​មាន​ប្រទេស​ខ្លះ​ដែល​នៅ​ប្រកាន់​របប​កុម្មុយនីស្ដ​គាំទ្រ​ដំណើរ​ការបោះឆ្នោត​នេះ​ក្ដី​។

លោក យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​​បាន​ថ្លែង​ក្នុង​កម្មវិធី​តុ​ពិភាក្សា​​ស្ដីពី​ «​ទិដ្ឋភាព​ទូទៅ​មុន និង​ក្រោយ​​ការបោះឆ្នោត និង​គោលជំហរ​​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​» ​ថា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រុញ​ឲ្យ​គណបក្ស​ប្រជាជន​បាន​ទទួល​អាសនៈ​រហូត​ដល់​ ១២៥ តាមរយៈ​ជំរុញ​ឲ្យ​ពលរដ្ឋ​មិន​ទៅ​បោះឆ្នោត និង​ឲ្យ​ប្រជាជន​គូស​សន្លឹកឆ្នោត​ទៅ​ជា​មិន​បានការ​។

លោក​បាន​បន្ត​ថា​៖ «​យើង​ឃើញ​​សម្ទុះ​អ្នក​គាំទ្រ​យើង​ច្រើន​ទៅៗ​ក៏ប៉ុន្តែ​រយៈពេល​ពី​ ២ ​ថ្ងៃ​ចុងក្រោយ​​ជាពិសេស​ថ្ងៃ​ស​គឺ​ថា​រុញ​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​បាន​ ១២៥ ​អាសនៈ ហេតុអ្វី​បាន​ជា​យើង​ធ្វើ​អ៊ីចឹង ហើយ​យើង​ធ្វើ​អ៊ីចឹង​ក្នុង​​បំណង​អ្វី​? ​មុន​ដំបូង​យើង​រុញ​ប្រជាជន​មិន​ឲ្យ​ទៅ​បោះឆ្នោត​ដូចជា​ «​ដេក​ផ្ទះ​ឈ្នះ​ឯង​» ​ប៉ុន្តែ​បន្ទាប់​មក​យើង​រុញ​ឲ្យ​ទៅ​បោះ​​ និង​គូស​ចោល​ហើយ​នៅ​ភ្នំពេញ​គ្រាន់​តែ​គូស​ចោល​ ១ ​សែន​សន្លឹក​​គឺជា​កាដូ​ជូន​គណបក្ស​ប្រជាជន​ ៣ ​អាសនៈ ដោយ​ស្វ័យប្រវត្តិ​»​។

លោក​បាន​បន្ថែម​ថា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ការ​ប្រជាជន​មិន​ឲ្យ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពីព្រោះ​គាត់​គិត​ថា កាលណា​មាន​តំណាង​ក្នុង​រដ្ឋសភា​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​មិន​សូវ​ថ្កោលទោស​លើ​គណបក្ស​ប្រជាជន​។

លោក​ថា​៖ «​គាត់​ចង់​ឲ្យ​មាន​​ការផ្លាស់ប្តូរ​តាមរយៈ​អន្តរជាតិ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​បច្ចុប្បន្ន​​ហើយ​ដើម្បី​ធ្វើ​ដូច្នេះ​បាន​គាត់​ចង់​ឃើញ​មនុស្ស​ទៅ​បោះឆ្នោត​តិច ប៉ុន្តែ​ចុង​ក្រោយ​គាត់​ដឹង​ថា​មនុស្ស​នឹង​ទៅ​បោះឆ្នោត​ច្រើន​...​គាត់​ក៏​បាន​រុញ​ឲ្យ​គណបក្ស​ប្រជាជន​បាន​ ១២៥ ...​គាត់​គិត​​ថា អន្តរជាតិ​នឹង​ដាក់​គំនាប​វា​នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​ដឹកនាំ​​ដោយ​គណបក្ស​ប្រជាជន​ធ្វើការ​ផ្លាស់ប្តូរ​ចិត្ត​គំនិត​រៀបចំ​ឲ្យ​មាន​​ការបោះឆ្នោត​ឡើងវិញ ហើយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​​វិញ​បើ​មិន​ដូច្នេះ​ទេ​នឹង​រង​នូវ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​»​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក សាម អ៊ីន អ្នក​នាំពាក្យ GDP ក៏​បាន​ចោទប្រកាន់​គណបក្ស​ប្រជាជន​ដែរ​ថា បាន​ប្រើការ​គំរាមកំហែង​ និង​ការទិញ​សន្លឹកឆ្នោត​ទើប​បាន​​សំឡេង​ដល់​ ១២៥ ​អាសនៈ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដោយសារ​តែ​ការ​សម្លុត គំរាម និង​ទិញ​សន្លឹកឆ្នោត​នៅ​កើត​មាន​យ៉ាង​ច្រើន​នៅក្នុង​សង្គម​កម្ពុជា​»​។

ទោះ​យ៉ាង​ណា​ក្ដី​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​ការចោទប្រកាន់​នេះ ដោយ​ថ្លែង​ថា​នេះ​គ្រាន់​តែ​ជា​មតិ​របស់​ពួកគាត់ ហើយ​អះអាង​ថា​ម្ចាស់​ឆ្នោត​​មើល​ឃើញ​គណបក្ស​ប្រជាជន​ថា បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ខណៈ​ច្រើន​នាក់​ទៀត​បាត់​ជំនឿ​លើ​គណបក្ស​ប្រឆាំង​ហើយ​ក៏​ងាក​មក​គាំទ្រ​បន្ថែម​។

លោក​បាន​បញ្ជាក់​ថា​៖ «​គណបក្ស​ប្រជាជន​មាន​ការ​ភ្ញាក់រឭក​ក្នុង​ការ​កែលម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​លោក​ស្វាគមន៍ និង​អបអរ​សាទរ ហើយ​ងាក​មក​គាំទ្រ​...​ឡើង​វិញ​។ ប្រជាជន​បាន​បាត់​ជំនឿ​ទៅ​លើ​គណបក្ស​ប្រឆាំង​អស់​ទៅ​ហើយ​»​។

ទាក់ទង​នឹង​ការចោទប្រកាន់​ដែល​ថា គណបក្ស​ប្រជាជន​ប្រើ​​វិធី​គំរាមកំហែង និង​ទិញ​សន្លឹកឆ្នោត​នោះ​លោក ឥសាន បាន​ថ្លែង​ថា​នេះ​គឺ​ការលើក​ឡើង​ដោយ​អត្តនោម័ត​ដោយសារ​មុន​ឃោសនា​បោះឆ្នោត​គាត់​មាន​ក្តីសង្ឃឹម តែ​ឥឡូវ​ក្តីសង្ឃឹម​របស់​គាត់​បាន​ធ្លាក់​ទឹក​ទៅ​ហើយ​។

លោក​ថា​៖ «​ការលើក​ឡើង​​នេះ​គ្រាន់​តែ​ជា​ការ​ផាត់​ក្រែម​លាបម្សៅ​មុខមាត់​គាត់​កុំ​ឲ្យ​វា​ធ្លាក់​ធ្ងន់​ពេក​»​។

លោក ជាម ច័ន្ទនី អតីត​តំណាងរាស្ត្រ​បក្សប្រឆាំង​ក៏​បាន​ថ្លែង​ដែរ​​ថា ការចោទ​ប្រកាន់​របស់​ GDP ​គឺ​គ្មាន​មូលដ្ឋាន និង​ហេតុផល​ច្បាស់លាស់​ទេ​។

លោក​ថា​៖ «​នេះ​គឺជា​ការយល់​ឃើញ​របស់​គាត់​ដូច​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ឃើញថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​រំលាយ​...​ដូច្នេះ​ការចោទប្រកាន់​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​ត្រឹមត្រូវ​ទេ​»​។

ស្រដៀង​គ្នា​នេះ​លោក សម គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា​បាន​ថ្លែង​ថា ការចោទប្រកាន់​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ តែ​បាន​យល់​ថា​មាន​រូបភាព​គំរាម​កំហែង​​ និង​ទិញ​សន្លឹកឆ្នោត​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ឯកភាព​ទេ​ពីព្រោះ​ថា​ការគាំទ្រ​គណបក្ស​ប្រជាជន​បាន​កើនឡើង​ពីព្រោះ​ដោយសារ​គណបក្ស​ប្រជាជន​បាន​ទាញ​យក​ការគាំទ្រ​តាមរយៈ​ការដំឡើង​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​រោងចក្រ​ច្រើន​ជាង​ ២០១៣ ...​ការលើកឡើង​ [​ការគំរាម​កំហែង​...] ​នេះ​វា​ត្រឹមត្រូវ​...​ហើយ​រឿង​នេះ​វា​កើត​សឹង​គ្រប់​ទីកន្លែង​»​។

នៅ​មុន​ពេល​បោះឆ្នោត​លោក យ៉ង សាំងកុមារ ធ្លាប់​បាន​​ប៉ាន់​ស្មាន​ថា យ៉ាង​តិច​មាន​ពលរដ្ឋ​ ៧៥ ​ភាគរយ​ទៅ​បោះឆ្នោត​​ដោយ​លោក​ថា បើ​មាន​អ្នក​បោះឆ្នោត​ច្រើន​ GDP ​មាន​ឱកាស​​ឈ្នះឆ្នោត​ច្រើន​៕