ភ្នំពេញៈ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR) ចេញ​របាយការណ៍​អង្កេត​មួយ​ពី​ម្សិលមិញ​ដោយ​បង្ហាញ​ថា សិទ្ធិ​ជំនុំ​ជម្រះក្តី​ដោយ​យុត្តិធម៌​សម្រាប់​ស្ត្រី​នៅ​សាលាឧទ្ធរណ៍​នៅតែ​មាន​កង្វះខាត​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ពេញលេញ​សម្រាប់​ពួកគេ​។

របាយការណ៍​ដែល​បាន​បង្ហាញ​ពី​ការឃ្លាំ​មើល​ការ​កាត់ក្តី​នៅ​សាលាឧទ្ធរណ៍​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៦ ដល់​ខែ​មិថុនា ២០១៨ បាន​អង្កេត​លើ​សំណុំ​រឿង​ចំនួន​ ៤៥៣ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ ៩៧ ​នាក់​។

ក្នុង​ការអង្កេត​លើ​ករណី​ស្ត្រី​ទាំង ៩៧ ​នាក់​នេះ CCHR បាន​កត់សម្គាល់​ឃើញ​ថា​៖ «​ក្នុង​ចំណោម​ជនជាប់ចោទ​ជា​ស្ត្រី​ទាំង​នេះ ជនជាប់ចោទ​ជា​ស្ត្រី​ចំនួន​ ២៧ ​នាក់​ (២៨%) ​មិន​មាន​វត្តមាន​ក្នុង​សវនាការ​ករណី​ខ្លះ​ដោយសារ​កង្វះខាត​ទំនាក់ទំនង​រវាង​សាលាឧទ្ធរណ៍ និង​មណ្ឌល​កែប្រែ​ហើយ​ជនជាប់ចោទ​ជា​ស្ត្រី​ចំនួន​ ២៥ ​នាក់​ (២៦%) ​មិន​មាន​មេធាវី​តំណាង​។ លើស​ពី​នេះ​ជនជាប់ចោទ​ជា​ស្ត្រី ១៤% ​​បង្ហាញ​ខ្លួន​ចំពោះ​មុខ​តុលាការ​ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ទណ្ឌិត​ដែល​ផ្ទុយ​ទៅ​នឹង​ការសន្មត​ទុក​ជា​មុន​ថា​គ្មាន​ទោស​»​។

របាយការណ៍​នេះ​បាន​បន្ត​ថា​ក្នុង​ចំណោម​សំណុំ​រឿង​របស់​ស្ត្រី​ ២៥ ​នាក់​ដែល​គ្មាន​មេធាវី ស្ត្រី​ជាប់ចោទ​ក្នុង​សំណុំ​រឿង​ចំនួន​ ៩ ​នាក់​មិន​ត្រូវ​ប្រាប់​ពី​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ឡើយ​។ មាន​ ១៣% ក្នុង​ចំណោម​ស្ត្រី ៩៧ នាក់​មិន​ត្រូវ​បាន​ចៅក្រម​ប្រាប់ និង​ទទួល​ការពន្យល់​ពី​ចៅក្រម​អំពី​សិទ្ធិ​ក្នុង​ការ​មាន​មេធាវី​ឡើយ​។

លើស​ពី​នេះ​សិទ្ធិ​សំខាន់​មួយ​ដែល​ជនជាប់ចោទ​ត្រូវ​មាន​គឺ​សិទ្ធិ​នៅ​ស្ងៀម​មិន​ឆ្លើយតប​។ របាយការណ៍​អង្កេត​នេះ​កត់សម្គាល់​ឃើញ​ថា សវនាការ​លើ​ជនជាប់ចោទ​ស្ត្រី​រហូត​ដល់​ទៅ​ ៧០ ​ភាគរយ​ដែល​ស្ត្រី​មិន​ត្រូវ​បាន​ចៅក្រម​ប្រាប់​ពី​សិទ្ធិ​នៅ​ស្ងៀម​គឺ​មាន​តែ​ ៥ ​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ពន្យល់​ពី​សិទ្ធិ​យ៉ាង​ច្បាស់លាស់​។

ក្រៅពី​នេះ CCHR រកឃើញ​ថា​មិន​មាន​ការការពារ​ជាក់លាក់​នៅ​ពេល​សវនាការ​ដែល​បញ្ហា​មួយ​នេះ​បណ្ដាល​មកពី​ការខ្វះខាត​ស្ត្រី​ក្នុង​វិស័យ​យុត្តិធម៌ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​បុរស​នៅ​ក្នុង​វិស័យ​នេះ​។

CCHR បាន​រកឃើញ​ថា ចាប់ពី​ឆ្នាំ​ ២០១៣ ដល់​ឆ្នាំ​ ២០១៧ ស្ទើរតែ​គ្មាន​ការប្រែប្រួល​ចំនួន​ស្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​គឺ​មាន​ស្ត្រី​ជា​ចៅក្រម​តែ​ ១៤ ​ភាគរយ​ជា​ព្រះរាជអាជ្ញា​ចំនួន​ ១២ ​ភាគរយ ក្រឡាបញ្ជី​ ២២ ​ភាគរយ និង​ជា​មេធាវី​ចំនួន​ ២០ ​ភាគរយ​។

របាយការណ៍​ថា​៖ «​វិសមភាព​បែប​នេះ​ក្នុង​ការ​ទទួល​បាន​វិជ្ជាជីវៈ​ផ្នែក​ប្រព័ន្ធយុត្តិធម៌​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ជន​ជាប់ចោទ ជនរងគ្រោះ និង​សាក្សី​ជា​ស្ត្រី និង​ធ្វើឲ្យ​មាន​បរិយាកាស​អាប់អួរ​ដល់​ជនរងគ្រោះ​ពី​ការរំលោភបំពាន​ ឬ​ជនរងគ្រោះ​ពី​ហិង្សា​ផ្លូវភេទ​ដែល​ជា​ញឹកញាប់​ត្រូវ​ទទួល​រង​ការបាក់​ស្បាត​ ឬ​ការស្តីបន្ទោស​ម្តង​ទៀត​»​។

CCHR បាន​ស្នើឲ្យ​រដ្ឋាភិបាល​ពិនិត្យ​លើ​ជំនួយ​ផ្នែក​ច្បាប់​របស់​ខ្លួន​ដើម្បី​ឲ្យ​ស្ត្រី​ទទួល​បាន​ភាពស្មើគ្នា​នូវ​យុត្តិធម៌ និង​ទទួល​បាន​ជំនួយ​ពី​មេធាវី​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ដោយ​បាន​កោត​សរសើរ​ដល់​ការការពារ​ស្ត្រី​នៅ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម CCHR បាន​ស្នើឲ្យ​រដ្ឋាភិបាល​យក​គំរូ​ល្អ​តាម​ការអនុវត្ត​នៅ​តុលាការ​នេះ​ក្នុង​កិច្ចការពារ​សាក្សី និង​ជនរងគ្រោះ​។ CCHR ក៏​ស្នើ​ឲ្យ​គោរព​ឯកជនភាព​របស់​ស្ត្រី​ព្រម​ទាំង​គាំពារ​ផ្លូវច្បាប់ និង​ផ្លូវចិត្ត​ព្រមទាំង​បំប៉ន​មន្ត្រី​តុលាការ​ផ្នែក​យេនឌ័រ​។

លោក ហ៊ុន ស៊ាងហាក់ អ្នក​សម្របសម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មិន​អាច​ទាក់ទង​សុំ​ការពន្យល់​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​។ លោក​ ទូច ថារិទ្ធិ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ថ្លែង​ថា លោក​មិន​ទាន់​បានឃើញ​របាយការណ៍​នេះ​នៅ​ឡើយ​។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ពី​ម្សិលមិញ​ថា​ក្នុង​នាម​ស្ថាប័ន​ដែល​ទទួល​បន្ទុក​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ស្ថាប័ន​លោក​នឹង​ពិនិត្យ​លើ​របាយការណ៍​នេះ ហើយ​អាច​នឹង​ពិភាក្សា​ជាមួយ​អ្នក​ចេញ​របាយការណ៍​នេះ​ដើម្បី​យល់​ដឹង​ពី​វិធីសាស្ត្រ និង​ឈាន​ទៅ​រក​កំណែទម្រង់​បើ​សិន​ជា​មាន​ភាព​ខ្វះខាត​កើតឡើង​ជាក់ស្ដែង​។

លោក​​ ជិន ម៉ាលីន ថ្លែង​ថា​៖ «[​យើង​] ​ប្រហែល​អាច​មាន​ការជួប​ពិភាក្សា​គ្នា​ដើម្បី​ឲ្យ​មាន​ការបំភ្លឺ​ពន្យល់​បន្ថែម​លើ​បញ្ហា​មួយ​ចំនួន​ដែល​គាត់​បាន​រកឃើញ​ពាក់ព័ន្ធ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ស្ត្រី​ជនជាប់ចោទ​»​។

ប៉ុន្តែ​លោក​ក៏​បាន​ថ្លែង​ដែរ​ថា លោក​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​វិធីសាស្ត្រ​នៃ​ការអង្កេត​របស់ CCHR ថា​តើ​ទិន្នន័យ​ត្រូវ​បាន​ប្រមូល​ដោយ​របៀប​ណា​។

លោក​បញ្ជាក់​ថា​៖ «​បើ​គ្រាន់តែ​គាត់​ដាក់​អ្នក​សង្កេតការណ៍​សម្រាប់​តែ​សវនាការ​សាលាឧទ្ធរណ៍ ហើយ​អ្នក​សង្កេតការណ៍​របស់​គាត់​តាម​យើង​ដឹង​គាត់​យក​តារាង​ហើយ​ចាំ​គូស​គ្រិស ទី​ ១ ទី​ ២ ទី​ ៣ បើ​ឃើញ​គាត់​គ្រិស​ទៅ​បើ​អត់ឃើញ​ទៅ​អត់​គ្រិស​ទៅ​។ ដូច្នេះ​យើង​នៅ​មាន​មន្ទិល​សង្ស័យ​លើ​វិធីសាស្ត្រ​នៃ​ការអង្កេត​នេះ​»​។

លោក​បន្ត​ថា​៖ «​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​មិនមែន​មើល​តែ​នៅ​ពេល​សវនាការ​មួយ​មុខ​ហើយ​ធ្វើការ​សន្និដ្ឋាន​បាន​ទេ​។ វា​មាន​ដំណើរការ​ប្រទាក់ក្រឡា​គ្នា​នៃ​ដំណើរការ​នីតិវិធី​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ​តាំងពី​ដំណាក់កាល​នគរបាល​យុត្តិធម៌ ព្រះរាជអាជ្ញា ចៅក្រម​ស៊ើបសួរ​រហូត​ដល់​ដំណាក់កាល​ជម្រះក្តី​»​។ លោក​ថ្លែង​បន្ត​ថា​ការ​ចាំ​ពិនិត្យ​ដោយ​អង្កេត​តែ​ក្នុង​ពេល​សវនាការ​មិន​ធ្វើ​ឡើង​តាម​បែប​វិទ្យាសាស្ត្រ​ទេ​៕