ភ្នំពេញៈពលរដ្ឋសហគមន៍បុរីកីឡា ១៣ នាក់ តំណាងឲ្យ ២០ គ្រួសារ ដែលនៅមិនទាន់បានទទួលសំណង ពីក្រុមហ៊ុន ផាន អ៊ីម៉ិច នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨ បានប្រមូលផ្ដុំគ្នា នៅខាងមុខអង្គភាពប្រឆាំងអំពើពុករលួយ និង សាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យស្ថាប័នទាំងពីរនេះ ជួយពន្លឿនការដោះស្រាយផ្តល់សំណងដីលំនៅដ្ឋាន នៅភូមិអណ្ដូងមួយកន្លែង និងទឹកប្រាក់ចំនួន ៣ ពាន់ដុល្លារ។

អ្នកស្រី ខេង ថា អាយុ ៦០ ឆ្នាំ តំណាងសហគមន៍បុរីកីឡា ២០ គ្រួសារ បានរៀបរាប់ថា កន្លងមក ពួកគាត់ ដែលនៅសេសសល់ ២០ គ្រួសារ ធ្លាប់បានដាក់ញត្តិនៅក្រសួងដែនដី ដើម្បីសុំអន្តរាគមន៍ជាច្រើនសារ មកហើយ ប៉ុន្តែក្រសួងថា ការដោះស្រាយករណីនេះជាសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ហើយពួកគាត់ ក៏បានសុំអន្តរាគមន៍ ពីសាលារាជធានី តែពុំឃើញមានចំណាត់ការណាមួយឡើយ ទើបពួកគាត់ ទៅសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ជួយជំរុញឲ្យមានដំណោះស្រាយ ព្រោះតែពួកគាត់អស់ជម្រើស។

អ្នកស្រីបញ្ជាក់ថា៖«ពលរដ្ឋផ្សេងៗទៀត គេទទួលយកសំណងអស់ហើយ នៅសល់តែពួកខ្ញុំ ២០ គ្រួសារហ្នឹងទេ ដែលអាជ្ញាធរ និងក្រុមហ៊ុន មិនព្រមដោះស្រាយបញ្ចប់។ ពេលនេះ ពួកខ្ញុំសម្រេចចិត្តហើយថា នឹងទទួលយកសំណងជាដីផ្ទះ នៅភូមិអណ្ដូងជាយក្រុងភ្នំពេញ និងលុយចំនួន ៣ ពាន់ដុល្លារ ហើយពួកខ្ញុំ សង្ឃឹមថា អាជ្ញាធរយល់ព្រមតាមសំណើរនេះ ព្រោះដីនេះ មានទំនាស់អស់រយៈពេលជាច្រើនមកហើយ»។

ទំនាស់ដីធ្លីនៅសហគមន៍បុរីកីឡា បានអូសបន្លាយជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនផាន អ៊ីម៉ិច បានសន្យាសាងសង់អគារចំនួនដប់ដើម្បីផ្ដល់ទីជម្រកដល់ប្រជាពលរដ្ឋក្រីក្រនៅទីនេះ ជាថ្នូរទៅនឹងការយកដី ក្នុងសហគមន៍មកអភិវឌ្ឍន៍។ ក៏ប៉ុន្ដែនៅទីបំផុត ក្រុមហ៊ុនបានសាងសង់ត្រឹមតែ ប្រាំបីអគារប៉ុណ្ណោះទើបធ្វើឲ្យមានការតវ៉ារហូតមកដល់ពេលនេះ។

លោកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ធ្លាប់បានមានប្រសាសន៍ថា អគារទាំងប្រាំបីនេះ បានឆ្លើយតបគ្រប់គ្រាន់ ទៅនឹងចំនួនប្រជាពលរដ្ឋ ដែលត្រូវសា្នក់នៅរួចទៅហើយ ប៉ុន្ដែក្រុមប្រជាជន បានច្រានចោល ការលើកឡើងនេះ ដោយថ្លែងថា មិនត្រឹមតែមិនគ្រប់ទេ ហើយថែមទាំងត្រូវបណ្ដេញចេញភ្លាមៗទៅកាន់តំបន់ដាច់ស្រយាលមួយ ក្នុងខេត្តកំពង់ស្ពឺ។

លោក ឆៃ សាវុទ្ធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញការជំរុញនេះបានទេ កាលពីម្សិលមិញ។

ប៉ុន្ដែលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានលើកឡើងថា លោកបានទទួលញត្តិ និងមានមន្ត្រីបានពន្យល់ណែនាំពួកគាត់ ដោយសាលាក្រុង នឹងបន្តពិនិត្យលើសំណើរនេះឡើងវិញ។ លោកបញ្ជាក់ថា៖«យើងពិនិត្យមើលឡើងវិញ ចំពោះពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី ហើយនៅសេសសល់ ពីការដោះស្រាយមិនទាន់ចប់នេះ ចំណែកពលរដ្ឋដែលមិនឃើញមានឈ្មោះ យើងមិនអាចដោះស្រាយឲ្យបានទេ ព្រោះកន្លងមកនេះ យើងសង្កេតឃើញថា ពលរដ្ឋដែលគ្មានឈ្មោះ គាត់ចេះតែមកតាមគេ តាមឯង ហើយដល់ពេលមកចឹង យើងបានដីពីណាជូនគាត់»។

លោកអំ សំអាត ប្រធានការិយាល័យគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចាត់ទុកថា ការបណ្ដេញចេញមានការថមថយ ប៉ុន្ដែបញ្ហាតវ៉ារហូតមកសព្វថ្ងៃ គឺជាបញ្ហាដែលនៅសេសល់ដោះស្រាយមិនទាន់ចប់ ហើយអាជ្ញាធរក៏គួរតែដល់ពេលដែលត្រូវដោះស្រាយបញ្ចប់ឲ្យពួកគាត់ដែរ។ បើមិនដូច្នេះទេ ពួកគាត់ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅទីនេះ ជួបប្រទះភាពក្រីក្រថែមមួយកម្រិតទៀត។

លោកបញ្ជាក់ថា៖«ធ្វើអ៊ីចឹងទៅគឺវាផ្ទុយទៅនឹងគោលនយោបាយចតុកោណ របស់រដ្ឋាភិបាល ក្នុងស្នូលមួយ ដែលនិយាយអំពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែបើសិនអភិវឌ្ឍទៅ វាធ្វើឲ្យប្រជាពលរដ្ឋ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋអ៊ីចឹង តើប៉ុន្មានឆ្នាំទៅមុខទៀត ដែលគាត់អាចកសាងជីវភាពបាន ប្រហែលដែលគាត់រស់នៅបុរីកីឡា»។

តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងកាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ថា ក្រសួងនឹងសើរើដោះស្រាយករណីវិវាទដីធ្លីជាង ១០០ រឿង ដែលលោកស្រី ស៊ុយ ស៊ីផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច កំពុងមានវិវាទជាមួយប្រជាពលរដ្ឋ ដោយថា ម្ចាស់ក្រុមហ៊ុនរូបនេះ មិនបានគោរពទៅតាមការសន្យាជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅតំបន់បុរីកីឡា និងទីតាំងមួយចំនួនទៀត ដែលធ្វើឲ្យពលរដ្ឋអស់ជំនឿលើរាជរដ្ឋាភិបាល៕