ខេត្តសៀមរាប/ព្រៃវែងៈ អាវុធ​កែច្នៃ​ប្រមាណ​ ១៣៨ ​ដើម​ត្រូវ​​បាន​នគរបាល​ស្រុក​ជីក្រែង​​ ខេត្ត​សៀមរាប​ប្រមូល​បាន​ពី​ពលរដ្ឋ និង​ខ្លះ​ទៀត​ត្រូវ​បាន​ពលរដ្ឋ​យក​មក​ប្រគល់​ជូន​កាលពី​ថ្ងៃទី​ ២៣ ខែ​ឧសភា ខណៈ​ដែល​នៅ​ខេត្ត​ព្រៃវែង​មាន​គ្រាប់បែក​ចង្កោម​ជាង​ ១០០ ​គ្រាប់​ត្រូវ​បាន​មន្ត្រី​ស៊ីម៉ាក់​រកឃើញ​នៅ​ស្រុក​ពាមរក៍​។

លោក តាន់ សុផុន អធិការរង​នគរបាល​ស្រុក​ជីក្រែង​បាន​ឲ្យ​ដឹង​ថា​អាវុធ​កែច្នៃ​ទាំង​នោះ​ត្រូវ​​បាន​នគរបាល​ជំនាញ​ប្រមូល​ពី​​ពលរដ្ឋ​ និង​មួយ​ចំនួន​ទៀត​ពលរដ្ឋ​យល់​ព្រម​យក​មក​ប្រគល់​ឲ្យ​នគរបាល​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព​។

លោក​បន្ត​ថា​អាវុធ​ដែល​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ធ្វើ​ពិធី​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​នាពេល​នេះ​គឺ​មាន ១៣៨ ​ដើម រួមមាន​៖ ១- ​កាំភ្លើង​ព្រៃ​​ ១៥ ​ដើម​,២- ​កាំភ្លើង​ខ្យល់​ ១០៦ ដើម​, ៣- ​កាំភ្លើង​ព្រួញ​ ១២ ​ដើម ៤- ​កាំភ្លើង​ខូច​គុណភាព ៥ ដើម (​មាន AK47 ១ ​ដើម​, M16 ១ ​ដើម​, CKC ២ ដើម និង AR15 ១ ​ដើម​)​។

លោក តាន់ សុផុន បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​អាវុធ​ទាំង​ ១៣៨ ​ដើម​ត្រូវ​បាន​ក្រុម​ការងារ​នៃ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ​ជាតិពុល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ទទួល​យក​មក​រក្សា​ទុក​ក្នុង​ឃ្លាំង​សុវត្ថិភាព​។ អាវុធ​ទាំងនោះ​​ត្រូវ​បាន​ពលរដ្ឋ​ប្រើប្រាស់​សម្រាប់​បាញ់​សត្វ បាញ់​កណ្ដុរ ពស់​ និង​​សត្វ​ផ្សេងៗ​នាពេល​យប់​»​។

ចំណែក​នៅ​ខេត្ត​ព្រៃវែង​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​បាន​ឲ្យ​ដឹង​កាល​ម្សិលមិញ​ថា​នៅ​ថ្ងៃទី​ ២២-២៣ ខែ​ឧសភា ឆ្នាំ​នេះ​ក្រុម​ការងារ​ស៊ីម៉ាក់​បាន​រកឃើញ​គ្រាប់បែក​ចង្កោម​ជាង​ ១០០ ​គ្រាប់​នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​គ្រាប់​​ប៊ូល​ដែរ​។

លោក​បន្ត​ថា​មន្ត្រី​ស៊ីម៉ាក់​បាន​ចំណាយ​ពេល​ ២ ​ថ្ងៃ​ដោយ​ថ្ងៃ​ទី​ ១ រកឃើញ​ ៤០ ​គ្រាប់ និង​ថ្ងៃ​ទី​ ២ ​រកឃើញ ៧០ ​គ្រាប់ ហើយ​មន្ត្រី​បាន​ដាក់​សញ្ញា​សម្គាល់​មិន​​ឲ្យ​ពលរដ្ឋ​ទៅ​ក្បែរ និង​កំពុង​តាមដាន​ស្វែងរក​ទីតាំង​កន្លែង​ផ្សេង​ទៀត​។ ​លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​​គ្រាប់បែក​ចង្កោម​ប្រភេទ​នេះ​។

លោក ហេង រតនា បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​ប្រជាពលរដ្ឋ​ដែល​បានឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សូម​​កុំ​ប៉ះពាល់​ ឬ​គប់​លេង​ឲ្យ​សោះ​ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​ជូន​ និង​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​»​។

តាម​របាយការណ៍​ពី​អាជ្ញាធរ​មីន​បាន​បង្ហាញ​កាលពី​ដើម​ឆ្នាំ​ ២០១៧ ​ថា ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២ មក​ទល់​ឆ្នាំ​ ២០១៦ កម្ពុជា​បាន​បោសសម្អាត​មីន​លើ​ផ្ទៃដី​ប្រមាណ​ជិត ១៥០០ ​គីឡូម៉ែត្រ​ក្រឡា​បាន​រកឃើញ​គ្រាប់មីន​ និង​កម្ទេចចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស ១ ០៣១ ២៧៧ គ្រាប់​,​មីនតោន ២៤ ១៧៩ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២ ៦៤៦ ៦៥៧ ​គ្រាប់​។

របាយការណ៍​ដដែល​បញ្ជាក់​ថា​៖ «​កម្ពុជា​ត្រូវការ​នូវ​ការរួមចំណែក​ពី​ប្រតិបត្តិករ​ជាតិ និង​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​ទាំងអស់​ក្នុង​ការ​ចូលរួម​ធ្វើឲ្យ​សម្រេច​បាន​នូវ​គោលដៅ​របស់​កម្ពុជា​ក្នុង​ការ​បោសសម្អាត​មីន​​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​ ២០២៥ នៅ​​លើ​ផ្ទៃដី​ ១៩៤៦ ​គីឡូម៉ែត្រ​ក្រឡា​​ និង​ត្រូវការ​ថវិកា​ប្រមាណ​ ៤០៦ ​លាន​ដុល្លារ​អាមេរិក​»៕