ភ្នំពេញៈ សមាជិក​ព្រឹទ្ធសភា​ចំនួន​ ៥៩ ​កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សញ្ជាតិ​បំណង​រឹតបន្ដឹង​ចំពោះ​ជនបរទេស​ដែល​ចង់​បាន​សញ្ជាតិ​កម្ពុជា ទន្ទឹម​នឹង​មាន​ការ​រិះគន់​ពី​ក្រុម​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ និង​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ដោយ​ចាត់​ទុក​ថា ច្បាប់​នេះ​បង្ក​ភាព​ងាយស្រួល​ក្នុង​ការផ្ដល់​សញ្ជាតិ​ខ្មែរ​។

លោក ម៉ម ប៊ុននាង អ្នក​នាំពាក្យ​ព្រឹទ្ធសភា​បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ព្រឹទ្ធសភា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំង​ស្រុង​នៅ​ព្រឹក​មិញ​នេះ​ដោយ​សំឡេង​ ៥៩ ​លើ​សំឡេង​ ៥៩ ​។

លោក​បាន​ថ្លែង​ថា​ច្បាប់​នេះ​គឺ​មាន​ការ​រឹតបន្តឹង​ទៅ​ចំពោះ​ជនបរទេស​ដែល​មក​រស់នៅ​ស្រុក​ខ្មែរ​នេះ​មុន​នឹង​ចូលសញ្ជាតិ​បាន​លុះត្រាតែ​គោរព​គ្រប់​លក្ខខណ្ឌ ជាពិសេស​ទាក់ទង​នឹង​រឿង​ជួយ​វិភាគទាន​ដល់​រាជរដ្ឋាភិបាល​។ កាលពី​ឆ្នាំ​ ១៩៩៦ រដ្ឋាភិបាល​បាន​កំណត់ ៣០ ​ម៉ឺន​ដុល្លារ​ជាង​អាច​ឲ្យ​គាត់​ចូល​បាន​ ប៉ុន្តែ​ច្បាប់​នេះ​គឺ​បង្កើន​រហូត​ដល់​ជិត​ ១ ​លាន​ដុល្លារ​ដូច្នេះ​ការ​រឹតបន្តឹង​ថវិកា​ដែល​ជួយ​ដល់​រដ្ឋាភិបាល និង​ជួយ​ដល់​ប្រទេស​ជាតិ​។

លោក ប៊ុននាង ថ្លែង​ថា​៖ «​វា​មិនមែន​ដូច​អ្វី​ដែល​គេ​ចេះ​តែ​ស្រែក​ចេះ​តែ​និយាយ​ថា​យើង​បន្ថូរបន្ថយ​ដើម្បី​ឲ្យ​ប្រទេស​ជិត​ខាង​ចូល​មក​រស់នៅ​ហើយ​ឲ្យ​ស្រប​ច្បាប់ មិនមែន​ទេ​»​។

លោក ព្រាប កុល នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា​ក្នុង​ច្បាប់​គួរ​កំណត់​ទឹកប្រាក់​ដែល​មាន​សមាមាត្រ​ទៅ​នឹង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​ និង​ថា​ជនបរទេស​ដែល​ជា​ប្រទេស​ជាប់​ព្រំដែន ដែល​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ត្រូវ​តែ​បោះបង់​សញ្ជាតិ​ដើម​ខ្លួន​ឯង​ចោល​។

លោក​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​បើ​ជ្រុល​ជា​ដាក់​ទឹកប្រាក់ ជា​ថ្នូរ​នឹង​សញ្ជាតិ​គួរតែ​ថ្លៃ​សមរម្យ ព្រោះ​ខ្មែរ​យើង​បច្ចុប្បន្ន​គួរ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​ ១៩៩៦ ៣ ​ដង​យ៉ាង​តិច​។ បើ​ដាក់​តម្លៃ​ទាប បរទេស​ជាពិសេស​ចិន និង​វៀតណាម សប្បាយ​ចិត្ត​មួយ​ទំហឹង​មិន​ខាន​ទេ​ប្រទេស​ជាប់​ព្រំដែន​ដែល​ស្នើសុំ​សញ្ជាតិ​ខ្មែរ​ត្រូវ​តែ​បោះបង់​សញ្ជាតិ​ដើម​ខ្លួនឯង​ចោល​។ យើង​​ការពារ​ទំនាស់​ផលប្រយោជន៍​​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​) និង​នយោបាយ​»​។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​យល់​ថា​ជា​ច្បាប់​មួយ​ដែល​ចិត្ត​ងាយ​មួយ​ដែល​ធ្វើឲ្យ​ជនបរទេស​ទំនង​មាន​លទ្ធភាព​ងាយស្រួល​ខ្លាំង​ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​កម្ពុជា​។ ​យើង​មាន​ការ​បារម្ភ​ពិសេស​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​»៕