ភ្នំពេញៈ លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) បាន​បដិសធ​ការស្នើ​របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​ការពន្យារពេល​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ (TOI) ​ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ ៣១ ខែមីនា នេះ​ដោយ​ជំរុញ​ឱ្យប្រើប្រាស់​ប្រព័ន្ធ​អនឡាញ​សម្រាប់​ការប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ (TOI E-Filing) ដើម្បី​ធានាថា រដ្ឋាភិបាល​ទទួល​បាន​ការប្រមូល​ចំណូល​ប្រកប​ដោយ​និរន្តរភាព​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

កាលពី​ថ្ងៃទី​ ១១ ខែមីនា សភាពាណិជ្ជកម្ម​អន្តរជាតិ​បានដាក់​លិខិត​មួយ​សុំ​ពន្យារពេល​សម្រាប់​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ (TOI) និង​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​កិច្ចប្រជុំ​ដោយផ្ទាល់​នានា ដោយហេតុថា ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ នៃ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​ បាន​ធ្វើឱ្យ​មាន​ភាពយឺតយ៉ាវ​ការងារ និង​ការធ្លាក់ចុះ​ផលិតភាព​ពលកម្ម​ដោយសារ​បុគ្គលិក​ភាគច្រើន​ធ្វើការ​ពី​ផ្ទះ​។

លិខិត​ពី​ GDT និង​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក គង់ វិបុល នៅ​ថ្ងៃទី​ ១៥ ខែមីនា បាន​លើកឡើង​ថា ដើម្បី​បន្ធូរបន្ថយ​បន្ទុក​របស់​អ្នក​ជាប់ពន្ធ​ក្នុង​ការបំពេញ​លិខិត​ប្រកាស​ពន្ធ GDT កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​អនឡាញ ដែល​រួមមាន​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ​ (E-Filling) ប្រព័ន្ធ​គ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ (TOI E-Filling) ប្រព័ន្ធ​ទូទាត់​ប្រាក់​ពន្ធ​តាម​អនឡាញ (E-Payment) ​និង​ប្រព័ន្ធ​ទទួល​លិខិត​ប្រកាស​ពន្ធ​តាម​សេវាកម្ម​អនឡាញ (E-Uploader) ដែល​ជឿជាក់​ថា ប្រព័ន្ធ​ទាំងនេះ​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​កូវីដ​១៩​។

លិខិត​នេះ​បាន​លើកឡើង​ថា​៖ «​ដោយបាន​ពិចារណា​ហេតុផល​ខាងលើ វា​ច្បាស់​ណាស់​ថា អ្នក​ជាប់ពន្ធ​មិន​តម្រូវ​ឱ្យ​ធ្វើ​ដំណើរ​មក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មន្ដ្រី​ពន្ធដារ​ដើម្បី​ដាក់​លិខិត​ប្រកាស​ពន្ធ​ទេ ហើយ GDT ប្រាកដថា ពេលវេលា​កំណត់​សម្រាប់​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​មិនត្រូវ​ពន្យារពេល​ទេ​»​។

«​អាស្រ័យ​ហេតុនេះ ក្នុង​គោលដៅ​ធានាបាន​នូវ​និរន្តរភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ ដើម្បី​គាំទ្រ​ដល់​ការចំណាយ​ចាំបាច់​នានា​របស់​រដ្ឋ និង​ធានា​នូវ​ស្ថិរភាព​នៃ​ការអនុវត្ត​ការងារ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ចៀសវាង​ហានិភ័យ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ GDT សូម​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​សមាជិកសភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា យកចិត្ត​ទុកដាក់​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​របស់ខ្លួន ដោយ​ប្រើប្រាស់​ប្រព័ន្ធ TOI E-Filing ជាជាង​ការ​មក​ធ្វើ​ការងារ​ជាមួយ​មន្ដ្រី​ពន្ធដារ ឬ​កាន់​លិខិត​ប្រកាស​ពន្ធ​មក​ដោយផ្ទាល់​ឱ្យបាន​ទាន់​ពេលវេលា​មុន​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ​ ២០២១ និង​សូម​ស្នើសុំ​ការយោគយល់​ចំពោះ​ការមិនអាច​ពន្យារពេល​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ជាទូទៅ​តាម​សំណើសុំ​បានទេ ព្រោះ​មាន​សហគ្រាស​មួយចំនួនធំ​បាន​រៀបចំ​រួចរាល់​នូវ​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ចំណូល​ប្រចាំ​ឆ្នាំនេះ​រួច​ហើយ​»​។ នេះ​បើ​យោងតាម​លិខិត​។

លោក Anthony Galliano ប្រធាន AmCham កាលពី​ថ្ងៃទី​ ១៧ បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​លោក​អគ្គនាយក GDT ដែល​បាន​ពិចារណា​ពី​ការបារម្ភ​របស់​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​ទាំង​ ៩ ​ភា្លមៗ និង​បាន​ឆ្លើយតប​យ៉ាង​រហ័ស​។

លោក​ថ្លែងថា​៖ «​នេះ​បង្ហាញ​ពី​ការចូលរួម​របស់​រដ្ឋ និង​វិស័យ​ឯកជន និង​បើកចំហ​ការពិភាក្សា​ហើយ​ក្នុងឱកាស​នេះ​មាន​ការសន្ទនា​ដែលមាន​លក្ខណៈ​ស្ថាបនា​។ ខ្ញុំ​ជឿថា ការឆ្លើយតប​នេះ​ល្អ​បំផុត​អាច​ត្រូវបាន​ហៅថា​ជា​ការអនុវត្ត​ជាក់ស្ដែង​ដល់​កម្រិត​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​រក្សា​ការប្រមូល​ពន្ធ​នៅពេល​នៃ​សម្ពាធ​ហិរញ្ញវត្ថុ និង​ច្បាស់​ណាស់​តាម​ចក្ខុវិស័យ​របស់ GDT ក្នុងនាម​ជា​ប្រភព​ការប្រមូល​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល គឺ​យើង​ពិតជា​មាន​ការយោគយល់​គ្នា​»​។

លោក​ពន្យល់ថា សភាពាណិជ្ជកម្ម​ទាំងអស់​បាន​ចង្អុល​បង្ហាញ​ពី​តម្លៃ ឬ​សារៈសំខាន់​របស់​ប្រព័ន្ធ E-filing និង​បាន​បង្កើតឡើង​ដោយ GDT ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​អ្នក​ជាប់ពន្ធ​។ លោក​បាន​ឱ្យដឹង​ទៀត​ថា លោក​នឹង​ជំរុញ​ឱ្យ​សមាជិក​របស់​លោក​ប្រើប្រាស់​ប្រព័ន្ធ e-filing ជា​យន្តការ​ការដាក់​លិខិត​ប្រកាស​ពន្ធ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿថា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើកឡើង​រួច​អស់ហើយ ដូច្នេះ​សភា​ពាណិជ្ជកម្ម​អាច​សង្ឃឹមថា នឹង​មាន​ការផ្លាស់​គំនិត ជាពិសេស​ប្រសិន​បើ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​»៕ LA