ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីប្រកាស​ដោយ​ធ្វើការ​ហាមឃាត់​ជនបរទេស​ដែល​មក​រស់នៅ​ក្នុង​ប្រទេស​ កម្ពុជា​ មិន​ឲ្យ​ប្រកបមុខរបរ​ផ្ទាល់​ខ្លួន​ម្នាក់ឯង​លើ​មុខរបរ ឬ​មុខងារ​ចំនួន ១០ ​ប្រភេទ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ការពារ​ទីផ្សារ និង​មុខរបរ​ជា​លក្ខណៈ​អាជីវកម្ម​តូចៗ ក្រៅ​ប្រព័ន្ធ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ការសម្រេច​នេះ​បាន​ធ្វើឲ្យ​មាន​ការសាទរ​ពី​តំណាង​សហជីព​មួយ​ចំនួន​។

សេចក្តី​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​កាលពី​ថ្ងៃទី​ ២៨ ខែ​ សីហា​ ម្សិលមិញ​បាន​ឲ្យ​ដឹងថា បាន​ធ្វើការ​ហាមឃាត់​សកម្មភាព​និយោជន៍​ដោយ​ជនបរទេស​នូវ​មុខរបរ និង​ការងារ​ដូច​ខាងក្រោម​ «១- ​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម​ជាអាទិ៍ អ្នក​បើក​ទោចក្រ​យានយន្ត អ្នកបើក​ត្រីចក្រយានយន្ត អ្នកបើក​ទោចក្រ​យានយន្ត​សណ្តោង​រ៉ឺម៉ក អ្នកបើក​ម៉ូតូ​កង់​ ៤ អ្នក​បើករថយន្ត​ដឹក​អ្នកដំណើរ និង​ដឹកទំនិញ ២- ​អ្នកលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ​នៅ​ទីសាធារណៈ ៣- អ្នក​ម៉ាស្សា​ចាប់​សរសៃ​តាម​ទីសាធារណៈ ៤- អ្នក​កាត់សក់ អ៊ុតសក់ និង​ថែរក្សា​សម្ផស្ស​»​។

ក្រៅពី​នេះ​គឺ​បាន​ហាមឃាត់​ជនបរទេស​មិន​ឱ្យ​ធ្វើ​អ្នក​ផ្តល់​សេវាកម្ម​ដេរ អ្នក​កាត់ដេរ សម្អាត​ស្បែកជើង អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ បាត្រ​លោក ព្រះពុទ្ធរូប និង​ជាងទង ជាង​ច្នៃត្បូង​ពេជ្រ​ផង​ដែរ​។

សេចក្តី​ប្រកាស​បញ្ជាក់​ដូច្នេះ​ថា​៖ «​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​មិន​ផ្តល់ ឬ​មិន​បន្ត​សុពលភាព ប័ណ្ណ​/ សៀវភៅ​ការងារ​ដល់​ជនបរទេស ដែល​កំពុង​ប្រកប​មុខរបរ និង​ការងារ​ដូច​មាន​កំណត់​ក្នុង​ប្រការ​ ២ នៃ​ប្រកាស​នេះ​។ ជន​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទប្បញ្ញត្តិ​នៃ​ប្រកាស​នេះ​ត្រូវ​ធ្វើ​ការពិន័យ​ជា​ប្រាក់ និង​ផ្តន្ទាទោស​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បទប្បញ្ញត្តិ​ជា​ធរមាន​»​។

លោក សៀង ថៃ ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មិន​អាច​ទាក់ទង​សុំ​ការអធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​។

ប៉ុន្តែ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ថា​ការសម្រេច​របស់​ក្រសួង​នេះ​គឺ​នឹង​ជួយ​ការពារ​មុខរបរ និង​ការងារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​បង្កើន​នូវ​ឱកាស​ការងារ​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅក្នុង​តំបន់​ដែល​ធ្លាប់​មាន​ជនបរទេស​ធ្វើ​សកម្មភាព​ស្វ័យ​និយោជន៍​ទាំង​ ១០ ​ប្រភេទ​។

លោក​បញ្ជាក់​៖ «...​ដូច្នេះ​អ្វី​ដែល​យើង​បាន​ចេញ​គឺជា​ពេលវេលា​សមស្រប បន្ទាប់ពី​បាន​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​»​។

លោក​ក៏​បាន​ការពារ​សេចក្តី​ប្រកាស​របស់​ក្រសួង​នេះ​ផងដែរ​ថា​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ និង​រំលោភ​ទៅលើ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ​នោះ​ទេ ដោយសារ​តែ​តំណាង​កម្មករ​និយោជិក​តំណាង​និយោជក​ហើយ​ភាគី​រាជរដ្ឋាភិបាល​បាន​ជួបពិភាក្សា និង​បានធ្វើ​ការពិនិត្យ​សេចក្តី​ប្រកាស​នេះ​យ៉ាង​ប្រុងប្រយ័ត្ន​ទាំង​ក្របខណ្ឌ​គតិយុត្ត​ផ្នែក​អន្តរជាតិ និង​តំបន់​ច្បាប់​ការងារ​ និង​ផ្អែកលើ​តម្រូវការ​ជាក់ស្តែង ដើម្បី​ចៀសវាង​ការចោទប្រកាន់​ការរើសអើង ពណ៌​សម្បុរ ជាតិសាសន៍​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា NACC បាន​ថ្លែង​ថា សេចក្តី​ប្រកាស​របស់​ក្រសួង​នឹង​ជួយ​ការពារ​នូវ​មុខរបរ​អាជីវកម្ម​ខ្នាតតូច​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ហើយ​ជនបរទេស​មិន​អាច​ដណ្តើម​ទីផ្សារ​របស់​ពួកគេ​បាន ដោយសារ​តែ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ធ្វើការ​ហាមឃាត់​ជនបរទេស​ទាំងនោះ​។

លោក​បញ្ជាក់​៖ «​សេចក្តី​ប្រកាស​នេះ​ដើម្បី​កុំ​ឲ្យ​ជនបរទេស​ធ្វើ​ការងារ​មួយ​ចំនួន​ដែល​ប៉ះពាល់​ទៅ​ដល់​ការងារ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដូចជា​ការលក់ដូរ​ ជាងកាត់សក់ អ្នករត់​តាក់ស៊ី អ្នក​ម៉ាស្សា​...​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស គាត់​ប្រកប​មុខរបរ​ទាំងអស់​ហ្នឹង​ទេ ដោយ​វា​អាច​ប៉ះពាល់​ដល់​មុខរបរ​ប្រជាពលរដ្ឋ​របស់​យើង​»​។

លោកស្រី​ កេន ​ឆេងឡាង អនុប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ក៏បាន​ស្វាគមន៍​នូវ​ការសម្រេច​របស់​ក្រសួង​ការងារ​ផងដែរ​ដោយ​ថ្លែងថា​នឹង​ជួយ​ការពារ​មុខរបរ​របស់​ពលរដ្ឋ​ខ្មែរ តែ​លោកស្រី​ក៏​បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​អំពី​ប្រសិទ្ធភាព​នៃ​អនុវត្ត​ច្បាប់​ជាក់ស្តែង​ដោយសារ​តែ​ការយល់ដឹង​របស់​សមត្ថកិច្ច​មួយចំនួន​នៅ​មាន​កម្រិត​។

លោកស្រី​បញ្ជាក់​៖ «​សេចក្តី​ប្រកាស​នេះ​គឺ​ដើម្បី​ហាមឃាត់​រាល់​ជនបរទេស​ទាំងអស់ មិន​ឲ្យ​រកស៊ី​ផ្ទាល់​ខ្លួន​ក្នុង​ចំណោម​មុខរបរ​ទាំង​ ១០ ដូច្នេះ​មិន​ថា ចិន វៀតណាម ឬ​ឥណ្ឌា​ទេ លែង​រកស៊ី​បាន​ទៀត​ហើយ​ដូចជា​ឥណ្ឌា​ដើរ​លក់​មុង ដោយសារ​តែ​ពេល​ប្រកាស​នេះ​ពួកគេ​នឹង​ត្រូវ​បាន​ហាមឃាត់​»​។

លោក​ វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​បាន​ថ្លែង​ថា​ការសម្រេច​របស់​ក្រសួង​ការងារ​នេះ​ហាក់​មាន​ភាពយឺតយ៉ាវ​ដែល​បាន​ធ្វើឲ្យ​ជនបរទេស​មួយ​ចំនួន​បាន​ដណ្តើម​ការងារ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មូលដ្ឋាន​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​។

ប៉ុន្តែ​លោក​បញ្ជាក់​ថា​៖ «​វា​មិនទាន់​ហួសពេល​ទេ ដោយសារ​តែ​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​នៅ​ខេត្ត​ព្រះសីហនុ ជនជាតិ​ចិន​បាន​ដណ្តើម​ទីផ្សារ​ពី​អ្នក​ប្រកបមុខរបរ ក្រៅ​ប្រព័ន្ធ​ដូចជា​លក់​ចំណី​អាហារ អ្នករត់កង​ ៣ និង​តាក់ស៊ី​អ្នក​កាត់សក់ ដែល​ធ្វើឲ្យ​ពួកយើង​បាត់ប្រាក់​ចំណូល​...​យើង​សាទរ​ចំពោះ​សេចក្តី​ប្រកាស​នេះ​»៕