ភ្នំពេញៈ ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក (KNPG Investment) ​បាន​ទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុងការ​វិនិយោគ​លើ​អាជីវកម្ម​រ៉ែ​ខ្សាច់​ស្រុក​គិរីសាគរ ខេត្ត​កោះកុង​។

ការទទួល​សិទ្ធិ​អាជីវកម្ម​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់ស​បន្ត​ពី​ក្រុមហ៊ុន SIBELCO (Cambodia) Company Limited​។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​ ១៣ ឧសភា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​ដំណើរការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​សម្រាប់​គម្រោង​អាជីវកម្ម​រ៉ែ​ខ្សាច់ស ស្ថិតក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ​របស់​ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន តាម​អនឡាញ​។

លោក ភ័ក្ត្រា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​ការស្តាប់​របាយការណ៍ និង​បទ​បង្ហាញ​របស់​តំណាង​ក្រុមហ៊ុន​ឃើញ​ថា គម្រោង​អាជីវកម្ម​រ៉ែខ្សាច់ស​នេះ​ជា​គម្រោង​អាជីវកម្ម​ចាស់​ដែល​ក្រុមហ៊ុន​បានទទួល​សិទ្ធិ​បន្ត​ពី SIBELCO​។

លោក​ឱ្យដឹងទៀតថា គម្រោង​នេះ​មិនមាន​ផលប៉ះពាល់​ច្រើន​នោះទេ ប៉ុន្តែ​រដ្ឋបាលខេត្ត​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សិក្សា​ឱ្យបាន​ច្បាស់​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ការគ្រប់គ្រង​សំរាម និង​កាកសំណល់​រឹង​ឱ្យបាន​ត្រឹមត្រូវ​។

លោក​និយាយ​ថា​៖ «​យើង​សូម​ចូលរួម​ថែរក្សា​បរិស្ថាន ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​នៅក្នុង និង​ក្បែរ​ទីតាំង​គម្រោង​វិនិយោគ ហើយ​រាល់​ការសាងសង់ និង​អនុវត្ត​គម្រោង​អាជីវកម្ម​រ៉ែ​ខ្សាច់ស របស់​ក្រុមហ៊ុន​ត្រូវគោរព​តាម​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល ក្រសួង​បរិស្ថាន និង​លិខិតបទដ្ឋាន​នានា​ដែល​បាន​អនុញ្ញាត​ជូន​ក្រុមហ៊ុន​»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) កាលពី​ខែមេសា ឆ្នាំ​ ២០២០ បាន​អនុម័ត​គម្រោង​វិនិយោគ​រោងចក្រ​កែច្នៃ ខ្សាច់​សមាន​តម្លៃ ៦ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ដែល​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ស្ថិត​ក្នុង​ឃុំ​ព្រែកសណ្ដរ ស្រុក​គិរីសាគរ ខេត្ត​កោះកុង​។

លោក យស់ មុនីរ៉ាត់ អគ្គនាយក​នៃ​នាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃអាទិត្យ​ថា ក្រសួង​រ៉ែ និង​ថាមពល បានសម្រេច​បន្ត​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​នេះ ហើយ​សព្វថ្ងៃ​ក្រុមហ៊ុន​កំពុងតែ​រៀបចំ​ទីតាំង​សង់រោង​ចក្រ​កែច្នៃ​ខ្សាច់ស​។

លោក​ថ្លែងថា​៖ «​អាជីវកម្ម​នេះ យើង​មិនឱ្យ​នាំចេញ​ខ្សាច់​ស​ទៅ​ក្រៅ​ប្រទេស​ទេ យើង​ចង់ឱ្យ​មាន​ការកែច្នៃ​ក្នុង​ស្រុក​ទៅជា​ផលិតផល​សម្រេច​តាម​គម្រោង​គេ​បង្កើត​រោងចក្រ​កញ្ចក់​។ ការបង្កើត​រោងចក្រ​នេះ​នឹង​ជួយ​បង្កើន​តម្លៃបន្ថែម​ជា​ជាង​យើង​នាំចេញ​វត្ថុធាតុដើម ហើយ​វា​ក៏​នឹង​បង្កើត​ការងារ​មួយចំនួន​ក្នុង​ស្រុក​បន្ថែមទៀត​»​។

កាលពី​ដើមឆ្នាំ​ ២០២១ ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​ដេញថ្លៃ​ទីតាំង​អាជីវកម្ម​ល្បាយខ្សាច់​សមុទ្រ​ចំនួន ៧ ទីតាំង​ក្នុង​ខេត្តកោះកុង និង​ព្រះសីហនុ​ដែលមាន​ទំហំ​ជាង ២ ០០០ ​ហិកតា​។

បច្ចុប្បន្ន ក្រសួង​រ៉ែ និង​ថាមពល​បាន​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​សរុប​ជាង ១០០ ​អាជ្ញាប័ណ្ណ​នៅ​ទូទាំង​ប្រទេស​។ ក្នុង​ឆ្នាំ ​២០១៩ កម្ពុជា​រក​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ប្រមាណ ២១ ​លាន​ដុល្លារ​កើន​ជាង ៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ប្រមាណ ២០ ​លាន​ដុល្លារ​។ នេះ​បើតាម​លោក មុនីរ៉ាត់​៕