ភ្នំពេញៈ ស្ថានទូតនានានៅកម្ពុជាកំពុងស្វះស្វែងជួយដល់ពលរដ្ឋរបស់ខ្លួនឲ្យបានចេញពីកម្ពុជា ខណៈដែលក្រុមហ៊ុនហោះហើរបានលុបចោលជើងហោះហើរ ហើយការរឹតបន្តឹងការធ្វើដំណើរចូលកម្ពុជាបានចូលជាធរមាន នៅពេលដែលកម្ពុជាកំពុងរៀបចំច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារជំងឺកូវីដ ១៩។
ស្ថានទូតអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យបានរៀបចំជើងហោះហើរចំនួន ២ ដោយបានដឹកអ្នកដំណើរសរុប ៤៤៦ នាក់ទៅប្រទេសអាល្លឺម៉ង់។ ក្នុងចំនួននេះរួមមានជនជាតិអាល្លឺម៉ង់ ៣០២ នាក់ បែលហ្ស៊ិក ៣២ រូម៉ានី ២១ នាក់ស្វ៊ីស ៦ នាក់ និងជនជាតិផ្សេងទៀតដែលរស់នៅអចិន្រៃ្តយ៍នៅអាល្លឺម៉ង់។ ប៉ុន្តែអាល្លឺម៉ង់មិនមានគម្រោងរៀបចំយន្តហោះដើម្បីធ្វើមាតុភូមិនិវត្តន៍បន្តទៀតទេ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យស្ថានទូតអាល្លឺម៉ង់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានជួបជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដោយលោកស្នើសុំឲ្យកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងការបរទេសយោគយល់ដល់ពលរដ្ឋអាមេរិកាំងទាំងអស់នៅកម្ពុជាដែលទិដ្ឋាការរបស់ពួកគេផុតកំណត់។
លោកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិកថ្លែងថា ក្រសួងការបរទេសអាមេរិកបានប្រាប់ប្រជាពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃទី ១៩ ខែមីនា មិនឲ្យធ្វើដំណើរលក្ខណៈអន្តរជាតិ។ លោកស្រីថា ពួកគេគួរប្រញាប់ត្រឡប់ទៅវិញតាមជើងហោះហើរពាណិជ្ជកម្ម ហើយមិនត្រូវរង់ចាំការជម្លៀសតាមយន្តហោះរបស់រដ្ឋាភិបាលទេ ព្រោះកម្ពុជាមិនស្ថិតក្នុងតារាងអាទិភាព សម្រាប់ពលរដ្ឋអាមេរិកកាំងទេ។
ចំណែកស្ថានទូតអង់គ្លេសប្រចាំកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា បច្ចុប្បន្ននេះមានពលរដ្ឋពីចក្រភពអង់គ្លេសប្រមាណ ២៥០ នាក់កំពុងស្ថិតនៅកម្ពុជា ដោយសារតែជើងហោះហើរចេញពីភ្នំពេញត្រូវបានលុបចោល ដោយមានការជូនដំណឹងខ្លីបំផុត។
លោកស្រី វុទ្ធី សុកញ្ញា អ្នកនាំពាក្យស្ថានទូតអង់គ្លេសបានថ្លែងប្រាប់តាមអ៊ីមែលកាលពីថ្ងៃអង្គារថា៖ «យើងបានជំរុញឲ្យក្រុមហ៊ុនហោះហើរបន្ថែមលទ្ធភាពដឹកសម្រាប់ជើងហោះហើរណាដែលនៅមាន ដូចជាក្រុមហ៊ុន Qatar Airways នៅមានការហោះហើរទេកាលពីថ្ងៃអង្គារ ហើយយប់ថ្ងៃអង្គារក៏មានដែរហើយឲ្យពួកគេបន្តហោះហើរទៀត។ ទោះយ៉ាងណាក្រុមហ៊ុនហោះហើរគឺជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មបើសិនជាពួកគេគ្មានអ្នកជិះមកទេដោយសារតែការរឹតបន្តឹងការចូលមកកម្ពុជានោះ ពួកគេនឹងសន្មតថា ពួកគេមិនអាចដំណើរការហោះហើរបានទេ»។
លោកស្រីបន្តថា សា្ថនទូតអង់គ្លេសកំពុងធ្វើការជាមួយក្រុមហ៊ុនហោះហើរដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យរៀបចំការហោះហើរពិសេស ដើម្បីមកទទួលពលរដ្ឋចក្រភពអង់គ្លេសពីកម្ពុជា។ ស្ថានទូតក៏បានស្នើទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដោយស្នើឲ្យពន្យារទិដ្ឋាការដោយស្វ័យប្រវត្តិ ដោយសារតែអ្នកដំណើរជាច្រើនបារម្ភអំពីការរស់នៅកម្ពុជាដោយផុតសុពលភាព។
កម្ពុជាកំពុងរៀបចំបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។ កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំការប្រជុំ ដើម្បីពិនិត្យលើខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នេះមុននឹងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនឹងអនុម័តច្បាប់នេះនៅថ្ងៃសុក្រ។
ក្រសួងការបរទេសកាលពីសប្ដាហ៍មុនបានចេញសេចក្ដីជូនដំណឹងអំពីការរឹតបន្តឹងការធ្វើដំណើរសម្រាប់ជនបរទេសដែលមានបំណងចូលមកកម្ពុជា ដោយការរឹតបន្តឹងនោះបានចូលជាធរមានកាលពីយប់ថ្ងៃចន្ទ។ វិធានការនេះរួមមានផ្អាកគោលការណ៍លើកលែងទិដ្ឋាការតម្រូវឲ្យជនបរទេសមានលិខិតធានាសុខភាពដែលបញ្ជាក់ថាគ្មានជំងឺកូវីដ១៩ និងមានទឹកប្រាក់ធានារ៉ាប់រង ៥ ម៉ឺនដុល្លារ និងត្រូវនៅដាច់ដោយឡែកពេលមកដល់។
កាលពីថ្ងៃអង្គារម្សិលមិញរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានរំឭកដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិអំពីបម្រាមនេះព្រមទាំងបានបន្ថែមលក្ខខណ្ឌមួយចំនួនទៀត។ លក្ខខណ្ឌនោះគឺមិនអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយដឹកជនបរទេសដែលមានជំងឺកូវីដ ១៩ ដាច់ខាត។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានសរសេរថា៖ «បើសិនជាមានករណីបែបនេះកើតឡើង ក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការនាំយកអ្នកដំណើររូបនោះត្រឡប់ទៅកាន់គោលដៅដើមរបស់គាត់វិញ»។ ទោះយ៉ាងណាគោលការណ៍រឹតបន្តឹងការធ្វើដំណើរមិនត្រូវបានអនុវត្តសម្រាប់បុគ្គលិកក្រុមហ៊ុនទេ។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ថ្លែងពីម្សិលមិញថា ក្រសួងទេសចរណ៍មិនមានសមត្ថកិច្ចលើការដោះស្រាយផ្នែកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរទេ។ ក្រសួងក៏មិនមានតួលេខចំនួនភ្ញៀវដែលនៅកម្ពុជាដែរ។
លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងពីម្សិលមិញថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃរួចហើយ។ លោកស្នើឲ្យទាក់ទងទៅលោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែលោក វណ្ណថន មិនអាចទាក់ទងបានទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថាប្រទេសនានាកំពុងប្រឈមនឹងសត្រូវរួមគឺកូវីដ១៩។ ដូច្នេះបញ្ហានានារឿងនយោបាយ គួរទុកមួយឡែកហើយយកឱកាសនេះបង្ហាញការរួបរួមសហការគ្នា។
គិតត្រឹមថ្ងៃអង្គារម្សិលមិញកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៩ នាក់ដោយមានអ្នកឆ្លងថ្មីចំនួន ២ នាក់ទៀតគឺម្ដាយ និងកូននៅខេត្តសៀមរាប។ អ្នកទាំង ២ បានឆ្លងពីបុរសជាស្វាមី និងឪពុកដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈ៕
វីដេអូ៖