ភ្នំពេញ: ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឱ្យ​អាជីវករ​ប្តូរប្រាក់​ដែល​មាន​អាជ្ញាប័ណ្ណ គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​ចូលរួម​ក្នុង​ការដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​ ៥០ ​លាន​ដុល្លារ ​ក្នុង​គោលបំណង​ធ្វើឱ្យ​មាន​ស្ថិរភាព​រូបិយប័ណ្ណ​ប្រាក់រៀល និង រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។

សេចក្ដី​ប្រកាស​បានឱ្យដឹង​ថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​សូម​ជូនដំណឹង​ដល់​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់​ដែល​មាន​អាជ្ញាប័ណ្ណ​ទាំងអស់​ជ្រាប​ថា ដើម្បី​រក្សា​ស្ថិរភាព​ដល់​អត្រា​ប្តូរប្រាក់​រៀល​នៅលើ​ទីផ្សារ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ដាក់ឱ្យ​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​ ៥០ ​លាន​ដុល្លារ​នៅ​សប្ដាហ៍​នេះ​។ ចំពោះ​តម្លៃ​ដេញថ្លៃ​អប្បបរមា​នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​នៃ​ថ្ងៃ​ដេញថ្លៃ​ជាក់ស្តែង​»​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ថា ដោយ​សង្កេតឃើញ​ថា ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ ១៩ តម្លៃ​រូបិយវត្ថុ​ភាគច្រើន​ក្នុង​តំបន់​បាន​ប្រែប្រួល ដោយសារ​ការថយចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​បាន​ទទួល​រង​ការថយ​ថ្លៃ​គួរឱ្យ​កត់សម្គាល់ ដែល​ក្នុង​នោះ​ប្រាក់រៀល​ក៏​ទទួល​សម្ពាធ​នេះ​ផងដែរ ទោះ​ជា​ការថយ​ថ្លៃ​នេះ​មាន​កម្រិត​ទាប​ក៏ដោយ​។

លោកស្រី​ថា​៖ «​ជាក់ស្តែង អត្រា​ប្តូរ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅក្នុង​ឆ្នាំ​ ២០២០ នេះ បាន​ប្រែប្រួល​ខុសពី​បណ្តា​ឆ្នាំមុនៗ​។ ក្នុង​គោលដៅ​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការពង្រឹង​អំណាច​ទិញ​នៃ​ប្រាក់រៀល​ដែល​នឹង​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​ឱ្យ​នៅ​កម្រិត​ទាប និង​ពង្រឹង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​សម្រេច​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ដោយ​ប្រកាស​ដាក់​ដេញថ្លៃ​លក់​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​ ៥០ ​លាន​ដុល្លារ​អាមេរិក​»​។

លោកស្រី​ថា ការដាក់​ដេញថ្លៃ​លក់​ប្រាក់​ដុល្លារ​អាមេរិក​នេះ​នឹងមាន​ការចូលរួម​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់​។

លោក Anthony Galliano អគ្គនាយក Cambodia Investment Management បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការធ្វើ​អន្តរាគមន៍​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ពង្រឹង​ប្រាក់រៀល​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។

លោក​ថ្លែងថា​៖ «​ការធ្វើ​អន្តរាគមន៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​លើ​ទីផ្សារ​រូបិយប័ណ្ណ ប្រហែល​ជា​ជាប់ទាក់ទង​នឹង​ការកើនឡើង​តម្លៃ​ប្រាក់​ដុល្លារ​នៅ​ពេល​ថ្មីៗ​ធៀប​នឹង​ប្រាក់រៀល​ខ្មែរ ដែល​នៅពេលនេះ​មានតម្លៃ​លើសពី​ ៤១០០ ​រៀល​។ គំនិត​ផ្តួចផ្ដើម​ការបង្កើន​ការប្រើប្រាស់​ប្រាក់រៀល​យុទ្ធសាស្ដ្រ​នេះ សម្រាប់​ប្រតិបត្តិការ​នៅក្នុង​សេដ្ឋកិច្ច​មាន​ន័យ​ថា តម្លៃ​ប្រាក់រៀល​កាន់តែ​ខ្ពស់​នឹងត្រូវ​ការសម្រាប់​ការទិញ​ដែល​មាន​មូលដ្ឋាន​លើ​ប្រាក់​ដុល្លារ​អាមេរិក ប្រសិន​បើ​ប្រាក់រៀល​ធ្លាក់​ថ្លៃ​»​។

លោក​បាន​ពន្យល់ថា ដោយសារ​តែ​ប្រាក់រៀល​ខ្មែរ​ប្តូរ​ជា​ប្រាក់​ដុល្លារ​មាន​តម្លៃ​កាន់តែ​ខ្ពស់ ប្រសិន​បើ​តម្លៃ​ប្រាក់រៀល​ចុះខ្សោយ ដែល​បណ្ដាល​ឱ្យ​មាន​អតិផរណា​ធៀប​នឹង​ប្រាក់រៀល​។ ទោះយ៉ាងណា​លោក​បាន​ឱ្យ​ដឹងថា ការធ្លាក់​ថ្លៃ​នៅ​ត្រង់​ចំណុច​នេះ​មិនមាន​ការបារម្ភ​នោះទេ និង​ស្ថិត​នៅក្នុង​ការជួញដូរ​ធម្មតា​។

លោក​ថ្លែងថា​៖ «​ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ក្រដាស​ប្រាក់រៀល​ជំនួស​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​ ១ ​ដុល្លារ និង​ ៥ ​ដុល្លារ​ការកើនឡើង​តម្លៃ​ប្រាក់​ដុល្លារ​អាច​ធ្វើ​ឱ្យ​អតិថិជន​មិន​ប្រើប្រាស់ ប្រសិន​បើ​ប្រាក់​ដុល្លារ​ត្រូវបាន​គេ​ដឹងថា ជា​រូបិយប័ណ្ណ​មានតម្លៃ​កាន់តែ​ខ្ពស់​»​។

លោក​បន្តថា​៖ «​ការដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា គួរតែ​មាន​ប្រសិទ្ធភាព​ក្នុង​ការពង្រឹង​ប្រាក់រៀល ដោយសារ​តែ​ទីផ្សារ​សម្រាប់​ប្រាក់រៀល​មិន​ស៊ីជម្រៅ​នោះទេ ហើយ​តាម​ការពិត មិនមែន​ជា​រូបិយប័ណ្ណ​ដែល​ជួញដូរ​ជា​អន្តរជាតិ​បើកចំហ​ដល់​ក្រុម​អ្នក​កេងចំណេញ​នោះទេ​»៕ LA

វីដេអូ