ភ្នំពេញៈ រាជរដ្ឋាភិបាល​របស់​ជប៉ុន​បាន​សម្រេច​ផ្តល់​ថវិកា​ជិត​ ២៩ ​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​ជា​ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​ (​ជំនួយ​​គូសាណូណិ​) ​ដល់​អង្គភាព​ចំនួន​ ៣ ​ផ្សេង​គ្នា​នៅ​កម្ពុជា​​សម្រាប់​យកមក​អនុវត្ត​គម្រោង​នៅក្នុង​អង្គភាព​ទាំងនោះ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​​ថា​ថវិកា​សរុប​ចំនួន​ ២៨៨ ៤៧៣ ​ដុល្លារ​អាមេរិក ​ត្រូវ​បាន​ផ្តល់ជូន​អង្គភាព​ចំនួន​ ៣ ក្នុងនោះ​មាន ការិយាល័យ​ស្រុក​ប្រតិបត្តិ​ព្រៃកប្បាស អង្គការ​គ្រួសារ​ថ្មី និង​អង្គការ​សុខភាព​ត្រចៀក​នៅ​កម្ពុជា សម្រាប់​​អនុវត្ត​គម្រោង​ចំនួន​ ៣​។

បើ​តាម​សេចក្ដី​ប្រកាស​នេះ​គម្រោង​ទី​១ គឺ​សម្រាប់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ព្រៃកប្បាស​ដែល​ត្រូវ​បំពាក់​ឧបករណ៍​ពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​អង្គរបុរី​ខេត្តតាកែវ ដែល​មាន​ថវិកា​ចំនួន​ ៨៧ ៩០០ ​ដុល្លារ​អាមេរិក​ ដោយ​គម្រោង​នេះ​មាន​ម៉ាស៊ីន​​កាំរស្មី​អ៊ិច​ ១ ​គ្រឿង ម៉ាស៊ីន​ថត​ឆ្លុះ​អេកូ​ ១ ​គ្រឿង និង​ម៉ាស៊ីនភ្លើង​ ១ ​គ្រឿង​។ ​បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​គឺ​មិនមាន​លទ្ធភាព​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​អ្នកជំងឺ​ឱ្យ​​បាន​គ្រប់គ្រាន់ ដោយសារ​តែ​កង្វះ​ឧបករណ៍​។ តាមរយៈ​ជំនួយ​នេះ អ្នកជំងឺ​ប្រមាណ​ ១ ៥០០ ​នាក់​ នឹង​ទទួលបាន​សេវា​វេជ្ជសាស្ត្រ​ដែលមាន​ភាពប្រសើរ​ឡើងជា​រៀងរាល់​ឆ្នាំ​។

ចំពោះ​គម្រោង​ទី​២ សម្រាប់​អង្គការ​គ្រួសារ​ថ្មី​ជា​គម្រោង​ដែល​ត្រូវ​បំពាក់​ម៉ាស៊ីន​បោះពុម្ពអក្សរ​ប្រៃយ៍​ចំនួន​ ៤ និង​ឧបករណ៍​ថត​សំឡេង​ចំនួន​ ៤ ​នៅ​សាលា​ពិសេស​នា​រាជធានី-ភ្នំពេញ និង​ខេត្ត​ចំនួន​ ៣ រួមមាន​ខេត្ត​កំពង់ចាម ខេត្ត​សៀមរាប​ និង​ខេត្តបាត់ដំបង​មាន​ថវិកា​ជំនួន​ចំនួន ៩៦ ៧២៦ ​ដុល្លារ​អាមេរិក​។ ​គម្រោង​នេះ​ត្រូវបាន​រំពឹងថា​នឹង​ជួយ​ដល់​សិស្ស និង​គ្រូ​ជាង​ ២១០ ​នាក់ ​តាមរយៈ​ការកែលម្អ​បរិយាកាស​សិក្សា​។

ចំណែក​គម្រោង​ទី​៣ ​គឺ​សម្រាប់​​អង្គការ​សុខភាព​ត្រចៀក​នៅ​កម្ពុជា​ដែល​ត្រូវ​ដំឡើង​ឧបករណ៍​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ការស្តាប់ឮ និង​ពង្រឹង​សេវា​ព្យាបាល​ការទំនាក់ទំនង​សម្រាប់​កុមារ​នៅ​ភ្នំពេញ​ និង​តាម​គ្លីនិក​ចល័ត​របស់​អង្គការ​នេះ​នៅក្នុង​ខេត្ត​ចំនួន​ ៦ ​ផ្សេងទៀត ដែល​មាន​ថវិកា​ចំនួន ១០៣ ៨៤៧ ​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​មាន​គោលបំណង​ដើម្បី​ធានា​នូវ​ការ​ស្តាប់ និង​ការស្តារ​នីតិសម្បទា​ផ្នែក​វេជ្ជសាស្ត្រ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ​ជា​លទ្ធផល​មនុស្ស​ជាង ៤ ៥០០ ​នាក់​ដែល​នឹង​មក​គ្លីនិក ហើយ​អ្នកជំងឺ​ ៣ ០០០ ​នាក់​នៅ​គ្លីនិក​ចល័ត​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​នេះ​ស្ថិត​ក្រោម​​អធិបតី​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​។ នៅក្នុង​ពិធី​នោះ​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​ថ្លែងថា ចាប់​តាំងពី​ឆ្នាំ​ ១៩៩១ បន្ថែម​លើ​គម្រោង​ឥណទាន​សម្បទាន និង​ជំនួយ​ឥតសំណង​ខ្នាត​ធំ រដ្ឋាភិបាល​ជប៉ុន​បាននិង​កំពុង​អនុវត្ត​កម្មវិធី​ KUSANONE ​នៅ​កម្ពុជា​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការអនុវត្ត​គម្រោង​របស់​ពួកគាត់​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​សង្កេតឃើញ​ថា​នាពេល​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​ បាននិង​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ទោះជា​យ៉ាងណា​ក៏ដោយ ខ្ញុំ​ក៏​ទទួលស្គាល់​ថា នៅតែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​»​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​បន្ថែមថា ប្រទេស​ជប៉ុន​នឹង​បន្ត​ចូលរួម​ចំណែក​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​តាមរយៈ​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ផ្សេងៗ​រួមទាំង​គម្រោង «​គូសាណូណិ»​។

ក្នុង​រយៈពេល​ ២៩ ​ឆ្នាំ​ចុងក្រោយ​នេះ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ និង​​កំពុងផ្តល់​ជំនួយ​ច្រើន​ជាង​ ៦០០ ​គម្រោង​តាមរយៈ​ជំនួយ​ឥត​សំណង KUSANONE៕