ភ្នំពេញៈ ជន​ ២ ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ ៧ ​ឆ្នាំ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ១៤ ​វិច្ឆិកា​ពី​បទ​ឆបោក​ពាក់ព័ន្ធ​នឹង​ការរកស៊ី​ទិញ-លក់​ដី ដែល​ពុំ​មាន​ដី​ពិតប្រាកដ​កាលពី​ឆ្នាំ ២០១៥​ ដែល​មាន​ដើមបណ្តឹង​​ ១២ ​នាក់​។

លោក ចៅក្រម កូយ សៅ បាន​អាន​សាលក្រម​នៅ​ចំពោះមុខ​ជនជាប់ចោទ​ទាំង​ ២ ​នាក់​ថា​សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ អ៊ួច សៀកឡេង និង​ប្រពន្ធ​ឈ្មោះ ជៀម ច័ន្ទបូរមី​។

លោក​បន្តថា ក្រោយពី​បាន​ស្តាប់​ការសន្និដ្ឋាន​របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ និង​ក្រោយពី​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​អយ្យការ និង​ក្រោយពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ពិភាក្សា​យ៉ាង​យកចិត្ត​ទុកដាក់​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​សម្រេច​ផ្តន្ទាទោស​ឲ្យ​ជនជាប់ចោទ​ទាំង ២ ​នាក់​ ជាប់ពន្ធនាគារ​ម្នាក់ៗ​ ៧ ​ឆ្នាំ​ ចោទ​បទ​ក្លែង​ឯកសារ​សាធារណៈ​ឆបោក​ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​តាម​មាត្រា​ ៦២៩, មាត្រា ៦៣០ ​និង​មាត្រា ៣៧៧ នៃ​ក្រមព្រហ្មទណ្ឌ និង បង្គាប់​ឲ្យ​សង​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ១២ ​នាក់ ​ដែល​ក្នុង​ម្នាក់ៗ ខ្លះ​ត្រូវ​សង ៣ ៩៥០ ដុល្លារ ខ្លះ​ត្រូវ ៥១ ៣០០ ​ដុល្លារ​ ដែល​សរុប​ជាង ១ ​លាន​ដុល្លារ ។

លោក កូយ សៅ បាន​ប្រាប់​ទៅ​ជនជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​ថា​៖ «​ចំពោះ​ជន​ជាប់ចោទ​ទាំង​ ២ ​នាក់ ​បើ​មិន​សុខ​ចិត្ត​នឹង​ទណ្ឌកម្ម​ទោស​នេះ គឺ​តុលាការ​ផ្តល់​សិទ្ធិ​ឲ្យ​ប្តឹងទៅ​សាលាឧទ្ធរណ៍​បានគិត​ចាប់​ពី​ថ្ងៃ​ប្រកាស សាលក្រម ១ ​ខែ​»​។

ភ្លាមៗ​បន្ទាប់ពី​ចៅក្រម​ប្រកាស​សាលក្រម​ពាក់ព័ន្ធ​នឹង​ការផ្តន្ទាទោស​នេះ ស្ត្រី​ជាប់ចោទ​ជៀម ច័ន្ទបូរមី បាន​ស្រែក​ខ្លាំងៗ​នៅក្នុង​បន្ទប់​សវនាការ​ថា​៖ «​អ្នក​ម្ចាស់​លុយ​ត្រូវ​ជាប់គុក រីឯ អ្នក​ខ្ចីលុយ​ត្រូវ​ប្តឹង​ឲ្យ​ម្ចាស់​លុយ​ជាប់គុក​ទៅវិញ​។ ខ្ញុំ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ​ទេ ហើយ​ខ្ញុំ​នឹង​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត​»​។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ទួន ស្រេង ដែល​អះអាង​ថា​ជា​អ្នករងគ្រោះ​ និង​តំណាង​ឲ្យ​ជនរងគ្រោះ ១១ ​នាក់​ថ្លែងថា ពួកគាត់​ត្រេកអរ​នៅពេល​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ជន​ទាំង​ ២ ​នាក់​ឲ្យ​ជាប់គុក​ម្នាក់ៗ​ ៧ ​ឆ្នាំ​។ «​តុលាការ​បាន​ផ្តល់​យុត្តិធម៌​ដល់​ពួកខ្ញុំ​ត្រឹមត្រូវ​ណាស់​ពួក​ខ្ញុំ​អរគុណ​ដល់​តុលាការ​ហើយ​»​។

អ្នកស្រី ស្រេង ​បន្ត​ថា​អ្នកស្រី​ចាញ់បោក​ស្ត្រី​ ២ ​នាក់​ប្តី​ប្រពន្ធ​នេះ​ អស់ប្រាក់​ជាង​ ៤ ​ម៉ឺន​ដុល្លារ​។ អ្នកស្រី​បាន​រៀបរាប់​ថា​កាលពី​ឆ្នាំ ២០១៥ ជន​ជាប់ចោទ​ទាំង​ ២ ​នាក់​ បាន​ទាក់ទង​ជាមួយ​អ្នកស្រី​ថា បើ​មាន​លុយ​ដាក់ទុន​ជាមួយ​គេ ដើម្បី​រកស៊ី​ទិញ​ដី​នៅ​ស្រុក​អន្លង់វែង ហើយ​មុនដំបូង​ដាក់​តែ ៤ ​ពាន់​ដុល្លារ​សិន​ទៅ ​បន្ទាប់​មក​ស្ត្រី​ជាប់ចោទ​បង្គាប់​ឲ្យ​អ្នកស្រី​ដាក់​លុយ​បន្ថែមទៀត ដែល​លុយ​ខ្លះ អ្នកស្រី​ត្រូវ​ខ្ចី​ចងការប្រាក់​គេ​ទៀត​រួម​ទាំងអស់​សរុប ៤ ៥០០០ ​ដុល្លារ​។

ដោយសារ​តែ​ក្រុម​អ្នកស្រី​ទាំង ១២ ​នាក់ ​ឲ្យ​លុយ​ទៅ​ស្ត្រី​ជាប់ចោទ​ហើយ​ស្ងាត់​គ្មាន​ដំណឹង​ពី​ស្ត្រី​ជាប់ចោទ​នោះ​ក្រុម​អ្នកស្រី​ក៏​នាំគ្នា​សួរ​ស្ត្រី​ជាប់ចោទ​ហើយ​គេ​ឆ្លើយថា​៖ «​ដី​ដែល​ទិញ​នោះ​ខាង​ក្រុមហ៊ុន​ចិន​គេ​ទិញ​ហើយ​ចាំតែ​យកលុយ​ចំណេញ​ទៅ​ព្រោះ​ដី​នោះ​មាន​រ៉ែ​»​។

អ្នកស្រី​បន្តថា បន្ទាប់ពី​ឮ​ស្ត្រី​ជាប់ចោទ​ប្រាប់​ដូចនេះ​ក្រុម​អ្នកស្រី​ចេះតែ​រង់ចាំ​ក្រែង​ថា ស្ត្រី​ជាប់ចោទ​ប្រាប់​ការពិត​ប៉ុន្តែ​ពេល​ក្រុម​អ្នកស្រី​ចេះតែ​ដេញដោល​សួរ​ពេក ស្ត្រី​ឈ្មោះ ច័ន្ទ បូរមី រូបនេះ​ប្រាប់​ថា​លុយ​គេ​ផ្ញើ​ពី​ប្រទេស​សាំងហ្គាពួរ​ឲ្យ​ហើយ​តែ​លុយ​នោះ​ចាយ​មិនទាន់​បានទេ ចាំ​គេ​លាង​សិន ចាំ​ទៅ​បើក​នៅ​សាំងហ្គាពួរ​វិញ ហើយ​បើ​គាត់​ (​ជៀម ច័ន្ទបូរមី ) ​បើក​បាន​គាត់​ផ្ញើ​ឲ្យ​ហើយ​។

ក្រោយមក​ស្ត្រី​ជាប់ចោទ​ប្រាប់​ក្រុម​អ្នកស្រី​ថា​លុយ​ដែល​បាន​ពី​ការលក់​ដី​ចំនួន​ ២៨ ០០០ ហិកតា​នោះ​ ត្រូវគេ​ផ្ញើ​ទៅ​ប្រទេស​សិង្ហបុរី​ហើយ ដូច្នេះ​ស្ត្រី​ជាប់ចោទ​បាន​ឲ្យ​តំណាង​ក្នុង​ក្រុម​របស់​អ្នកស្រី​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​បើក​លុយ តែ​ពេលទៅ​ដល់​ប្រទេស​ សិង្ហបុរី​ ទើប​ដឹងថា ស្ត្រី​ជាប់ចោទ​បោកប្រាស់​។

នៅពេល​ដែល​ពួក​អ្នកស្រី​ដឹងថា ស្ត្រី​ ២ ​នាក់​ប្តី​ប្រពន្ ធ​បោកប្រាស់​ហើយ​នោះ​ក៏​ប្តឹង​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ទាំង​ ២ ​នៅ​ថ្ងៃទី​ ១៦ ​ខែ​ មករា ​ឆ្នាំ ​២០១៨៕