ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់កម្ពុជាបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀតពីខេត្តហូណាន ប្រទេស ចិន ដើម្បីចាប់យកឱកាសនៅក្នុងវិស័យសក្ដានុពលជាច្រើនក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបាន ១០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣ ដែលជាការប្តេជ្ញាចិត្តរបស់មេដឹកនាំប្រទេសទាំង ២។
ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងពិព័រណ៍ការផ្សព្វផ្សាយការវិនិយោគ និងគ្រឿងម៉ាស៊ីនខេត្តហូណាននៅទីក្រុងភ្នំពេញកាលពីថ្ងៃអង្គារដល់ពាណិជ្ជករ និងវិនិយោគិនរាប់ពាន់នាក់មកពីខេត្តនេះដែលបានដឹកនាំដោយលោក Du Jiahao លេខាធិការគណៈកម្មាធិការគណបក្សកុម្មុយនីស្ដនៃខេត្តហូណានរបស់ប្រទេសចិន។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ព្រឹត្តិការណ៍នេះនឹងជាវេទិកាដ៏សំខាន់មួយ ដើម្បីផ្ដល់ការចូលរួមដោយផ្ទាល់រវាងពាណិជ្ជករ និង វិនិយោគិនចាប់ពីខេត្ត ហូណាន ដល់សហគមន៍ពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកព័ត៌មាន និងស្វែងរកឱកាសអាជីវកម្ម និងការវិនិយោគសម្រាប់ការវិនិយោគរួម ឬដើម្បីវិនិយោគនៅទីនោះ។
លោកបានថ្លែងថា៖ «សន្ដិភាព ស្ថិរភាពនយោបាយ ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកំពុងរួមចំណែកយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងចិន ជាពិសេសការដំណើរការគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវដោយមេដឹកនាំចិន កាលពីឆ្នាំ ២០១៣ បានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។
លោកបានថ្លែងថា ចិនបានក្លាយជាដៃគូដ៏សំខាន់មួយលើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា ចំណែកឯពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនឡើងដល់ប្រហែល ៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ កើនឡើង ២៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរលោកបានឲ្យដឹងថា ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស (FDI) ដែលបានអនុម័ត ការវិនិយោគមកពីចិនមានចំនួន ៧០ ភាគរយនៃ FDI ហើយភ្ញៀវទេសចរចិនប្រហែល ២ លាននាក់បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុន។
លោកលើកឡើងថា៖ «ការកើនឡើងដោយវិជ្ជមាននេះគឺជាសម្ទុះក្នុងការជំរុញការអនុវត្តគោលនយោបាយឧស្សាហកម្ម ២០១៥ ឆ្នាំ ២០២៥ របស់ប្រទេសកម្ពុជា និងជួយក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះក្នុងអត្រា ៧ ភាគរយក្នុងរយៈពេលវែងនៅពេលអនាគតដ៏ខ្លី»។
លោកបន្តថា៖ «ការណ៍នេះក៏នឹងបើកផ្លូវសម្រាប់ប្រទេសកម្ពុជាដើម្បីសម្រេចបានការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ត្រឹមឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ផងដែរ»។
លោក Du Jiahao បានឲ្យដឹងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវកំពុងដើរតួនាទីដ៏សំខាន់សម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន និងមានការវិនិយោគជាច្រើនមកពីខេត្តហូណានមកកម្ពុជាតាមគំនិតផ្តួចផ្តើមនេះ។
លោកថ្លែងថា៖ «ត្រឹមខែកញ្ញាឆ្នាំនេះ យើងមានក្រុមហ៊ុនប្រហែល ៣៧ មកពីខេត្តហូណានកំពុងវិនិយោគនៅកម្ពុជាដោយមានទុនវិនិយោគប្រហែល ៥០០ លានដុល្លារ និងប្រជាជនខេត្តហូណានជាង ៣០ ០០០ នាក់ កំពុងធ្វើការងារនៅកម្ពុជានៅពេលនេះ»។ លោកបន្តថា៖ «លទ្ធផលនេះបានពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងមេដឹកនាំរបស់ប្រទេសទាំង ២»។
លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា រហូតមកដល់ពេលនេះប្រទេស ចិន បានផ្ដល់កម្ចីការប្រាក់ទាបដល់កម្ពុជាមានចំនួនជាង ២,៨៩ ពាន់លានដុល្លារ សម្រាប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវថ្នល់ ស្ពាន និងកំពង់ផែនៅកម្ពុជា ដែលជាឆ្អឹងខ្នងដើម្បីគាំទ្រដល់សេដ្ឋកិច្ច។
លោកបញ្ជាក់ថា៖ «គំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ និងការបង្កើតធនាគារវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលកម្ពុជាក៏ជាសមាជិកស្ថាបនិករបស់ធនាគារនេះផងដែរ ក៏គាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា ទំនប់វារីអគ្គិសនី កំពង់ផែ និងជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា»។
លោក ស៊ុន ចាន់ថុល លើកឡើងថា៖ «ជាមួយនឹងទីតាំងភូមិសាស្ដ្រល្អដែលស្ថិតនៅភាគកណ្ដាលនៃប្រជាជាតិអាស៊ីអាគ្នេយ៍ កម្លាំងពលកម្មវ័យក្មេង និងតម្លៃទាប ព្រមទាំងការបើកចំហច្បាប់វិនិយោគ យើងស្វាគមន៍ និងលើកទឹកចិត្តឲ្យមានការវិនិយោគ និងក្រុមហ៊ុនកាន់តែច្រើនមកពីខេត្តហូណាន ដើម្បីចាប់យកឱកាសដ៏អស្ចារ្យនេះនៅក្នុងប្រទេស កម្ពុជា»៕LA