ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា គណៈអភិបាលរាជធានីភ្នំពេញបានសម្រេចឲ្យផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្ន ទៅលើករណីវិវាទដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីឲ្យមន្ត្រីចុះធ្វើការអង្កេតស្រាវជ្រាវថា តើការប្រើប្រាស់វិធានការរដ្ឋបាលក្នុងការរុះរើសំណង់របស់ប្រជាពលរដ្ឋនោះធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់ដែរឬទេ?
លោក សុជាតិវង្ស បានបញ្ជាក់កាលពីម្សិលមិញថា៖ «យើងត្រូវពិនិត្យ ពីព្រោះមានពាក្យបណ្តឹង ក៏ដូចជាការអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ពិសេសគឺស្ថាប័នរបស់ថ្នាក់ជាតិ។ យើងត្រូវពិនិត្យមើលឡើងវិញ ការធ្វើទៅហ្នឹងវាស្របនឹងគោលការណ៍នីតិវិធីរបៀបម៉េច ឬដំណោះស្រាយរបៀបម៉េច?»។
លោក សុជាតិវង្ស បានបន្ថែមថា ករណីវិវាទដីធ្លីដែលបានអូសបន្លាយជាង ២ ទសវត្សរ៍មកហើយនេះ គឺមានការលំបាកក្នុងការដោះស្រាយដោយសារអាជ្ញាធរត្រូវរកប្រភពដើមនៃបញ្ហា ដើម្បីដោះស្រាយ «ហើយចុងក្រោយយើងក៏សម្រេចចិត្តដោះស្រាយតាមរបៀបហ្នឹង ដោយសារតែមានការតវ៉ាបែបនេះ ក្រសួងក៏បានឲ្យយើងផ្អាក ដើម្បីពិនិត្យមើលថាត្រូវ ឬខុស។ បើការអនុវត្តនោះត្រូវយើងបន្តទៅទៀត ហើយបើខុសយើងកែសម្រួលទៅ»។
ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ បានចេញលិខិតណែនាំជាបន្ទាន់មួយឲ្យអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្អាកចំណាត់ការរដ្ឋបាលជាបណ្តោះអាសន្នក្នុងការរុះរើសំណង់របស់ប្រជាពលរដ្ឋនៅលើដីជម្លោះក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីចៀសវាងការខូចខាតផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងដើម្បីរក្សាភាពដើមនៃទីតាំងទំនាស់ រង់ចាំលទ្ធផលនៃការអង្កេតស្រាវជ្រាវជាមុនសិន។
ការចេញលិខិតបន្ទាន់ដោយលោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៨ គ្រួសារ រស់នៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ និងសង្កាត់ទួលសង្កែទី ២ រាជធានីភ្នំពេញ ដែលបានប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវបានលោក ស ខេង ចារយល់ព្រមឲ្យផ្អាកលើលិខិតនេះកាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៩។
លោក គង់ ទី និងលោក ព្រុំ បូរ ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៨ នាក់ ដែលបានរស់នៅ និងកាន់កាប់ដីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ព្រមទាំងបានធ្វើការតវ៉ាប្រមាណជិត ៣០ ឆ្នាំ មកហើយ ដោយពួកគាត់ពុំព្រមទទួលយកចំណែកដីដែលបានដោះស្រាយដោយអះអាងថា ការដោះស្រាយនោះពុំយុត្តិធម៌។ ទាំងលោក គង់ ទី និងលោក ព្រុំ បូរ បានទទូចសុំឲ្យមានការដោះស្រាយសមរម្យ និងសុំពន្យារពេលរង់ចាំរហូតដល់មានការសម្រេចពីតុលាការសិន ខណៈសំណុំរឿងវិវាទដីធ្លីនេះកំពុងនៅក្នុងដៃតុលាការ។
ប៉ុន្តែអាជ្ញាធររាជធានីនៅតែជំរុញការប្រើវិធានការរដ្ឋបាលចុះរុះរើលំនៅឋានរបស់ប្រជាពលរដ្ឋឲ្យរួចរាល់ នៅមុនបំណាច់ឆ្នាំ ២០១៩ ដើម្បីប្រគល់ដីទៅឲ្យអ្នកផ្សេងទៀត ដែលអាជ្ញាធរអះអាងថា មានប្លង់រឹងត្រឹមត្រូវ។
កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានប្រើវិធានការរដ្ឋបាល ចុះរុះរើសំណង់របស់លោក ព្រំ បូរ នៅលើដីទំនាស់ដោយអះអាងថា ដើម្បីយកដីចែកឲ្យប្រជាពលរដ្ឋចំនួន ១៧៧ គ្រួសារ ហើយនៅថ្ងៃទី ២៧ និងថ្ងៃទី ៣០ ខែធ្នូ ដដែលអាជ្ញាធររាជធានីបានចុះរុះរើសំណង់របស់លោក គង់ ទី បន្តទៀត។
បន្ទាប់ពីអាជ្ញាធរប្រើវិធានការរដ្ឋបាល ដោយប្រើគ្រឿងចក្រវាយ កម្ទេចផ្ទះរបស់ប្រជាពលរដ្ឋក្រុមប្រជាពលរដ្ឋដែលតវ៉ា និងអាជ្ញាធរបានប្រឈមមុខដាក់គ្នា ១ លើកជា ២ លើក រហូតដល់មានការប៉ះទង្គិចគ្នាមួយប្រាវ ខណៈក្រុមអ្នកតវ៉ាព្យាយាមដុតកង់ឡាន ប្រឆាំងនឹងអាជ្ញាធរ ដែលបានចុះទៅការពារ គ្រឿងចក្រ ធ្វើរបងរបស់ភាគីជម្លោះម្ខាងទៀតដែលគេអះអាងថា មានប្លង់កម្មសិទ្ធិស្របច្បាប់។
នៅក្នុងការតវ៉ានោះក្រៅពីមានការប៉ះទង្គិចពាក្យសម្ដីគ្នា ព្រមទាំងរុញច្រានគ្នារវាងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ាក៏មានការចាប់ឃាត់ខ្លួនយុវជនម្នាក់ផងដែរ។
បើយោងតាមលិខិតរបស់លោក ងី ច័ន្ទ្រផល ក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៨ គ្រួសារ ដែលបានប្តឹងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងគូកនពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ឈ្មោះ ព្រំ បូរ ពាក់ព័ន្ធនឹងដីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ។
លិខិតបញ្ជាក់ថា៖ «ទាក់ទិននឹងករណីនេះ ក្រសួងមហាផ្ទៃ ស្នើឲ្យលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បន្ទន់ចំណាត់ការរដ្ឋបាល ពាក់ព័ន្ធនឹងទីតាំងទំនាស់ជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាពឲ្យមន្ត្រីអធិការដ្ឋានចុះធ្វើការអង្កេតស្រាវជ្រាវចៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផលប្រយោជន៍របស់រដ្ឋបាលរាជធានីភ្នំពេញ និងផលប្រយោជន៍ច្បាប់»៕