ក្រចេះ៖ ចាប់​ផ្ដើម​ពី​ការ​បង្កើត​ជា​ជាលិកា​ទៅ​ការ​បណ្ដុះ​នៅ​ក្នុង​កែវ រហូត​ទៅ​ដល់​ការ​ដាំ​លើ​ដី បច្ចេកវិទ្យា​មួយ​ថ្មី​នៅ​ក្នុង​ការ​ដាំ​ដើមឈើ​ត្រូវ​បាន​ធ្វើ​ឡើង​ជំនួស​ឱ្យ​ការ​ដាំដុះ​បែប​ប្រពៃណី​ដោយ​គ្រាប់​ត្រូវ​តែ​ជា​ចំណុច​កណ្ដាល។ កាន់​តែ​ពិសេស​នោះ គឺ​ការ​ដាំដុះ​រុក្ខជាតិ​បែប​ថ្មី​នេះ​ប្រើ​រយៈពេល​ត្រឹមតែ ៥ ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រមូល​ផល​ដើមឈើ។

បច្ចេកវិទ្យា​ដាំ​ដុះ​ថ្មី​កំពុង​លូតលាស់ និង​ដំណើរការ​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន Think Biotic។

ផ្ទៃដី​ទំហំ​ដ៏​ធំ​ល្វឹងល្វើយ​គ្រប​ដណ្ដប់​ដោយ​តំបន់​បែងចែក​ដំណាក់​កាលនីមួយៗ​នៃ​ការ​ធ្វើ​ចម្ការ​ព្រៃដាំ។ ទិដ្ឋភាព​ពី​លើ​អាកាស​រំលេច​នូវ​រោង​ចម្ការ​ឈើ​ដាំ​ដែល​ខុស​ប្លែក​គ្នា​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ជាប់​នឹង​ទន្លេមេគង្គ​ដែល​អំណោយផល​ដល់​ការ​ស្រោចស្រព​ចម្ការ​ព្រៃដាំ។

ថង់​ប្លាស្ទិក​ខ្មៅ​គ្រប​ដណ្ដប់​ផ្ទៃដី​មួយ​ផ្នែក​ធំ ​គឺ​ជា​អ្វី​ដែល​គេ​នឹង​មើល​ឃើញ​ពី​ក្រៅ ឬ​ពី​លើ​ទី​ខ្ពស់។ នេះ​ជា​បច្ចេកទេស​ថែរក្សា​កូន​ឈើតូចៗ ដែល​ត្រូវ​បាន​យក​មក​ដាក់​ដាំ​ក្នុង​កូន​ថង់​ប្លាស្ទិក រួម​ទាំង​រោង​ដើមឈើ ដែល​លូតលាស់​នៅ​លើ​ដី។

នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ ដើម​អាកាស្យា​ជាច្រើន​ដើម​លូតលាស់​ជា​ជួរ ជា​លទ្ធផល​ចេញពី​ជំហាន​ដាំ​ដុះ​ប្រើ​បច្ចេកទេស​ថ្មី​មួយ​នេះ។

លោក លូ ជូចាំង (Lu Chu Chang) ប្រធាន​ក្រុមហ៊ុន Think Biotic បាន​រៀបរាប់​ពី​ការ​វិវឌ្ឍ​នៃ​ចម្ការ​ព្រៃដាំ​របស់​លោក​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ថា៖ «យើង​បាន​សាកល្បង​នៅ​ខេត្ត​ផ្សេង​ជា​ច្រើន​ដង​មុន​នឹង​យើង​សម្រេចចិត្ត​មក​ធ្វើ​នៅ​ខេត្ត​ក្រចេះ»។

ចម្ការ​ព្រៃដាំ ផ្ដើមពី​ការបង្កើត​ជា​ជាលិកា​ទៅការ​​- បណ្ដុះ​​ក្នុង​កែវ​ រហូត​ការដាំ​លើ​ដី​។ រូបថត សួស ចន្ធី

លោក​បន្ត​ថា៖ «ហើយ​ហេតុផល​ដែល​យើង​ជ្រើស​រើស​យក​ខេត្ត​នេះ​ធ្វើ​អាជីវកម្ម​របស់​យើង ​ព្រោះ​វា​មាន​ផ្ទៃដី​ធំ​ទូលាយ អាកាសធាតុ​ក៏​សមស្រប​ជាមួយ​នឹង​ការ​ដាំដុះ​របស់​យើង ដូចជា ដើម​ម៉ៃសាក់ ដើម​អាកាស្យា។ ដី​សម្បទាន​មាន​ស្រាប់ ដែល​អាច​ឱ្យ​យើង​ដាំ​ដុះ​បាន​ភ្លាមៗ និង​ជាទី​តាំង​ដែល​អំណោយផល​ពី​ទន្លេមេគង្គ»។

ការ​ធ្វើ​ចម្ការ​ព្រៃដាំ​នេះ​មាន​ច្រើន​ដំណាក់​កាល និង​ទាមទារ​ការ​មើល​ថែ​ដោយ​យក​ចិត្ត​ទុកដាក់ ដោយ​លោក ជូចាំង បាន​ប្រាប់​ត្រួសៗ​ពី​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ដាំដុះ​នេះ​ផ្ដើម​ចេញ​ពី​ជំហាន​ដំបូង ​គឺ​ការ​ដាំ​ក្នុង​កែវ។

ដំបូង​គេ​ត្រូវ​ធ្វើ​ជាលិកា​ឱ្យ​ទៅ​ជា​ពន្លក​ដោយ​ប្រើ​រយៈពេល​យូរ​អាច​ពី ៣ ទៅ ៦ ខែ​តាម​ប្រភេទ​នៃ​កូន​ឈើ។ បន្ទាប់​មក​យក​ពន្លក​ទៅ​ដាក់​នៅ​ក្នុង​កែវ​ពី ១៤ ទៅ ២៥ ថ្ងៃ ឱ្យ​វា​ចាក់ឫស​បន្ថែម​ក្នុង​រយៈពេល ២៥ ថ្ងៃ​ទៀត។

ចំណុច​បន្ទាប់ ​គឺ​យើង​យក​កូន​ឈើ​នោះ​ទៅ​ដាក់​ក្នុង​ការ​មើល​ថែទាំ​ឱ្យ​បាន​ត្រឹមត្រូវ ដែល​វា​អាច​ប្រើពេល​ពី ៣ ទៅ ៨ ខែ ដើម្បី​ឱ្យ​វា​លូត​ទៅ​ជា​រុក្ខជាតិ​កម្ពស់​ប្រមាណ​ពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ។ ចុង​ក្រោយ​គេ​អាច​យកវា​មក​ដាំ​នៅ​លើ​ដី ដោយ​ភាគ​ច្រើន​ក្រុមហ៊ុន​ធ្វើ​ការ​ដាំ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា ​ជា​រដូវវស្សា​នៅ​កម្ពុជា។

អ្នកជំនាញ​បង្ហាញ​ពី​ចម្ការព្រៃដាំ​​ជូន​លោក​នេត្រ ភក្ត្រា​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ចម្ការ​ឈើ​ដាំ​នេះ​មានការ​ទទួល​ស្គាល់ និង​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ជាពិសេស​ខាង​ក្រសួង​បរិស្ថាន ដោយ​កាល​ពី​ខែកុម្ភៈ លោក នេត្រ ភក្ត្រា ជា​រដ្ឋលេខាធិការ និង​អ្នក​នាំពាក្យ​របស់​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​មនុស្ស​ប្រមាណ​ជាង ៣០០ នាក់ ​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន Think Biotic និង​សិក្សា​ស្វែងយល់​ពី​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន។

លោក ជូចាំង បាន​លើក​ឡើង​ទៀត​ថា៖ «សម្រាប់​ជំនួប​ជាមួយ​លោក ភក្ត្រា ខ្ញុំ​យល់​ថា មាន​ប្រយោជន៍​ណាស់​ព្រោះ​ចម្ការ​ព្រៃដាំ​មិន​មែន​តែ​សម្រាប់​ម្ចាស់​អាជីវកម្ម​ទេ តែ​សម្រាប់​អ្នក​ដាក់​ទុន​ទាំង​អស់ ហើយ​ការ​ជួបជុំ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ផ្សេង​បាន​ដឹង​ពី​អ្វី​ដែល​យើង​ធ្វើ និង​លទ្ធផល​យើង​ទទួល​បាន។ ដូចគ្នា​នេះ​ដែរ​យើង​ក៏​អាច​ទទួល​ដឹង​ពី​អ្វី​ដែល​អ្នក​ក្រៅ​គាត់​មាន​ចម្ងល់ ឬ​ចង់​ដឹង​បន្ថែម​ពី​វិធី​ដាំ​ដុះ​របស់​យើង»។

លោក​ក៏​បាន​បន្ត​ប្រាប់​ពី​គោលដៅ​របស់​ចម្ការ​ព្រៃដាំ​ថា ​ប្រហែល​ជា ៤ ទៅ ៥ ឆ្នាំ​ទៀត​ក្រុមហ៊ុន​នឹង​អាច​ប្រមូលផល​បាន​ម្ដង​បន្ទាប់​ពី​ចាប់​ផ្ដើម​ដាំ​កាល​ពី​ចុង​ឆ្នាំ ២០១៩ ហើយ​នឹង​បន្ត​ជា​ការ​ធ្វើ​វិលជុំ​ម្ដង​ហើយ​ម្ដង​ទៀត​រួម​ទាំង​មាន​គម្រោង​នឹង​ដាំ​ដល់​ទៅ ១២០ ០០០ ហិកតា ​ក្នុង​រយៈពេល ៥ ទៅ ១០ ឆ្នាំ​ខាង​មុខ។

អត្ថប្រយោជន៍​របស់​ចម្ការ​ព្រៃដាំ​មាន​ដូចជា​ជួយ​កាត់​បន្ថយ​កម្ដៅ​ផែនដី ដោយ​ការ​លូតលាស់​លឿន​នៃ​ព្រៃ​ឈើ​ផ្ដល់​ការងារ​ដល់​ប្រជាជន​ជា​បន្តបន្ទាប់​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ជួយ​ទប់​ទល់​នឹងការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់ និង​ជា​អាជីវកម្ម​មួយ​ដែល​មាន​ដំណើរ​យូរអង្វែង និង​មាន​ស្ថិរភាព​សម្រាប់​កម្ពុជា ទាំង​នៅ​អាស៊ី និង​ពិភព​លោក។

ចម្ការ​ព្រៃដាំ​ប្រើបច្ចេកទេស​ថ្មី លូតលាស់លឿន ដោយ​អាច​ប្រមូល​ផល​ពី ៤ ទៅ ៥​ ឆ្នាំ​ខាង​មុខ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យ៉ាងណាមិញ​លោក ជូចាំង បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ដែរ​ដូចជា​ខ្វះ​ធនធាន​មាន​សមត្ថភាព ការ​ចំណាយ​ដើមទុន​ច្រើន​នៅ​ជំហាន​ដំបូងៗ​នៃ​ការ​ដាំដុះ គ្រោះ​រាំងស្ងួត​ធម្មជាតិ​អូស​បន្លាយ​យូរ និង​នៅ​មាន​​បញ្ហា​ជា​ច្រើន​ទៀត។

លោក ជូចាំង មិន​ដឹង​​អ្វី​ដែល​លោក​ធ្វើ​នឹង​គ្រប់គ្រាន់​សម្រាប់​ការ​អភិវឌ្ឍ​ការ​ដាំដុះ​ទាំង​មូល តែ​ល្បះ​មួយ​ដែល​លោក​ជឿជាក់​នោះ​គឺ៖ «ការ​អនុវត្ដ​ចំណេះដឹង និង​ជំនាញ​ក្នុង​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង ការ​អប់រំ បច្ចេកវិទ្យា និង​ជំនួញ​ពាណិជ្ជកម្ម​ព្រៃឈើ​ប្រាកដ​ជា​បោះ​ជំហាន​ទៅ​មុខ​មិន​ថា ​តិច ឬ​ក៏​ច្រើន​នោះ​ទេ»។

លោក​បាន​ថ្លែង​ពី​ជំនឿ​ចិត្ត​ថា៖ «ការ​ដាំ​ដើម​ឈើ និង​ឧស្សាហ​កម្មនេះ​អាច​ក្លាយជា​សសរស្ដម្ភ​មួយ​នៅ​កម្ពុជា។ លើស​ពី​នេះ​ចម្ការ​ឈើ​ជា​មូលដ្ឋាន​ការពារ​ព្រៃឈើ​ធម្មជាតិ និង​បរិស្ថាន​នៅ​កម្ពុជា»៕

វីដេអូ៖