ព្រះសីហនុៈ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃ​កោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់​។ ការព្រមាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​លោក​ទៅ​ចូលរួម​ដាំ​កូនកោងកាង​ឡើងវិញ​លើ​ផ្ទៃដី​ ២ ​ហិកតា​នៅ​ភូមិ​ជម្ពូខ្មៅ ឃុំ​ទួលទទឹង​ ស្រុក​ព្រៃនប់​ជា​ទី​ដែល​រង​ការកាប់​បំផ្លាញ​នាពេល​កន្លងមក​។

លោក​និយាយថា ព្រៃកោងកាង​មាន​សារប្រយោជន៍​សំខាន់​ណាស់​ក្នុង​ការរួមចំណែក​ផ្តល់​ជា​ជម្រក​សម្រាប់​មនុស្ស និង​សត្វ​រស់នៅ និង​បាន​ជួយ​ទប់ស្កាត់​ការច្រោះ​បាក់ដី គ្រោះ​ទឹក​ជំនន់ ខ្យល់ព្យុះ និង​ជួយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​អេកូឡូហ្ស៊ី​ជីវចម្រុះ​បរិស្ថាន​។ ប៉ុន្តែ​កន្លងមក​សកម្មភាព​លួច​កាប់បំផ្លាញ និង​ចាក់ដី​លុប​ព្រៃកោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់​បាន​កើតឡើង​គួរឲ្យ​កត់សម្គាល់​បើទោះ​ជា​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ក្ដី​។

លោក គួច ចំរើន ថ្លែង​ថា​៖ «​ការបំផ្លាញ​ព្រៃកោងកាង គឺ​ស្មើ​នឹង​បំផ្លាញ​អាយុជីវិត​ខ្លួនឯង​ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​ និង​អភិរក្ស​ព្រៃកោងកាង​សម្រាប់​ជា​ប្រយោជន៍​រួម​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​។ ក្នុង​នោះ​កន្លែង​ដែល​រង​ការកាប់បំផ្លាញ​យើង​ត្រូវ​ដាំ​ឡើងវិញ និង​ត្រូវ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​គ្មាន​ការលើកលែង​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃ​កោងកាង​យក​ដី​កាន់កាប់​ជា​លក្ខណៈ​ឯកជន​ខុសច្បាប់​»​។

លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា ព្រៃកោងកាង​គឺជា​ជម្រក​ពងកូន​ដ៏សំខាន់​នៃ​មច្ឆាជាតិ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​។ ការដាំ​កូនកោងកាង​ ២០០០ ​ដើម​នៅ​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​ភូមិ​ជម្ពូខ្មៅ ឃុំ​ទួលទទឹង ស្រុក​ព្រៃនប់​កាលពី​ថ្ងៃ​អាទិត្យ​គឺ​ដើម្បី​ស្ដារ​ព្រៃកោងកាង​ក្នុង​តំបន់​នោះ​ឡើងវិញ ដោយសារ​កន្លង​មក​វា​ត្រូវបាន​គេ​លួច​កាប់បំផ្លាញ​យក​ធ្វើ​ជា​អុស​ធ្យូង និង​ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើ​កសិកម្ម​។

បើ​តាម​លោក ភា ក្រោយ​ការចុះ​ផ្សព្វផ្សាយ​អប់រំ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​មាន​ការភ្ញាក់រឭក និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការពារ និង​អភិរក្ស​ព្រៃកោងកាង និង​បាន​ចូលរួម​ដាំ​កូន​កោងកាង​ឡើងវិញ ដើម្បី​ស្ដារ និង​លើកកម្ពស់​ធនធាន​ធម្មជាតិ និង​ធនធាន​ជលផល​ក្នុង​តំបន់​ឆ្នេរសមុទ្រ​ឲ្យ​កាន់តែ​សម្បូរបែប​សម្រាប់​ជា​ប្រយោជន៍​ក្នុង​កា​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ក្នុង​តំបន់​នោះ​ដែល​ភាគច្រើន​ជា​អ្នក​ប្រកបរបរ​នេសាទ​។

លោក​ ឯម ភា ​ថ្លែងថា​៖ «​ក្រៅពី​ជា​របាំង​ធម្មជាតិ​ការពារ​ឆ្នេរសមុទ្រ​ពី​គ្រោះធម្មជាតិ​នានា ព្រៃ​កោងកាង​គឺជា​កន្លែង​ស្តុក​កាបោន និង​ជា​ប្រភព​ផ្ដល់ប្រាក់​ចំណូល​ដ៏សំខាន់​ក្នុង​ការលើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជានេសាទ​ក្នុង​តំបន់​តាមរយៈ​ការផ្ដល់​សេវា​កម្សាន្ត​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ព្រោះ​ព្រៃកោងកាង​ក៏​ជា​ប្រភព​អាហារ​ និង​ទីជម្រក​ដ៏សំខាន់​សម្រាប់​សត្វ​សមុទ្រ និង​សត្វ​ស្លាប​គ្រប់​ប្រភេទ​រស់នៅ និង​បង្កាត់​ពូជ​ផងដែរ​»​។

លោក​បាន​បន្ថែម​ថា យោង​តាម​ច្បាប់​ជលផល ការកាប់ ការ​ឈូសឆាយ ការរុករាន ការគ្រប់គ្រង ហ៊ុមព័ទ្ធ​របង​យក​ដី​ព្រៃកោងកាង​គឺជា​បទល្មើស​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៣ ​ទៅ​ ៥ ​ឆ្នាំ និង​ផាកពិន័យ​ជា​ប្រាក់​ថែមទៀត​។ ទន្ទឹមនឹង​នេះ​លោក ឯម ភា ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ប្រជាសហគមន៍​នេសាទ​ត្រូវ​ចូលរួម​ទប់ស្កាត់​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​នូវ​រាល់​សកម្មភាព​កាប់បំផ្លាញ និង​ទន្ទ្រាន​យក​ដី​ព្រៃកោងកាង​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​សហគមន៍​៕