ភ្នំពេញ: ក្រសួងមហាផ្ទៃ​បាន​យល់ព្រម​ជាគោលការណ៍​ឲ្យ​អតីតមន្ត្រី និង​សកម្មជន​មួយចំនួន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ឲ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ឈ្មោះ «​ខ្មែរ​ស្រឡាញ់​ជាតិ​» ដោយ​តម្រូវ​ឲ្យ​តំណាង​ក្រុម​នេះ រៀបចំ​ឯកសារ​ស្រប​តាម​ច្បាប់ ដើម្បី​ចុះបញ្ជី​ជា​ផ្លូវការ​។

លិខិត​ឆ្លើយតប​របស់​ក្រសួង​មហាផ្ទៃ​បាន​ធ្វើឡើង​បន្ទាប់ពី​តំណាង​អតីត​ថ្នាក់ដឹកនាំ​មួយចំនួន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក ខឺយ ស៊ីនឿន បានដាក់​ពាក្យសុំ​បង្កើត «​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​» ដោយ​ប្រើប្រាស់​អក្ស​កាត់ គ.ខ.ស.ជ កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​នេះ​។

តាម​លិខិត​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​បាន​ផ្ញើ​ទៅ​លោក​ ខឺយ ស៊ីនឿន ​តំណាង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ចុះ​ថ្ងៃទី​ ៦ ខែ​មករា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួលបាន​កាលពី​ម្សិលមិញ​សរសេរ​ថា​៖ «​ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ឈ្មោះ​សរសេរ​ជា​អក្សរ​កាត់​ (​គ.ខ.ស.ជ​) ​មាន​ទីស្នាក់ការ​កណ្តាល​តាំងនៅ​ផ្ទះ​លេខ​ ១៧ បេ​ ១០ ផ្លូវលំ ភូមិ​ទួលរកា​ ១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ស្រប​តាម​បទប្បញ្ញត្តិ​ដូច​មានចែង​ក្នុង​វាក្យខណ្ឌ​ទី​ ១ មាត្រា​ ៩ ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​»​។

ក្រសួងមហាផ្ទៃ​បញ្ជាក់ថា​៖ «​ដើម្បី​ទទួលបាន​សុពលភាព និង​អាចធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ត្រូវ​ស្នើសុំ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ស្រប​តាម​វាក្យខណ្ឌ​ទី​ ២ មាត្រា​ ៩ មាត្រា​ ១៤ ​ថ្មី​មាត្រា​ ១៩ ​ថ្មី និង​មាត្រា​ ២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​»​។

លោក ខឺយ ស៊ីនឿន តំណាង​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​លិខិត​នេះហើយ ដោយ​គ្រោង​កោះអញ្ជើញ​សមាជិក​ស្ម័គ្រចិត្ត​ទាំងអស់​មក​ចូលរួម​ប្រជុំពិភាក្សា​គ្នា​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​រៀបចំ​បំពេញ​សំណុំបែបបទ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​ឈាន​ទៅ​ដាក់ពាក្យ​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ជា​ផ្លូវការ​។

លោក​បញ្ជាក់ថា​៖ «​បន្ទាប់មកទៀត​យើង​នឹង​ចុះទៅ​ប្រមូល​ស្នាម​មេដៃ ពលរដ្ឋ​ឲ្យ​បាន​ចំនួន ៤ ​ពាន់​ស្នាមមេដៃ ហើយ​ចែង​លក្ខន្ដិកៈ​ផ្ទៃក្នុង​បក្ស​ព្រម​ទាំង​បែងចែក​រចនាសម្ព័ន្ធ​បក្ស និង​គោលនយោបាយ​ជាដើម​។ ចំពោះ​ការប្រមូល​ស្នាម​មេដៃ​ ៤ ​ពាន់​នាក់​នេះ ខ្ញុំ​យល់ថា មិន​ពិបាក​ទេ​គឺ​យើង​យក​ពី​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ពួកគាត់​នឹង​នៅ​បន្ត​គាំទ្រ​យើង​ទៀត​»​។

លោក ស៊ីនឿន បន្ថែម​ថា​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នឹង​នៅ​បន្ត​ស្មារតី​សង្គ្រោះ​ជាតិ​ដោយ​គ្រប់​បេសកកម្ម និង​ចក្ខុវិស័យ​ក៏ដូចជា​កិច្ចការ​មួយចំនួន​ទៀត​ដោយ​ដកស្រង់​បទពិសោធ​ចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​មួយចំនួន​ទៀត​នឹង​ត្រូវ​ធ្វើកំណែទម្រង់​ទៅតាម​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​។

ម្យ៉ាងទៀត​លោក​មើលឃើញ​ថា ក្រុម​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​បាន​បែកបាក់​គ្នា​យ៉ាងខ្លាំង ហើយ​គណបក្ស​នេះ​នឹង​ប្រកាន់​គោលការណ៍​អហិង្សា កៀរគរ​អ្នកប្រជាធិបតេយ្យ និង​ធ្វើ​នយោបាយ​តាម​ការកំណត់​របស់​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​​នយោបាយ​យល់ឃើញ​ថា ការបង្កើត​គណបក្ស​ថ្មី​នេះ គឺ​វា​មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ ដោយ​លោក​ថា វា​គ្រាន់តែ​ជា​ការប្រើប្រាស់​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ប៉ុណ្ណោះ​។

លោក​ ម៉ុងហៃ បញ្ជាក់ថា​៖ «​វា​គ្មាន​តម្លៃ​អ្វី​ទេ ហើយ​វា​គ្រាន់តែ​ជា​ករណី​ធម្មតាៗ​។ ខ្ញុំ​គ្មាន​យោបល់​អ្វី​ជុំវិញ​ករណីនេះ​ទេ ដោយ​រង់​ចាំមើល​ទាំងអស់​គ្នា​សិន​ទៅ​»​។

ក្រុម​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ចូលរួម​បង្កើត​គណបក្ស​ថ្មី​នេះ​រួមមាន លោក ជីវ កត្តា​, លោក ស៊ឹម សុវណ្ណនី​, លោក កង គឹមហាក់​, លោក តាន់ ទីន​, លោក ខឺយ ស៊ីនឿន និង​អ្នកចូលរួម​ស្ម័គ្រចិត្ត​មួយ​ចំនួន​ទៀត​៕