អូស្រ្តាលីសន្យាផ្តល់ថវិការចំនួន ៣៥ លានដុល្លារអូស្រ្តាលីសម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ឲ្យកម្ពុជា

Share:

កម្ពុជា និងអូស្រ្តាលីបានពិភាក្សាអំពីអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងវឌ្ឍនភាពនៃផែនការអភិវឌ្ឍន៍ឆ្លើយតបជំងឺកូវីដ-១៩ របស់កម្ពុជា (Cambodia COVID-19 Development Response Plan-CDRP-២០២០-២០២២) ព្រមទាំងកម្មវិធីផ្តួចផ្តើមអភិវឌ្ឍន៍នាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី ១៣ ខែកញ្ញា ក្រោមអធិបតីភាពលោកឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាស្តារនិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDB/CDC) និងលោក Andreas Zurbrugg អនុប្រធានបេសកកម្មនៃស្ថានទូតអូស្ត្រាលី និងសហការី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកយ៉ាណារ៉ាបានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះលោក Andreas Zurbrugg ដែលត្រូវបានតែងតាំងជាអនុប្រធានបេសកកម្មស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានកម្មវិធីជំនួយអូស្ត្រាលីនៅកម្ពុជា។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងការអនុវត្ត CDRP ឆ្នាំ ២០២០-២០២២ ដែលបានពង្រឹងភាពជាដៃគូនិងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។

លោក Zurbrugg បានសម្តែងនូវសេចក្តីរីករាយដែលបានបំពេញបេសកកម្មនៅកម្ពុជានិងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះដែរ លោកក៏បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនិងភាពជាដៃគូជិតស្និទ្ធជាមួយរដ្ឋាភិបាលអូស្រ្តាលី និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅក្នុងកិច្ចប្រជុំ លោក Zurbrugg បានសង្កត់ធ្ងន់លើការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈការផ្តល់ជំនួយប្រមាណ ៦៦ លានដុល្លារអូស្រ្តាលីសម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការនៅឆ្នាំ ២០២១ ដើម្បីគាំទ្រដល់កម្មវិធីរបស់ខ្លួនដែលផ្តោតលើសន្តិសុខ សុខភាព ភាពធន់នៃសេដ្ឋកិច្ច កសិកម្ម និងអប់រំ។

លើសពីនេះ លោក Zurbrugg ក៏បានគូសបញ្ជាក់ពីកិច្ចប្រជុំអំពីការបង្កើតគម្រោង“ ភាពធន់នៃអភិវឌ្ឍន៍សេដ្ឋកិច្ច” ទ្វេភាគីថ្មី ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុប្រហែល ៩០ លានដុល្លារអូស្រ្តាលី សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដោយចាប់ផ្តើមពីឆ្នាំ ២០២២ ដោយបន្ថែមរយៈពេល ៣ ឆ្នាំបន្ថែមទៀត។

គម្រោងនេះនឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន ៤៖ ១) ពាណិជ្ជកម្មនិងវិនិយោគ ២) វិស័យកសិកម្ម និងកែច្នៃកសិផល ៣) ហេដ្ឋារចនាសម្ព័ន្ធនិង ៤) យេនឌ័រ និងសង្គម។

លោក យ៉ាណារ៉ាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេសក្នុងកំឡុងពេលកូវីដ-១៩ ។ លោកបានកោតសរសើរចំពោះកម្មវិធីផ្តួចផ្តើមនានាដែលមានភាពស៊ីសង្វាក់គ្នាជាមួយផែនការស្តារសេដ្ឋកិច្ចនិងសង្គមនៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ ដែលផ្តោតលើវិធីសាស្រ្តចំនួន ៣ គឺការស្តារឡើងវិញ កំណែទម្រង់និងភាពធន់។

លោកក៏បានកោតសរសើរពីការរីកចម្រើននៃកម្មវិធីនិងគម្រោងនានារួមមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់កសិកម្មកម្ពុជា-អូស្រ្តាលី ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្ត CDRP ២០២០-២០២២ ។

លើសពីនេះ លោក Zurbrugg បានលើកពីការផ្តល់ហិរញ្ញប្បទានបន្ថែមប្រមាណ ៣៥ លានដុល្លារអូស្រ្តាលីដើម្បីទិញវ៉ាក់សាំងប្រហែល ៣ លានដូសតាមរយៈ អង្គការ UNICEF និងអង្គការសុខភាពពិភពលោកដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាក់វ៉ាក់សាំងអោយប្រជាជននៅទូទាំងប្រទេស។

លោកក៏បានសង្កត់ធ្ងន់អំពីការគាំទ្របន្ថែមចំពោះកម្មវិធីលើកកម្ពស់សមធម៌និងសមភាពសុខភាពដំណាក់កាលទី ២ ដែលមានទឹកប្រាក់ប្រហែល ៣០ លានដុល្លារអូស្រ្តាលីនិងគម្រោងក្របខ័ណ្ឌគណនេយ្យភាពសង្គមដំណាក់កាលទី ២ ដែលមានទឹកប្រាក់ប្រមាណ ១៥ លានសម្រាប់៥ ឆ្នាំខាងមុខ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលីដែលបានគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អូស្ត្រាលីក្នុងការផ្តល់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពដល់ប្រជាជនកម្ពុជា។ នីកា – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Related Posts

Previous Article

ភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២១ ខែកញ្ញា

Next Article

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឲ្យមានពាណិជ្ជកម្មក្រៅប្រទេសបន្ថែមទៀត