សកម្មជន​ព្រៃឡង់​ជិត​២០​នាក់​ត្រូវ​បាន​មន្ត្រី​​បរិស្ថាន​ខេត្ត​កំពង់ធំ​ឃាត់​ខ្លួនសួរ​នាំ​​​​ដោយ​​មិន​​​បញ្ជាក់​ពី​មូល​ហេតុ

សកម្មជនព្រៃឡង់ អះអាងថា មន្រ្តីបរិស្ថានខេត្តកំពង់ធំចំនួន ៦នាក់ ​​ប្រដាប់​ដោយ​កាំ​ភ្លើង ​បា​​ន​​ឃាត់ខ្លួន​​ និងសួរនាំ​​សកម្ម​​ជន​​ព្រៃឡង់ជិត ២០​នាក់ នៅ​ចំណុច​ចម្ការកៅស៊ូ​​ក្រុម​ហ៊ុន ស៊ីអ​ស៊ីខេ (CRCK) ជាប់ក្រុមហ៊ុន ធីង៉ា​ ស្ថិតក្នុង​​ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅជាប់ព្រំប្រទល់​​ស្រុករវៀង ខេត្តព្រះវិហារ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី​ ថី​ បានឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញានេះ​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះ​វិហារសរុប ១៦នាក់ បាន​​ជិះ​ម៉ូតូចំនួន​ ១០គ្រឿង ​ដើម្បី​ធ្វើដំណើរ​ត្រលប់ទៅ​ភូ​មិ​របស់​ពួក​គាត់វិញ ក្រោយ​ពីពួកគាត់ទៅ​ចូល​រួម​កម្មវិធី​បំបួស​ដើម​ឈើ និង​ប្រជុំ​សហគមន៍ នៅក្នុងសហគមន៍ក្បាលខ្លា ស្ថិតក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកបន្តថា ក្នុងកំឡុងពេលធ្វើដំណើរនៅម៉ោងប្រមាណជិត៨យប់ថ្ងៃអាទិត្យម្សិលមិញនោះ​ ស្រាប់តែ​មន្ត្រីបរិស្ថាន​ខេត្ត​កំពង់​ធំចំនួន ៦នាក់ ប្រដាប់ដោយ​កាំភ្លើង បានហៅពួកគាត់ឱ្យឈប់ និងបាន​​សួរនាំពួកគាត់ជាង១ម៉ោង ហើយ​​សំណួរ​ដែល​មន្ត្រី​ទាំង​នោះ​សួរភាគច្រើន គឺចង់ដឹងថាតើពួក​គាត់​មាន​បានចូលទៅល្បាតនៅក្នុងតំបន់ព្រៃឡង់ដែរឬយ៉ាងណា។

​លោក ស្រី ថី​ បានដាក់​ការសង្ស័យថា មូលហេតុនៃការឃាត់នេះ ធ្វើឡើងដោយសារតែ​មន្រ្តីបរិស្ថានទាំងនោះ សង្ស័យ​ថា​ពួក​គាត់​ចូល​ល្បាត​ប្រមូល​ភស្ដុតា​ង​​បទល្មើសព្រៃឈើ នៅតំបន់​ព្រៃឡង់ ខណៈដែលមន្ត្រី​ទាំងនោះ​មិនឃើញពួកគាត់នៅក្នុងភូមិ​។

លោកថា​៖​«បើយើងមើលទៅ យើងអន់ចិត្តត្រង់ថា​ ពួកខ្ញុំដើរកាត់ផ្លូវ​ ហើយគេឱ្យយើងធ្វើកិច្ចសន្យា​ បញ្ឈប់នូវសកម្មភាពអ្វីផ្សេង​ សួរថាធ្វើអ្វីខុស​ ការដាំ ការបំបួស​[ឈើ​] ក៏មិនមានខុសច្បាប់ឯណា​ ព្រៃឡង់ក៏មិនមែនរបស់បរិស្ថាន​ផ្ដាច់​មុខ​ឯណា​ ព្រៃរបស់ប្រទេសកម្ពុជាទាំងមូលទេ ហេតុអ្វីបានជារាំរាំងតែក្រុមពួកខ្ញុំ​»។

បើតាមសកម្មជនព្រៃឡង់រូបនេះ មន្ត្រីបរិស្ថានខេត្ត បានអនុញ្ញាតឱ្យ​ពួកគាត់ត្រឡប់ទៅផ្ទះវិញ ក្រោយសាកសួរជាង​១ម៉ោង និងតម្រូវឱ្យពួកគាត់ធ្វើកិច្ចសន្យា។

វីអូឌី មិនអាចសុំការ​បញ្ជាក់ជុំវិញករណីនេះពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា បានទេ នៅរសៀលថ្ងៃចន្ទនេះ។

តែយ៉ាងណា អភិបាលរងខេត្តកំពង់ធំ​ លោក សុខ ហៃ​ បានអះអាងថា មិនមានការឃាត់​សកម្មជន​ព្រៃឡង់​ទាំងនោះ​ទេ​។

លោកថា​៖ ​«ជួនកាលគ្រាន់តែរបាយការណ៍ជាបុគ្គលទេ​ ឥឡូវហ្នឹងទាំងខាងបរិស្ថាន ទាំងអាជ្ញាធរស្រុក អត់​បានឃាត់​បុគ្គលណាមួ​យ​សួរ​នាំ​នោះទេ​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ