លោក ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នាចុង​សប្ដាហ៍​នេះ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការនៃដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃសុក្រចុងសប្ដាហ៍នេះ ដើម្បីចូលរួមវេទិកាទឹកពិភពលោក និងដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួន។

ប្រមុខរដ្ឋាភិបាលបានប្រកាសនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសានេះថា នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសានេះ លោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) ដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួន។ បន្ទាប់មក លោកនឹងចូលរួមវេទិកាទឹកពិភពលោកផងដែរ។

លោកនាយករដ្ឋមន្ត្រីបន្តថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុនភ្លាម លោកនឹងវិលត្រលប់មកកម្ពុជាវិញនៅថ្ងៃទី២៤ ខែមេសា ដោយថានឹងទទួលជួបអតីតមេបញ្ជាការប្រតិបត្តិការរបស់អ៊ុនតាក់ ដែលបំពេញបេសកកម្មនៅកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៩០ផងដែរ។

កម្ពុជា និងជប៉ុន កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅការប្រារព្ធខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតនៅឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ កាលពីថ្ងៃទី២០ ខែមីនា កន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ