Singapore

កាកបាទក្រហមកម្ពុជា ប្រមូលថវិកាបានជាង ១៦លានដុល្លារ សម្រាប់សកម្មភាពមនុស្សធម៌

Khmer Times Share:

កាកបាទក្រហមកម្ពុជា ប្រមូលថវិកាបានជាង ១៦លានដុល្លារ ក្នុងឱកាសខួបលើកទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសារជាសំឡេងលើកទី២ កាលពីម្សិលមិញថា នេះជាតួលេខខ្ពស់ចំពេលមានវិបត្តិកូវីដ-១៩ ដែលកាកបាទក្រហមកម្ពុជា មិនអាចប្រារព្ធពិធីប្រចាំឆ្នាំបាន។

លោកនាយករដ្ឋមន្ត្រីបានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះព្រះករុណាព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សប្បុរសជន និងជនរួមជាតិទាំងអស់ ដែលបានចូលរួមចំណែក និងគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា។

យោងតាមសារជាសំឡេង ពេលនេះលោកកំពុងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ហើយនឹងចាកចេញឆាប់ៗនេះទៅកាន់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក មុននឹងទៅដល់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៅល្ងាចថ្ងៃទី១០ ខែឧសភា (ឬព្រឹកព្រលឹមថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា)។ C. Nika – AKP

Related Posts

Previous Article

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងខ្សែបណ្តាញចែកចាយអគ្គិសនីមានតម្លៃ ៩០លានដុល្លារ ក្នុងខេត្តចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Next Article

ស៊ីហ្គេម ៣១៖ កម្ពុជា សង្ឃឹមខ្ពស់លើកីឡាចំបាប់