ការផ្តល់​មធ្យោបាយ​ធ្វើ​ដំណើរ​សមរម្យ និង​មាន​សុវត្ថិភាព​ដល់​កម្មករ​និយោជិត មិន​ត្រឹមតែ​ជួយ​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​យូរអង្វែង​ចំពោះ​កិច្ចខិតខំ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ផងដែរ។

នេះ​បើតាម​ការ​លើកឡើង​របស់​លោក គឹម បញ្ញា នាយកអង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេសកម្ពុជា នា​ថ្ងៃទី ១ ខែតុលានេះ ក្នុង​កិច្ចពិគ្រោះ​យោបល់​ស្តីពី៖ “លទ្ធភាព​ក្នុង​ការ​ផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​និយោជិត​ដែល​មិនមាន​សុវត្ថិភាព​មកជា​រថយន្ត​ដែល​មាន​សុវត្ថិភាព​ប្រសើរជាង”។

លោក​បាន​លើក​ឡើង​ថា ជា​រៀងរាល់​ថ្ងៃ​ចាប់ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃសៅរ៍ មាន​កម្មករ​និយោជិត​ជា​ច្រើន​ម៉ឺននាក់​តែងតែ​ធ្វើដំណើរ​តាម​រថយន្ត​ដែល​រថយន្ត​ទាំងនោះ តាម​គោលដៅ​ដែល​គេ​ផលិត​ឡើង​ក៏​ដូចជា​ការ​កំណត់​ដោយ​ច្បាប់ គឺ​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​តែ​ការ​ដឹកជញ្ជូន​ទំនិញ​ប៉ុណ្ណោះ។

លោក គឹម បញ្ញា បាន​ថ្លែង​ថា៖ «ដោយ​មាន​ការ​ចូលរួម និង​ការ​ខិតខំ​យកចិត្ត​ទុកដាក់​ពី​អ្នក​ពាក់ព័ន្ធ ជា​ពិសេស​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហាការ​ដឹកជញ្ជូន​កម្មករ​និយោជិត​តាម​រថយន្ត​ដឹកកម្មករ​រួមនេះ យើង​កត់សម្គាល់​ឃើញថា​ចំនួន​រថយន្ត​ដឹក​កម្មករ​ដែល​ប្រើ​រថយន្ត​ដឹក​ទំនិញ មាន​ការ​ថយចុះ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី ចំនួន​រថយន្ត​ប្រភេទ​នេះ នៅតែ​មានច្រើន​នៅឡើយ»។

យោងតាម​របាយការណ៍​ដែល​ផ្សព្វផ្សាយ​ដោយ​បេឡាជាតិ​របប​សន្តិសុខ​សង្គម នាពេល​ថ្មីៗ​នេះ បាន​ឱ្យ​ដឹង​ថា នៅក្នុង​ចំណោម​រថយន្ត​ដែល​កំពុង​ផ្តល់​សេវា​ដឹកជញ្ជូន​កម្មករ​និយោជិត​ទៅមក​បំពេញ​ការងារ​ក្នុង​ឆ្នាំ ២០១៩ មាន​ប្រមាណ ៦០% គឺ​ជា​រថយន្ត​ប្រភេទ​ដឹក​ទំនិញ។

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើង​ទៀតថា ការ​ផ្តល់​នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​សមរម្យ និង​មាន​សុវត្ថិភាព​ដល់​កម្មករ​និយោជិត​ ​គឺ​ជា​ការ​ជំរុញ​ឱ្យមាន​ការ​គោរព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​កំណត់​ថា ការ​ដឹកជញ្ជូន​មនុស្ស​ត្រូវតែ​មាន​កៅអី​អង្គុយ ឬ​មាន​បង្កាន់ដៃ ឬ​ប្រដាប់​តោងឈរ​រឹងមាំ ដែល​ត្រូវ​មាន​ផាសុកភាព និង​ហាម​ផ្ទុកមនុស្ស​លើស​ពី​ចំនួន​កន្លែង​អង្គុយ។

លោក គឹម បញ្ញា បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជឿជាក់​ថា ប្រាកដ​ជា​ពុំមាន​និយោជក​រូបណា​ដែល​អាច​មាន​ក្តី​សប្បាយ​រីករាយ និង​មោទនភាព ចំពោះ​ការ​រីកចម្រើន ឬ​ការ​បន្ត​ដំណើរការ​នៃ​អាជីវកម្ម​របស់ខ្លួន​បាន​ក្នុង​រយៈពេល​យូរ​ឆ្នាំ​កន្លង​មក និង​បន្ត​ទៅ​ពេល​អនាគត ប៉ុន្តែ​កម្មករ​និយោជិត​ដែល​កំពុង បម្រើ​ការងារ​នៅ​រោងចក្រ​របស់ខ្លួន បែរ​ជា​ត្រូវ​បន្ត​ធ្វើ​ដំណើរ​នៅ​លើ​រថយន្ត​ដែល​គេ​ផលិត​ឡើង​មិនមែន​សម្រាប់​ដឹក​ជញ្ជូន​មនុស្ស ហើយ​ឈរ​ប្រជ្រៀត​គ្នា​ណែនណាន់​តាន់តាប់​ទៅវិញ​នោះ»។

លោកថា ដោយ​ឈរ​លើ​មូលហេតុ​នេះ វា​ពិតជា​ចាំបាច់​ណាស់​ដែល​ត្រូវ​ធ្វើការ​រួមគ្នា​ឱ្យ​បាន​កាន់​តែខ្លាំង​ថែម​ទៀត សំដៅ​ឈាន​ទៅ​ដោះស្រាយ​ឱ្យ​បាន​ជោគជ័យ​ក្នុង​ពេល​ឆាប់​រហ័ស ចំពោះ​បញ្ហា​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​និយោជិត តាម​រថយន្ត​ដែល​គេ​ប្រើស​ម្រាប់​ដឹកទំនិញ និង​មិនមាន​សុវត្ថិភាព​បែបនេះ។

ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ​ដែរ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោកស្រី មឹន មាណវី បានថ្លែងគាំទ្រ និង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​និយោជិត​ដែល​មិនមាន​សុវត្ថិភាព​មក​ជា​រថយន្ត​ដែល​មាន​សុវត្ថិភាព​វិញ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ការ​ផ្លាស់ប្តូរ​រថយន្ត​ដឹក​កម្មករ​និយោជិត​ដែល​មិន​មាន​សុវត្ថិភាព​មក​ជា​រថយន្ត​ដែល​មាន​សុវត្ថិភាព​វិញ គឺ​ដើម្បី​ជា​ផល​ប្រយោជន៍​ជូនដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ខណៈ​ដែល​រាជរដ្ឋាភិបាល​តាមរយៈ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​បាន និង​កំពុង​តែ​ទទួល​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ជូន​កម្មករ​និយោជិត​ដែល​រងគ្រោះ​ថ្នាក់​ចរាចរណ៍»។

លោកស្រី មឹន មាណវី បាន​បញ្ជាក់​ទៀតថា បច្ចុប្បន្ន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា ដោយ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ ២០២១ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ១ ២៦១ លើក ហើយ​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន ៧០៩ នាក់ និង​របួសធ្ងន់-ស្រាល ១ ៧៩២ នាក់។

លោកស្រី​បាន​លើក​ឡើង​ថា៖ «ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន​ករណី​គ្រោះថ្នាក់​លើ​កម្មករ​និយោជិត​ចំនួន ៦ លើក ប៉ុន្តែ​មិនមាន​កម្មករ​ណា​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ទេ គឺ​មាន​កម្មករ​រងរបួស​ចំនួន ២៧៦ នាក់ ប៉ុន្តែ​ក្នុង​ឆមាសទី២ នេះ បែរ​ជា​មាន​កម្មករ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣ នាក់ហើយ»៕

វីដេអូ៖