វ៉ា់ក់សាំង Sinovac ដែលជាជំនួយរបស់យន្តការ Covax ចំនួន ១២៤.៨០០ ដូសទៀតបានមកដល់កម្ពុជាហើយ

ទិត្យ គង់នៅ / ខ្មែរថាមស៍ Share:
វ៉ាក់សាំង Sinovac ចំនួន ១២៤.៨០០ ដូសបានមកដល់កម្ពុជាតាមរយៈយន្តការ COVAX នៅថ្ងៃសុក្រនេះ។ KT/ ខឹម សុវណ្ណារ៉ា

កាល​ពី​ថ្ងៃ​សៅរ៍ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង Sinovac ចំនួន ១២៤.៨០០ ដូស។ រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបចំនួន ២​,៥ លានដូសនៃការគ្រោងទុកចំនួន ៦,៦ លានដូសពីយន្តការ COVAX។

លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងតំណាង COVAX Facility បាននិយាយថាផែនការនេះគឺនឹងផ្តល់វ៉ាក់សាំងសរុបចំនួន ៦,៦ លានដូសដល់ប្រទេសកម្ពុជា។

លោកស្រីបន្តថា Covax នឹងបន្តផ្តល់ការដឹកជញ្ជូនវ៉ាក់សាំងទៅតាមការគ្រោងទុករបស់រដ្ឋាភិបាល។

លោកស្រីបានឲ្យដឹងថា៖ «ដូចដែលយើងបានដឹងហើយថារដ្ឋាភិបាលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនមួយចំនួនធំរួចទៅហើយ ដូច្នេះជំហានបន្ទាប់គឺផ្តល់វ៉ាក់សាំងប្រភេទផ្សេងៗគ្នាសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញតាមផែនការរបស់រដ្ឋាភិបាល។ ដូច្នេះ​ វ៉ាក់សាំង​បន្ទាប់​គឺ​ជាការ​សហការ​គ្នា​ក្នុង​ការ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល ​ក៏​ដូច​ជា​ក្រសួង​សុខាភិបាល»។

លោកស្រីបន្ថែមថា៖ «យើងមើលឃើញថារដ្ឋាភិបាលកម្ពុជាបានវិនិយោគទៅលើការបញ្ជាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រទេសផ្សេងៗព្រមទាំងជំនួយទ្វេភាគីជាមួយប្រទេសដទៃទៀត។ ជាលទ្ធផល យើងឃើញថាប្រជាជនជាង ៩០% បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដូច្នេះនេះគឺជាការជោគជ័យដ៏ធំមួយ»។

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) បាននិយាយថាកម្ពុជាបានបំពេញការងារយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការផ្តល់វ៉ាក់សាំងដល់ប្រជាជន។

លោកស្រីបន្តថាកម្ពុជាជាប្រទេសឈានមុខគេមួយក្នុងពិភពលោក និងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការផ្តល់វ៉ាក់សាំងដល់ប្រជាជនងាយរងគ្រោះ និងជាពិសេសដល់ក្រុមងាយរងគ្រោះ រួមទាំងបុគ្គលិកសុខាភិបាលនៅជួរមុខ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃ។

លោកស្រីបន្ថែមថាយន្តការ COVAX បានផ្តល់វ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពដល់ប្រទេសនានារួមទាំងកម្ពុជា ដោយផ្អែកលើវ៉ាក់សាំងសកលដែលមានសក្តានុពល និងផែនការវ៉ាក់សាំងជាតិ ក៏ដូសជាសមត្ថភាពសម្រាប់ការចាក់វ៉ាក់សាំងដែលរួមមានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ (EUL)។

លោកស្រី​ថារហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភពលោកដែលមានក្នុងបញ្ជី EUL ចំនួន​បី​ប្រភេទក្រោយយន្តការ COVAX រួម​មាន AstraZeneca, Johnson & Johnson និង Sinovac។

លោកស្រីលើកឡើងថាបច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់វ៉ាក់សាំង WHO EUL ចំនួន ៤ ប្រភេទ។ ដែលជាការសម្រេចរបស់រដ្ឋាភិបាលផ្អែកលើការត្រៀម និងសម្របខ្លួនសម្រាប់វ៉ាក់សាំងដទៃទៀតនៅថ្ងៃអនាគត រួមទាំងវ៉ាក់សាំង Sinopharm ដែលមិនទទួលបានតាមរយៈយន្តការ Covax ។

លោកស្រីថា WHO ប្តេជ្ញាយ៉ាងពេញទំហឹង និងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល គណៈកម្មាធិការស្រាវជ្រាវកូវីដ-១៩ និងដៃគូនានា រួមទាំងអង្គការយូនីសេហ្វ ដើម្បីគាំទ្រដល់ការដាក់ឲ្យប្រើប្រាស់នូវវ៉ាក់សាំងកូវីដ-១៩ និងលើសពីនេះទៀត។

លោកស្រីនិយាយថាបច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលថ្មីនៃការធ្វើផែនការកែសម្រួល និងទ្រទ្រង់ការឆ្លើយតបចំពោះជំងឺកូវីដ-១៩ រយៈពេលវែងដើម្បីជួយសង្គ្រោះជីវិតជៀសពីបន្ទាត់ក្រហម និងការពារជនងាយរងគ្រោះ ខណៈអនុញ្ញាតឲ្យមានការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

លោកស្រី​ក៏​បាន​និយាយ​ផងដែរ​ថាដំណើរ​របស់​ប្រទេស​កម្ពុជា ​ដើម្បី​រៀន​ពី​របៀបរស់នៅ​ជាមួយ​មេរោគ​ និង​របៀប​ធានា​ទាំង​ជីវិត និង​ជីវភាព​មាន​មហិច្ឆតា ប៉ុន្តែ​អាច​ទៅរួច​។ ដោយវា​ទាមទារ​ការ​ប្រឹងប្រែង​របស់​អ្នក​រាល់​គ្នា​។

លោកស្រីបន្តថា៖ «យើងទាំងអស់គ្នាចូលរួមចំណែករបស់យើង ដើម្បីបន្តការចាក់វ៉ាក់សាំងឲ្យបានពេញលេញ និងអនុវត្តវិធានការសុខភាពសាធារណៈដើម្បីទប់ស្កាត់ជំងឹកូវីដ-១៩។ ជំងឺរាតត្បាតមិនទាន់បញ្ចប់នៅឡើយទេ ហើយមេរោគនេះនៅតែបន្តរីករាលដាលនៅក្នុងសហគមន៍ទាំងនៅកម្ពុជា និងប្រទេសជាច្រើនទៀត»៕

Related Posts

Previous Article

កិច្ចប្រជុំកំពូលទេសចរណ៍មេគង្គពិភាក្សាលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព

Next Article

រដ្ឋាភិបាលអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២