ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​បន្ថែម​ទៀត

Share:
ព្រះអង្គ​ប្រទាន​ពរ​ដល់​ដើមឈើ​មួយ​ដើម ដែល​បាន​ដាំ​ក្នុង​ពិធី​នោះ ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីម្សិលមិញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើ និងដាំដើមឈើឲ្យបានច្រើន។

ព្រះមហាក្សត្របានមានព្រះបន្ទូល​ក្នុង​ឱកាស​អញ្ជើញ​ជាព្រះ​អធិបតី​ក្នុង​ពិធី​ ​រុក្ខ​ទិវា ដែល​ប្រារព្ធ​ឡើង​នៅ​ស្ថានីយផ្សព្វផ្សាយ និង​ស្តារ​ព្រៃ​ឈើ​សំបួរមាស ក្នុងភូមិ​សំបួរមាស ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបងថា «ខ្ញុំសូមអំពាវនាវដល់ព្រះតេជគុណ អាជ្ញាធរដែនដី វិស័យឯកជន ក៏ដូចជាបងប្អូនជនរួមជាតិទូទាំងប្រទេស សូមមេត្តាដាំដើមឈើគ្រប់ប្រភេទតាមតែអាចធ្វើទៅបាន រួមទាំងដើមត្នោត ហើយការដាំដើមនេះអាចធ្វើឡើងនៅតាមទីវត្តអារាម ទីសាធារណៈ និងតំបន់ទេសចរណ៍ ទីធ្លាតាមផ្លូវភូមិ និងផ្លូវជាតិ តាមប្រឡាយក្នុងភូមិ និងតាមវាលស្រែ ដើម្បីផ្តល់ម្លប់ដល់មនុស្ស និងសត្វ។

ដើមឈើទាំងនេះអាចប្រើជាឈើសម្រាប់សាងសង់ អុស ធ្យូង ហើយពួកវានឹងធ្វើអោយដីកសិកម្មមានភាពប្រសើរឡើង និងទប់ទល់ខ្យល់ព្យុះ។

ព្រះអង្គបានបន្ថែមថា ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីរបស់វារួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាពទាំងអស់នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដោយធានាបាននូវសន្តិសុខស្បៀង និងសំណាញ់សុវត្ថិភាព ការកែលម្អជីវភាពរស់នៅ ការផ្តល់ការងារ និងកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់អាហារូបត្ថម្ភនិងសុខភាព ការរក្សាបាននូវនិរន្តរភាពផលិតកម្ម កំណើនសេដ្ឋកិច្ច សមភាព បរិយាប័ន្ន និងភាពជាដៃគូ ធនធានទឹក ការការពារជលផល សន្តិសុខថាមពល ការអភិរក្សជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីលើដី ដោយគាំទ្រដល់និរន្តរភាពទីក្រុង និងការលើកកម្ពស់ការការពារ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ព្រះអង្គបានបន្តទៀតថា ការបាត់បង់ព្រៃឈើគ្រប់ប្រភេទអាចបង្កជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះ និងគ្រោះរាំងស្ងួត ដែលធ្វើឲ្យបាត់បង់ទុនបម្រុងទឹកសម្រាប់តម្រូវការរបស់មនុស្ស និងសត្វ ដែលនាំឱ្យបាត់បង់ចំណូល និងបាត់បង់សត្វព្រៃ និង ធនធានមច្ឆាគ្រប់ប្រភេទ ហើយអាចនាំទៅរកការវិនាសសាបសូន្យ និងការរិចរិលដី។

ព្រះអង្គបានសង្កត់ធ្ងន់ថា “យើងគួរតែយកចិត្តទុកដាក់ផ្តួចផ្តើមគំនិតថ្មីៗ រួមទាំងការដាំដើមឈើនៅសួនអាពាហ៍ពិពាហ៍ ឬសួនព្រៃឈើ ដែលបង្កើតឡើងដោយរដ្ឋបាលក្រុង ឬខេត្ត ឬរដ្ឋបាលព្រៃឈើសម្រាប់គ្រប់ស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ។

ព្រះករុណា​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់ ជួយ​ទប់ស្កាត់ និង​បញ្ឈប់​ការកាប់​ឈើ ឈូសឆាយ ដុត​បំផ្លាញ​ព្រៃឈើ​ ការបរបាញ់ និងអន្ទាក់សត្វព្រៃខុសច្បាប់ និងចូលរួមការពារព្រៃឈើ ជាពិសេសទប់ស្កាត់ភ្លើងឆេះព្រៃនៅតំបន់ដែលពួកគេរស់នៅ ដើម្បីការពារធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយ។

ជាពិសេស ព្រះអង្គមានព្រះបន្ទូលថា យើងចាំបាច់ត្រូវយកចិត្តទុកដាក់លើការធ្វើពិពិធកម្មកសិកម្មក្នុងសហគមន៍នីមួយៗ ដោយផ្អែកលើសក្ដានុពលនៃដីរបស់ខ្លួន ដោយមិនពឹងផ្អែកលើអនុផលមិនមែនព្រៃឈើ និងដោយមានការណែនាំពីអ្នកជំនាញបច្ចេកទេស។

ក្នុងឱកាសនោះ កូនឈើប្រមាណ ១៣,៩៤៨ ដើមនៃប្រភេទកម្រ និងប្រណិតត្រូវបានដាំនៅលើផ្ទៃដីជាង ១០ ហិកតា។ ហេង បញ្ញា – ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

Related Posts

Previous Article

AFF៖ មីយ៉ាន់ម៉ា បន្ត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយទម្លាក់​កម្ពុជា

Next Article

កម្ពុជា​ប្រារព្ធ​ទិវា​រុក្ខទិវា​បន្ទាប់ពី​ផ្អាក​រយៈពេល​២​ឆ្នាំ ដោយសារ​ជំងឺ​រាតត្បាត​