មន្ត្រី​ស្ថានទូត​រុស្ស៊ីប្រចាំប្រទេស​កម្ពុជា បាន​អះអាង​ថា លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​លិខិត​អញ្ជើញ​ប្រមុខរដ្ឋ​សហព័ន្ធ​រុស្ស៊ី សម្រាប់​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងនាម​ប្រធាន​ប្តូរ​វេន ក្នុង​ខែវិច្ឆិកា​ខាងមុខ ប៉ុន្តែ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា មិនទាន់​ទទួល​បានការ​ឆ្លើយតប​នោះ​ទេ។

បើ​ទោះបី​មិនទាន់​មានការ​បញ្ជាក់​ពី​វត្តមាន​របស់​ប្រមុខរដ្ឋ​រុស្ស៊ី ប៉ុន្តែ​កម្ពុជា​បាន​ត្រៀមខ្លួន សម្រាប់​ដំណើរការ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា ដោយមាន​ប្រមុខ​រដ្ឋាភិបាល និង​គណៈប្រតិភូ​ជាង ៤០ ប្រទេស​មក​ចូលរួម ដោយ​ត្រូវ​ផ្អាក​កម្មវិធី​បុណ្យអុំទូក​ប្រចាំឆ្នាំ ព្រោះ​វា​នៅ​កៀក​គ្នា​ពេក។

ក្នុង​ការ​សង្ខេប​ព្រឹត្តិ​ការណ៍ ជុំវិញ​សង្គ្រាមនៅ​អ៊ុយក្រែន និង​បញ្ហា​ពាក់ព័ន្ធ​នានា ដែល​រៀបចំឡើង​ដោយស្ថាន​ទូត​សហព័ន្ធ​រុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី៧ កាលពី​ថ្ងៃទី ១៥ ខែកញ្ញា លោក Rafael Iangareev មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​របស់​ស្ថានទូត​រុស្ស៊ីប្រចាំនៅ​រាជធានី​ភ្នំពេញបាន​និយាយ​ថា ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា បាន​ទទួលលិខិត​អញ្ជើញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​អញ្ជើញ​ប្រមុខរដ្ឋ​សហព័ន្ធ​រុស្ស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​រុស្ស៊ី ដែល​នឹង​ត្រូវ​រៀបចំឡើង នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ។

លោក​មន្ត្រីទូត​រូប​នេះ បាន​អះអាង​ថា ស្ថានទូត​រុស្ស៊ី ប្រចាំ​ក្រុងភ្នំពេញ បាន​បញ្ជូន​លិខិត​អញ្ជើញ​នោះ​ទៅកាន់​ក្រុង​ម៉ូស្គូ​រួចរាល់​ហើយ ប៉ុន្តែ​រហូតមកដល់​ពេលនេះ មិនទាន់​មានការ​សម្រេចចិត្ត​ណាមួយ ដែល​ស្ថានទូត​ប្រចាំ​ទីក្រុង​ភ្នំពេញ បានដឹង​ពីសំណាក់​វិមាន​ក្រឹម​ឡាំង នៅឡើយ​ទេ។

ទោះបី​យ៉ាងណា មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​ប្រចាំ​ស្ថានទូត​រូប​នេះ បាន​លើកឡើង​ពី​ភាព​សំខាន់​ស្តី​ពី​ទំនាក់ទំនង​អាស៊ាន និង​រុស្ស៊ី ក៏ដូចជា​ទំនាក់-ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​រុស្ស៊ី ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ព័ត៌មាន​ផ្លូវការ​អំពី​ថា តើ​លោក​ប្រធានាធិបតី វ្ល៉ា​ឌីមៀរ ពូ​ទីន នឹង​ចូលរួម​កិច្ចប្រជុំ ឬអត់​នោះ​ទេ។ អាស៊ាន និង​វិមាន​ក្រឹម​ឡាំង បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​រុស្ស៊ី​លើកដំបូង ក្នុង​ឆ្នាំ ២០០៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី។

មេដឹកនាំ​រុស្ស៊ី គឺ​អតីត​ប្រធានាធិបតី​លោក ឌី​មី​ទ្រី មេដ​វេ​ដេវ​ (Dmitry Medvedev) ដែល​ចូលកាន់​តំណែង ក្នុង​ឆ្នាំ ២០០៨ យ៉ាងហោចក៏​ធ្លាប់​បាន​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​ចំនួន ២ លើក ដោយ​លើក​ទី១ ក្នុងអំឡុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ ២០១២ និង​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​លើក​ទី២ ក្នុង​ឆ្នាំ ២០១៥ ក្នុងនាម​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី។

ទោះបីជា​វត្តមាន​របស់​លោក ពូ​ទីន សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​រុស្ស៊ី ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ អាស៊ាន​រុស្ស៊ី ថ្ងៃទី ១២ ឬ ១៣ ខែវិច្ឆិកា មិនទាន់​ត្រូវ​បាន​អះអាង​ក្តី ប៉ុន្តែ​វត្តមាន​របស់​ប្រមុខរដ្ឋ​សហព័ន្ធ​រុស្ស៊ី​នេះ ត្រូវ​បាន​បញ្ជាក់ សម្រាប់​ការចូលរួម​ប្រជុំ​កំពូល G20 នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​នឹង​រៀបចំឡើង​តែ ២ ថ្ងៃ ក្រោយ​កិច្ចប្រជុំ នៅ​ទីក្រុង​ភ្នំពេញ។

ប្រទេស​ថៃ ឯណោះ​វិញ ដែល​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​វេទិកា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ហៅ​កាត់​ថា «APEC» ក៏បាន​អញ្ជើញលោក ពូ​ទីន ទៅ​ចូលរួម​ផង​ដែរ ដោយ​កិច្ចប្រជុំ APEC នឹង​ត្រូវ​រៀបចំឡើង​តែ ២ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កិច្ចប្រជុំ G20 ។

វត្តមាន​ក្នុង​កិច្ចប្រជុំ​របស់​លោក ពូ​ទីន បាន​ក្លាយជា​ចំណុច​គួរ​ចង់​ដឹង និង​តាមដាន បន្ទាប់ពី​រូបលោក​បាន​បង្ក​ឱ្យ​មាន​អរិភាព​យ៉ាង​ខ្លាំង ជាមួយ​សហរដ្ឋអាមេរិក និង​មហាអំណាច ក្នុង​តំបន់​អឺរ៉ុប​ខាងលិច ដោយសារ​ប្រមុខ​ដឹកនាំ​រុស្ស៊ី​រូប​នេះ សម្រេច​លើកទ័ព​ចូលលុក​លុយ​ប្រទេស​អ៊ុយក្រែន ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ ដើមឆ្នាំ​នេះ ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​លម្អៀង​ទៅ​រក​លោកខាងលិច​ដោយ​ការ​ចូល​អង្គការ​ណា​តូ ដែល​ជា​ក្តី​កង្វល់ ចំពោះ​សន្តិសុខជាតិ​រុស្ស៊ី ព្រមទាំង​ចោទប្រកាន់​រដ្ឋាភិបាល​អ៊ុយក្រែន បច្ចុប្បន្ន​ថា «ប្រកាន់​រប​បណាហ្ស៊ី​និយម» ដែល​សម្លាប់​ពលរដ្ឋ នៅ​តំបន់​ភាគ​ខាងកើត ដែល​ទាមទារ​បំបែក​ខ្លួន និង​គាំទ្រ ដោយ​រុស្ស៊ី។

មេដឹកនាំ​ប្រទេស​ជាច្រើន​ចង់​ចេញមុខ​ជួប​ផ្ទាល់​ជាមួយ​លោក ពូ​ទីន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឈាន​ទៅ​បញ្ចប់​សង្គ្រាម នៅ​អ៊ុយក្រែន ដែល​បាន​អូស​បន្លាយ​ជិត ៩ ខែ​ទៅ​ហើយ ប៉ុន្តែ​គ្មាន​សញ្ញាណ​ឈ្នះ ឬក៏​ចាញ់​ពិតប្រាកដ​នោះ​ទេ ដោយសារ​កងទ័ព​នៃ​ប្រទេស​ទាំង ២ បាន​វាយ​រុញច្រាន​គ្នា​ទៅវិញទៅមក ក្នុងអំឡុងពេល​នេះ។

មូលហេតុ​នៃ​ការរៀបចំ​ប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត ដែល​មាន​មេដឹកនាំ​ពិភពលោក​សំ​ខាន់ៗ ចូលរួម​នៅ​ក្រុងភ្នំពេញ ក៏​ជា​មូលហេតុ​ចម្បង​មួយ ដែល​នាំ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​ផ្អាក​កម្មវិធី​ប្រណាំងទូក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ ដែល​គ្រោង​ធ្វើ​នៅ​ភ្នំពេញ​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចែកចាយ​តាម​បណ្តាញ​សង្គម នៅ​ថ្ងៃទី ១៥ ខែកញ្ញា។

លោក ហ៊ុន សែន បាន​ចេញ​សារ​បញ្ចាក់​មូលហេតុ​ដល់​ប្រជាជន​កម្ពុជា ក្រោយ​មានការ​រិះគន់​ខ្លះ​អំពី​មូលហេតុ​ផ្អាក​កម្មវិធី​ប្រណាំងទូក​បណ្តាល​មក​ពី​ខ្វះ​ថវិកា​ចំណាយ ដោយ​អះអាង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​អម​ដោយ​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន ដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក៣ ដែល​រួមបញ្ចូល​អាស៊ាន និង​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​រុស្ស៊ី ជាដើម នឹង​ត្រូវ​រៀបចំឡើង នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៣ ខែវិច្ឆិកា។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «តាម​ការ​គ្រោង​រៀបចំ​របស់​យើង គឺ​យើង​ប្រជុំ​អាស៊ាន ចាប់ផ្តើម​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ហើយ​ចាប់ពី​ថ្ងៃទី ១០ ១១ ១២ និង ១៣ គឺជា​ការប្រជុំ​ដ៏​ធំ នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​យ៉ាងច្រើន​មកកាន់​ទីក្រុង​ភ្នំពេញ»។

លោក​បាន​បន្ត​ថា៖ «ប្រសិនបើ​កម្មវិធី​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ ចាប់ផ្តើម​ពី​ថ្ងៃទី ៧ គឺ​មាន​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃទី ៨ មាន​ទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ចិន និង​នៅ​ថ្ងៃទី ៩ មាន​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ហ្វីលីពីន»។

តាម​ប្រតិទិន កម្មវិធី​ប្រណាំងទូក​ថ្នាក់​ជាតិ​អម​ដោយ​ព្រះរាជ​ពិធីបុណ្យ​អកអំបុក និង​សំពះព្រះខែ រយៈពេល ៣ ថ្ងៃ ចំ​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៩ ខែវិច្ឆិកា​នោះ​តែម្តង។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ការប្រជុំ​អាស៊ាន​លើក​នេះ​អាច​ចាត់ទុកថា ជា​ការប្រជុំ ដ៏​ធំ ដែល​មិនធ្លាប់​មាននៅ​ក្នុង​ប្រវត្តិ​នៃ​ការប្រជុំ​អាស៊ាន រាប់ទាំង​រដ្ឋមន្ត្រី​ការបរទេស ដែល​យើង​មាន​គណៈប្រតិភូ រហូត​ជិត ៤០ គណៈប្រតិភូ ធ្វើដំណើរ​មកកាន់​ក្រុងភ្នំពេញ កាលពីដើម​ខែសីហា កន្លងទៅ។

លោក បាន​បញ្ជាក់​ថា៖ «ការប្រជុំ​កំពូល​អាស៊ាន នៅពេល​ខាងមុខ ជា​ការប្រជុំ​ដ៏​ធំ ដែល​កម្រ​កើតមាន ហើយ​វា​មិនបាន​កើតមាន​នោះ​ឡើយ ក្នុង​ឆ្នាំ ២០២០ និង​ឆ្នាំ ២០២១ ដែល​ត្រូវ​ធ្វើ​នៅក្នុង​ប្រទេស​វៀតណាម និង​ប្រ៊ុយណេ ប៉ុន្តែ​ជាកុសល​ល្អ យើង​អាច​ធ្វើ​នៅ​ក្រុងភ្នំពេញ» ។

ជាមួយគ្នា​នេះ ស្ថានទូត​កម្ពុជា​ប្រចាំ​ទី​ក្រុង​ម៉ូស្គូ​មិនទាន់​ឆ្លើយតប​សំណួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ការ​បញ្ជាក់​របស់​វិមាន​ក្រឹម​ឡាំង​នោះ​ទេ​៕