ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ជាថ្មី ដោយ​បដិសេធ​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ ដើម្បី​ប្រជាធិបតេយ្យ និង​ស្នើឱ្យ​មេបក្ស​ដែល​តាំងខ្លួន​ជា​ព្រហ្ម​រូបនេះ​ចេញមុខ​បកស្រាយ​ ដើម្បី​កុំឱ្យ​សាធារណជន​បន្ត​មានការ​យល់ច្រឡំ​។

ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​នៅ​ខេត្ត​សៀមរាប ​កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា ក្នុង​ករណី​នេះ​មាន​អ្នកចោទ​ថា លោក​នៅ​ពីក្រោយ​ព្រឹត្តិការណ៍​នេះ​ដើម្បី​បន្លប់​ព្រឹត្តិការណ៍​អ្វីមួយ​។ យ៉ាងណាមិញ លោក​ ហ៊ុន សែន បដិសេធ​នៅ​ពីក្រោយ​ខ្នង​នៃ​ព្រឹត្តិការណ៍​នោះ និង​បាន​ផ្តាំផ្ញើ​ទៅ​លោក ខឹម វាសនា គួរ​ចេញមុខ​បកស្រាយ​ជុំវិញ​ករណីនេះ​ដើម្បី​កុំឱ្យ​មាន​ការភាន់ច្រឡំ​។

លោក​ថា​៖ «​គេ​បាន​និយាយថា ខ្ញុំ​ជា​អ្នកបញ្ជា​ឱ្យ ខឹម វាសនា ដើម្បី​ធ្វើ​រឿងនេះ ដូច្នេះ​ខ្ញុំ​អំពាវនាវ​ទៅ​ឯកឧត្តម ខឹម វាសនា និង​អ្នកគាំទ្រ ឆ្លើយតប​ត្រឡប់​ទៅវិញ ព្រោះ​គេ​ចោទថា ខ្ញុំ​ជា​អ្នកបញ្ជា​ឱ្យ​បង្កើត​ព្រឹត្តិការណ៍​នេះ​ដើម្បី​បង្វែរ​ពី​រឿងនេះ​រឿង​នោះ​។ អ៊ីចឹង​មានតែ​ឯកឧត្តម​ ខឹម វាសនា​ទេ តើ​ឯកឧត្តម សុខចិត្ត​ឱ្យគេ​ចោទ​ឯកឧត្តម ជា​អាយ៉ង​របស់​ខ្ញុំ អ្នកគាំទ្រ​ឯកឧត្តម ជា​អាយ៉ង​របស់ខ្ញុំ ឬក៏​ឯកឧត្តម ចេញមុខ​បដិសេធ​»​។

ជាមួយ​គ្នា​នេះដែរ លោក​បាន​គូសបញ្ជាក់​ពី​មូលហេតុ​ដែល​លោក​មិន​ប្រើ​កម្លាំង​ទៅ​បង្ក្រាប​ការប្រមូលផ្តុំ​នោះ ដោយ​ចាត់ទុក​ថា ព្រោះ​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ចាញ់បោក​ និង​ជឿ​អបិយ​ជំនឿ​ខុស​រឿង​។ បើសិន​ជា​រដ្ឋាភិបាល​ប្រើ​កម្លាំង​បង្ក្រាប​ទៅ​ការប្រមូលផ្តុំ​នៅ​ចម្ការ​នោះ​នឹងមាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន ប៉ុន្តែ​ករណីនេះ​មិនមែន​ជា​ជម្រើស​ល្អ​ឡើយ​។

លោក​ថា​៖ «​ខ្ញុំ​មិន​យក​​កម្លាំង​ទៅ​បង្ក្រាប​កម្លាំង​ដែល​គ្រាន់តែ​មក​ជឿ​ជំនឿ​ខុស​រឿង​...​បើ​ធ្វើតាម​ការ​ញុះញង់ ក្រុម​ ខឹម វាសនា មិនដឹង​ជា​របួស ស្លាប់ អស់​ប៉ុន្មាន​នាក់​ទេ ព្រោះ​ត្រឹម​ដី​ប៉ុន្មាន​ហិកតា​សោះ មាន​អី​ពិបាក បើសិន​ជា​ប្រើ​ចុង​កាំភ្លើង ប៉ុន្តែ​រឿងនេះ​មិនមែន​ជា​ជម្រើស​របស់​ ហ៊ុន សែន ដែល​ត្រូវ​ប្រើ​ទេ​។ ជម្រើស​ ហ៊ុន សែន ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ អ្នកណា​ចង់​ផ្តួលរំលំ អ្នកនោះ​ត្រូវ​ទទួលរង​នូវ​ការ​ប្រតិកម្ម​ពី​កម្លាំង​ប្រដាប់​អាវុធ ព្រោះ​អ្នកឯង​ចង់​ផ្តួល​ខ្ញុំ ហេតុ​អី​ខ្ញុំ​ទុក វា​មិន​ដែល​ធ្វើ​នាយករដ្ឋមន្ត្រី​ទុក​ឱ្យគេ​ផ្តួលរំលំ​ទេ​»​។ លោក​ ហ៊ុន សែន ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ជឿ​តាម​ការឃោសនា​បែប​អបិយ​ជំនឿ​នោះ ឈាន​ដល់​ការបែកបាក់​គ្រួសារ ប្តី​ប្រពន្ធ បែកបាក់​កូន និង​ម្តាយ ត្រូវ​មាន​ការយោគយល់​គ្នា​ និង​រួមរស់​ជាមួយគ្នា​សាជាថ្មី​។

ភ្នំពេញ​ ប៉ុស្តិ៍ ​មិនទាន់​អាច​សុំ​ការបកស្រាយ​ពី​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​លោក នី ចាន់ពិនិត្យ ដែល​ជា​តំណាង​គណបក្ស​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​ ១៣ ខែកញ្ញា​។

នាពិធី​នោះ លោក ហ៊ុន សែន បាន​ថ្លែង​ធ្ងន់ៗ​ថា មិន​ថា​នរណា​ក៏ដោយ ដែល​ប៉ុនប៉ង​រំលាយ​កម្លាំង​អង្គរក្ស​ដែល​ការពារ​នាយករដ្ឋមន្ត្រី ត្រូវ​ចាត់ទុក​ថា ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ហើយ​រដ្ឋាភិបាល​នឹង​ប្រតិកម្ម​វិញ​ដោយ​វិធានការ​ក្តៅ​ដូចគ្នា​។

លោក​ថា​៖ «​អ្នកណា​ក៏ដោយ​ប្រឆាំង​ទៅនឹង​អង្គរក្ស​ការពារ​នាយករដ្ឋមន្ត្រី គឺ​អ្នកឯង​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ព្រោះ​អង្គរក្ស​ត្រូវការពារ​បើ​ការពារ​នាយក​រដ្ឋមន្ត្រី​មិនបាន​ប្រទេស​នោះ​គឺ​ច្របូក​ច្របល់​ភ្លាម ប៉ុន្តែ​អ្នកណា​ដែល​ប៉ុនប៉ង រំលាយ​កម្លាំង​អង្គរក្ស​ដែល​ការពារ​ខ្ញុំ គឺ​អ្នកនោះ​ប៉ុនប៉ង ធ្វើ​​រដ្ឋប្រហារ​ ឬ​ប៉ុនប៉ង​សម្លាប់​ខ្ញុំ​»​។

ការព្រមាន​ធ្ងន់ៗ​នេះ បន្ទាប់ពី​លោក​អះអាង​ថា ត្រូវបាន​គេ​ប៉ុនប៉ង​ធ្វើឃាត​ជាច្រើនលើក​ច្រើនសា​មកហើយ​។ លោក​ថា​៖ «​គេ​ប៉ុនប៉ង​ធ្វើឃាត​ច្រើន​លើក​ពេក​នៅពេល​បុណ្យ​កងទ័ព​ជើងគោក ខ្ញុំ​បាន​និយាយ​ហើយ ថា​ខ្ញុំ​ត្រូវគេ​ធ្វើ​រដ្ឋប្រហារ​ចាប់​ឃុំ​ក្នុងផ្ទះ​ម្តង ធ្វើ​រដ្ឋប្រហារ​ ៣ ​ដង និង​ការប៉ុនប៉ង​សម្លាប់​ខ្ញុំ​ថ្ងៃទី​ ២៤ ​ខែកញ្ញា ឆ្នាំ​ ១៩៩៨ នៅ​ខេត្ត​សៀមរាប ដូច្នេះ​បានជា​ខ្ញុំ​តាំងចិត្ត​ថា ដរាប​ណា ហ៊ុន សែន នៅក្នុង​តំណែង​ដរាប​នោះ​មិន​អនុញ្ញាតឱ្យ​នរណា​ធ្វើ​រដ្ឋប្រហារ​ដាច់ខាត​»​។

លោក​បញ្ជាក់​ថា​៖ «​កម្លាំង​ប្រដាប់​អាវុធ​មាន​សិទ្ធិ ទទួល​ការពារជាតិ ការពារ​ប្រជាជន ក្នុង​នោះ​មួយចំណែក​ណា​ត្រូវ​ទទួល​បន្ទុក​ការពារ​រាជធានី​-​ភ្នំពេញ​ការពារ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្នុងនោះ​ក៏មាន​នាយករដ្ឋមន្ត្រី​ដែរ ហើយ​កម្លាំង​នេះ​មាន​តែ​នាយករដ្ឋមន្ត្រី តែ​ ១ ​គត់​ដែលមាន​សិទ្ធិ​បញ្ជា អត់ឱ្យ​អ្នកណា​មាន​សិទ្ធិ​បញ្ជា​ទេ​»​។

សូមបញ្ជាក់​ថា ការប្រមូលផ្តុំ​នៅ​ចម្ការ​លោក ខឹម វាសនា ​បាន​រំសាយ​វិញ​ត្រឹម​ថ្ងៃទី​ ៥ ​កញ្ញា​៕

វីដេអូ៖