Singapore

កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​ចំណាត់ថ្នាក់​ទាប​លើ​ពិភពលោក​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​

Husain Haider / Khmer Times Share:
Draper Innovation Index មិន​បានដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ខ្ពស់​ជា​ប្រទេសមួយ​សម្រាប់​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នោះទេ​។ ​ សហការី

​យោងតាម Draper Innovation Index (DII) បានឱ្យដឹងថា​ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ១៧៦ នៅក្នុង​ពិភពលោក​នៅក្នុង​ស​ន្ទ​ស្សន៍​វាស់​ពី​ទីតាំង​ល្អ​បំផុត​នៅលើ​ពិភពលោក​ដើម្បី​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា (Tech Startups)​។​

ប្រទេស​ថៃ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៧១ ប្រទេស​វៀតណាម​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១៦០ និង​ប្រទេស​ឡាវ​លេខ ២២០ ខណៈដែល​តំបន់​ពីរ​ក្នុងចំណោម​តំបន់​ធំៗ​ចំនួន​បី​គឺ​នៅ​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ដោយ​ប្រទេស​សិង្ហ​បុរី​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២ និង​ហុងកុង​លេខ ៣​។ ស​ន្ទ​ស្សន៍ Draper បាន​ចុះបញ្ជី​ប្រទេស​ចំនួន ២២៨ និង​តំបន់​នានា​។ Draper Innovation Index (DII) បានធ្វើការ​វាស់វែង​រាប់បញ្ចូល​ទាំង​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​និង​សន្ទុះ​នៃ​ការបណ្តាក់ទុន​។​

​លោក Richard Yim ស្ថាបនិក​ក្រុមហ៊ុន Demining Robotics ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​សមតែ​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​លេខ ១៧៦ នេះ​។ ការផលិត​ផលិតផល​ដែល​អាច​បញ្ជូនទៅ​ទីផ្សារ​នៅ​កម្ពុជា​គឺ​ចំណាយ​រយៈពេល​ខ្លី​ហើយ​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​ជុំវិញ​ពិភពលោក​បាន​»​។​

​លោក Richard Yim អាយុ ២៧ ឆ្នាំ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​បាន​សិក្សា​ផ្នែក​វិស្វកម្ម​មេកា​និក​នៅ​សាកលវិទ្យាល័យ University of Waterloo ប្រទេស​កាណាដា​។ លោក​ថា​៖ «​វា​ពិតជា​លំបាក​ណាស់​ក្នុងការ​វិនិច្ឆ័យ​ប្រទេស​កម្ពុជា​ក្នុង​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​»​។​

​លោក​បន្ថែមថា​៖ «​ប្រទេស​កម្ពុជា​គឺជា​កន្លែង​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ការកសាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ សមត្ថភាព​ក្នុងការ​ព​ន្លឿ​ន​ដំណើរការ​ផលិតផល​ទៅកាន់​ទីផ្សារ​មាន​សារៈសំខាន់​ណាស់​រួមជាមួយ​នឹង​ការ​ការគាំទ្រ​ពី​ក្រសួង​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​»​។​

​លោក Richard Yim ជឿជាក់ថា​ប្រទេស​ថៃ​និង​សិង្ហ​បុរី​ទាក់ទាញ​អាជីវកម្ម​បង្កើត​ថ្មី​តាមរយៈ​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​របស់​រដ្ឋាភិបាល​។​

«​ការចាត់​ចំណាត់ថ្នាក់​ដូច្នេះ​ផ្ដល់​ជា​សញ្ញា​ដល់​វិនិយោគិន​ដើម្បី​រកមើល​ទីតាំង​ផ្សេង​ក្រៅពី​ប្រទេស​កម្ពុជា​។ ប្រទេស​កម្ពុជា​ផ្តល់​អត្ថប្រយោជន៍​ដែល​ប្រទេស​ផ្សេងទៀត​អាច​នឹង​មិនមាន​។ ការចូល​ដោយផ្ទាល់​ទៅកាន់​មន្ត្រី​រដ្ឋាភិបាល​និង​ការគាំទ្រ​របស់​ពួកគេ​មុនពេល​ចាប់ផ្តើម​ផលិតផល​ឬ​សេវាកម្ម​គឺជា​អត្ថប្រយោជន៍​ដ៏​កម្រ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ជាមួយគ្នានេះ​ផងដែរ ប្រជាជន​វ័យក្មេង​នៅក្នុង​ប្រទេស​នេះ​ដើរតួ​ជា​កម្លាំង​ពលកម្ម​ដ៏​សំខាន់​»​។​

​លោក Kenneth Tang នាយក​គ្រប់គ្រង​ក្រុមហ៊ុន Dynamic Technologies ថ្លែងថា​៖ «​ចំណាត់ថ្នាក់​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ភាពងាយស្រួល​ក្នុងការ​បង្កើត​អាជីវកម្ម​នៅ​កម្ពុជា​នោះទេ​»​។​

Dynamic Technologies គឺជា​និមិត្តរូប​នៃ​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ខណៈដែល​ខ្លួន​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ដល់​វិស័យ​ឧស្សាហកម្ម​ជាច្រើន​រាប់​ចាប់ពី​ធនាគារ​រហូតដល់​សុខភាព និង​កំពុង​ជំ​រុញឱ្យ​ប្រទេស​កម្ពុជា​ចូលទៅក្នុង​បណ្តាញ​ទីក្រុង​អាស៊ាន​ឆ្លាត​វៃ ASEAN Smart Cities​។​

​លោក Kenneth Tang ថ្លែងថា​៖ «​ឧបសគ្គ​ក្នុង​ការចូល​ប្រទេស​កម្ពុ​ជាមាន​ចំនួន​តិចតួច​។ ប្រទេស​នេះ​កំពុងផ្តល់​ភាពងាយស្រួល​ទាក់ទង​នឹង​ការផ្តល់​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរ​និង​បើកចំហ​សម្រាប់​ប្រជាជន​មិនមែនជា​ជនជាតិខ្មែរ​ដែល​ចាប់ផ្តើម​អាជីវកម្ម​នៅទីនេះ​។ សម្រាប់​កន្លែង​ផ្សេងទៀត​ដូចជា Silicon Valley ដែលជា​កន្លែង​ដែល​អ្នកនឹង​ចំណាយ​ប្រាក់​ប្រមាណ​ជា ១០ ម៉ឺន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​កម្មវិធី អ្នក​អាច​ទទួលបាន​នរណាម្នាក់​ដែលមាន​ជំនាញ​ប្រហាក់ប្រហែល​សម្រាប់​តម្លៃ​ដែល​សមស្រប​នឹង​ការចាប់ផ្តើម​។ វា​ជាការ​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា​នៅពេល​ចាប់ផ្តើម​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា អ្នក​ក៏​អាច​ភ្ជាប់​ទៅកាន់​បណ្តាញ​អាស៊ាន​ធំ​ជាង​នេះ​បានដែរ​មិន​ថា ប្រទេស​វៀតណាម ថៃ​ឬ​ឡាវ​នោះទេ​»​។​

​ទោះជា​យ៉ាងណា លោក Mike Gaertner ប្រធាន​ផ្នែក​ប្រតិបត្តិការ​ប្រចាំ​នៅ​ក្រុមហ៊ុន Sabay Digital ថ្លែងថា​ខណៈពេល​ដែលមាន​ភាពងាយស្រួល​ក្នុង​ការបង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា ប្រតិបត្តិការ​ក្រុមហ៊ុន​ដែល​ផ្តោតលើ​ទីផ្សារ​ពិភពលោក​ប្រហែលជា​មិន​ងាយស្រួល​នោះទេ ដែល​អាច​បណ្តាលឱ្យ​កម្ពុ​ជាមាន​ចំណាត់​ថ្នាក់ទាប​។​

​លោ​កថា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​មុនពេល​ក្រុមហ៊ុន​កម្ពុជា​ចូលក្នុង​ឆាក​ពិភពលោក ខណៈ​ដែលមាន​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែលម្អ​។ ទោះយ៉ាងណា លោក​ជឿជាក់ថា​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​អ្នកដើរតួ​យ៉ាងរឹងមាំ​ក្នុង​តំបន់​ក្នុងនាម​ជា​អ្នកបង្កើត​បច្ចេកវិទ្យា​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​៕

Related Posts

Previous Article

ក្រុមហ៊ុន Haystack Asia ទិញយកក្រុមហ៊ុនបច្ចេកវិទ្យា KhmerDev

Next Article

E-School បានផ្តល់​សេវា​សិក្សា​តាម​អ៊ិន​ធរ​ណេ​ត​ដោយ​ឥតគិតថ្លៃ​ដល់​សិស្ស​ថ្នាក់​ទី ១២