ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃទី ​១៤ កញ្ញា ​បាន​បន្ត​បើក​សវនាការ​លើកទី៥៦ លើសំណុំ​រឿង​លោក ​កឹម សុខា​ ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ក្រោម​បទ​ចោទ​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំរាជ​រដ្ឋាភិបាល ដែល​ដឹក​នាំ ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

លោក ប្លង់ សុផល អ្នកនាំ​ពាក្យ​អយ្យ​ការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ប្រាប់ ភ្នំ​ពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញាថា​ សវ​នាការ​លោក កឹម សុខា​ លើក​នេះ ផ្តោត​លើ​ការ​សាក​សួរ​លើវីដេ​អូ នៃអំពើ​ហិង្សានៅ​ស្ពាន​នាគ និង​វីដេអូនៃ​ការ​ដឹកនាំ​បាតុកម្ម​រំដោះ​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​ដឹក​នាំ​ដោយ​ថ្នាក់​ដឹក​នាំនៃ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន​ ១១ រូប ដែល​មាន​រួមទាំង​លោក​ស្រី មូរ សុខ​ហួរ និង​លោក ​ហូរ វ៉ាន់ ​ផង​ដែរ។

លោកស្រី​ ម៉េង សុភារី មេធាវី​ការពារ​សិទ្ធិ​ឱ្យ លោក​ កឹម សុខា ប្រាប់អ្នក​សារព័ត៌​មាន​នៅក្រៅ​តុលាការ​ថា ពាក់​ព័ន្ធ​នឹ​ង​បញ្ហា​នេះ សំណួរ​ភាគ​ច្រើន​របស់​ចៅក្រម​ គឺជា​សំណួរ​ដាក់បន្ទុក​ ហើយ​វីដេអូក៏​ជាវីដេអូដាក់​បន្ទុក​ដែរ។

ក្នុង​នាម​ជាមេធាវី​ ជន​ជាប់​ចោទលោក​ស្រីមើល​ឃើញ​ថា ការ​សួរ​សំណួរ​ដាក់​បន្ទុក គឺមិន​អាច​ទទួល​យក​បាន​នោះ​ទេ ដោ​យ​សារ​តែនីតិវិធី​ មិនថា ចៅក្រម​ស៊ើប​សួរ​ ឬចៅ​ក្រមជំនុំ​ជម្រះ​ទេ ត្រូវ​ធ្វើការ​សួរ​សំណួរ​​ដែល​មាន​ទាំងដាក់​បន្ទុក​ និង​ដោះ​បន្ទុក ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយដល់​ជនជាប់​ចោទ និង​ភាគី​ពាក់​ព័ន្ធ​ដែរ​ ។

ជាមួយ​គ្នា​នេះ លោក​ ចាន់​ ចេន​ មេធាវី​លោក កឹ​ម សុខា ១ ​រូប​ទៀត​ ថ្លែង​ថា​ សវនាការ​លោក​ កឹម​ សុខា នៅ​តែបន្តអូស​បន្លាយ​កាន់​តែ​យូរ។ ម៉្យាង​លោក កឹម សុខា គឺជា​ប្រធាន​គណ​បក្ស​ប្រឆាំង​ដ៏ធំមួយ​របស់​កម្ពុជា បើនៅ​តែបន្ត​ពន្យារពេល​ ធ្វើឱ្យកូន​ក្តីរ​បស់​លោកបាត់​បង់​ផល​ប្រយោ​ជន៍​ស្រប​ច្បាប់​។

លោក​ថ្លែង​ថា​៖ «យើង​ចង់​ណាស់ គ្មាន​ហេតុ​អ្វីដែល​សហមេធាវី​ឯកឧត្តម​ កឹម សុខា ​ចង់ពន្យាពេ​លនោះទេ​ យើង​ច​ង់បាន​ឆាប់​រហ័ស យើង​ធ្លាប់​បាន​និយាយជាច្រើន​លើក​ច្រើន​សារ​ដែរ​ថា បើតុលាការ​អាច​បើក​សវនាការ​ យើង​បើកសវនា​ការ​ជារៀង​រាល់​ថ្ងៃ​យ៉ាង​ហោច​ណាស់ ឱ្យបា​ន ៣​ ថ្ងៃ​ ក្នុង ​១ ​សប្តាហ៍​ដែរ​»។

លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​តំណាង​អយ្យ​ការ ភ្ជាប់​លោក​ កឹម សុខា ទៅនឹង​ករណី​បាតុកម្ម​នៅ​ស្ពាន​នាគ​ និងផ្លូវ​វេង​ស្រេង គឺមិន​ត្រឹម​ត្រូវ​​នោះ​ទេ ព្រោះ​លោក កឹម សុខា ក៏ដូច​ជាគណ​បក្សសង្គ្រោះ​ជាតិ​ ទទួល​ខុស​ត្រូវ​នៅតែ​ទីតាំង​ទីលាន​ប្រជាធិ​បតេយ្យ​តែប៉ុ​ណ្ណោះ ក្នុង​គោល​បំណង​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត សន្លឹក​ឆ្នោត​របស់​ប្រជា​ពល​រដ្ឋ​។

លោក​បញ្ជាក់​ទៀត​ថា រាល់ប​ទចោទ​មក​លើកូន​ក្តីរបស់​លោក​ លោកមើល​ឃើញ​ថា គ្មាន​ភ័ស្តុតាង​ណាមួ​យជា​ដុំកំ​ភួន ក្នុង​ការ​ចោទ​​ប្រកាន់​នោះទេ​ ហើយ​លោក​ ក៏មិន​ដែល​ឃើញ​ តុលាការ​ណាដំណើការ​នីតិ​វិធីរហូត​ដល់​ ៥ ឆ្នាំ និង​ ៥៦ លើក​មិន​ទាន់​ចប់​បែប​នេះ​ដែរ។ សវនាការ​របស់​លោក កឹម សុខា​ គឺជាប្រវត្តិសាស្ត្រ សម្រាប់​តុលាការ​ជាតិ​នៃកម្ពុជា​របស់​យើង។ សវនា​ការ​របស់​លោក កឹម សុខា ​នឹង​បន្ត​ធ្វើនៅ​ថ្ងៃទី ២១ ខែ​កញ្ញា ​ជាបន្ត​ទៀត​៕

វីដេអូ៖