ព្រះវិហារៈ សាលាដំបូង​ខេត្តព្រះវិហារ​បាន​សម្រេច​ទម្លាក់ចោល​បទចោទ​ប្រកាន់​ទាំងស្រុង​ប្រឆាំង​ទៅ​នឹង​ជនជាតិ​ដើម​ភាគតិច​កួយ​ចំនួន ៨ រូប​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​ក្នុង​រឿងក្តី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស​ចិន ហេងហ្វូ​ (Hengfu) ​តាំងពី​ឆ្នាំ​ ២០១៤​។

ការសម្រេច​លើកចោល​បទចោទ​លើ​ជនជាតិដើម​ភាគតិច​កួយ​ទាំង​ ៨ រូប​កាលពី​ថ្ងៃទី​ ៨ ខែ​កក្កដា​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះវិហារ​បាន​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេត​កាលពី​ដើម​ឆ្នាំ​ ២០២០ និង​បាន​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​ ១០ ខែមិថុនា​ កន្លងទៅ​។ បើតាម​ដីកា​កោះ​របស់​តុលាការ​ជនជាប់ចោទ​ទាំង ៨ ​នាក់​មាន​ឈ្មោះ ប៉ាង សែវ​, ផុន សុំ​, ភូ ភេន​, ណម ថុល​, ហោ ធាន្នី​, ថី ហឿម​, យន់ សន និង​លោក ស្រាល សុឃី ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​។

លោក សំ ទិត្យសីហា មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ទាំង​ ៨ ​នាក់​​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការសម្រេច​ទម្លាក់​ចោល​បទ​ចោទប្រកាន់​មកលើ​កូនក្តី​លោក គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ពួកគាត់​គឺជា​ជនរងគ្រោះ ស្អាតស្អំ គ្មាន​ទោស​អ្វី​នោះ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ការសម្រេច​ឲ្យ​កូនក្តី​ខ្ញុំ បាន​រួច​ពី​ការចោទប្រកាន់​នេះ ខ្ញុំ​សាទរ និង​មាន​ការរីករាយ​មែនទែន ហើយ​ស្នើសុំ​ឲ្យ​ខាង​តុលាការ ទូទាំង​រាជធានី-ខេត្ត​យក​ជា​គំរូ ដើម្បី​ស្វែងរក​ការពិត ក្នុង​ករណី​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ និង​អ្នក​មាន​អំណាច និង​ក្រុមហ៊ុន​»​។

កាលពី​ឆ្នាំ​ ២០១៤ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បុស្សធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​ជាច្រើន​នាក់​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករស​ចិន ហេងហ្វូ​បាន​រួមគ្នា​ហាមឃាត់​គ្រឿងចក្រ​ ២ ​គ្រឿង​របស់​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើការ​ឈូសឆាយ​លើដី​មាន​ទំនាស់​។ បន្ទាប់ពី​ហេតុការណ៍​នេះ តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចោទប្រកាន់​អ្នកភូមិ​ចំនួន​ ១៦ ​នាក់​ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​កួយ​ក្នុង​ឃុំ​ប្រមេរ​ចំនួន ១៤ ​នាក់​ ដោយ​ជាប់ចោទ​ពីបទ «​ចាប់​ឃុំឃាំង និង​ការបង្ខាំង​ដោយ​ខុសច្បាប់​។ ចំណែក​អតីតមន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ ២ ​នាក់​​​ ដែល​ជាប់ចោទ​ពី​បទ​ «​សមគំនិត​» ​ក្នុង​សំណុំរឿង​នេះ​តាម​បណ្តឹង​របស់​អ្នកបើក​គ្រឿងចក្រ​ឱ្យ​ក្រុមហ៊ុន​ចិន​ចំនួន​ ២ ​នាក់ និង ពលរដ្ឋ​មួយ​ចំនួន​ក៏ត្រូវ​បាន​តុលាការ​លើកលែង​ការចោទប្រកាន់​។ នេះ​បើតាម​លោក​ ឡោ ចាន់ មន្ត្រី​សម្របសម្រួល Adhoc ​ប្រចាំខេត្ត​ព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​។

លោក ឡោ ចាន់ បាន​ថ្លែងថា វា​ជា​ដំណឹង​មួយ​ដែល​ល្អ​សម្រាប់​ប្រជាសហគមន៍​រួមទាំង​ពលរដ្ឋ​ទាំង ៨ ​រូប​នោះ​ផង​ដែល​ត្រូវបាន​តុលាការ​លើកលែង​ការចោទប្រកាន់​នូវ​រឿងរ៉ាវ​ដែល​អយុត្តិធម៌​សម្រាប់​ពួកគេ​។

លោក​ថា​៖ «​យើង​ចាត់ទុកថា​ឆ្នាំ​ ២០២០ ​នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​តុលាការ​ខេត្ត​ព្រះវិហារ​ដែល​លោក​មាន​ឆន្ទៈ​ពិតប្រាកដ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ក្រុម​ពលរដ្ឋ​ជនរងគ្រោះ​ពិតប្រាកដ ហើយ​បាន​លើកលែង​បទ​ចោទ​ទាំងអស់​តែម្តង​។ និយាយ​ជារួម​ទៅ គឺ​ពួកគាត់​ជា​ជនរងគ្រោះ​ដែល​ត្រូវតែ​ទទួល​បាន​ការសម្រេច​យ៉ាង​ដូច្នេះ​»៕