ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​អ្នក​រិះគន់​ម្នាក់​ឈ្មោះ រ័ត្ន សុធី ដែល​ថា​រាជរដ្ឋាភិបាល​យក​ថវិកា​របស់​សហភាព​អឺរ៉ុប​ (EU) ​ទៅ​ចំណាយ​​លើ​កម្មវិធី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អ្នកក្រីក្រ និង​អ្នក​ងាយរងគ្រោះ​ពី​វិបត្តិ​កូវីដ​ ១៩​។ ​ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​មិនបាន​យកប្រាក់​របស់​ EU ​សូម្បី​ ១ ​សេន​ ទៅ​ចំណាយ​នៅក្នុង​កម្មវិធី​នេះ​ទេ​។

ថ្លែង​ក្នុងពេល​លោក​ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​បង្កាត់​ពូជ​ត្រី និង​សំណេះសំណាល​ជាមួយ​កសិករ​​នៅ​ស្រុក​ពាមរក៍ ខេត្តព្រៃវែង​កាលពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើង​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ រ័ត្ន សុធី នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា បាន​យកប្រាក់​ជំនួយ​របស់​សហភាព​អឺរ៉ុប​ទៅ​ចែក​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពី​កូវីដ ​១៩ ហើយ​បាន​អះអាង​ថា ជា​ថវិកា​រដ្ឋាភិបាល​។ លោក​ថា ការលើក​ឡើង​របស់​អ្នក​រិះគន់​បែប​នេះ​ខុសពី​ការពិត​ទាំងស្រុង​។

លោក​មាន​ប្រសាសន៍​ថា​៖ «​រដ្ឋាភិបាល ហ៊ុន សែន អត់ទាន់​ដួលរលំ​ទេ សូម​ផ្តាំ​ទៅ​អ្នកថា មាន​អាមួយ​នោះ សូម​ផ្តាំ​ទៅ រ័ត្ន សុធី នៅ​ខាង​បន្ទាយមានជ័យ រ័ត្ន សុធី ឯង​បាន​និយាយ​ថា ផ្តល់​លុយ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ដោយ​ជំនួយ​របស់​សហគមន៍​អឺរ៉ុប ខ្ញុំ​ប្រាប់​ទៅ​លោក សុធី ឯង​សំណាង​ហើយ​ដែល​ខ្ញុំ​មិន​បញ្ជា​ឲ្យ​ចាប់​»​។

លោក​ថា ប្រសិន​បើ​លោក​បញ្ជា​ឲ្យ​ចាប់ខ្លួន ម្ល៉េះ​ពេល​នេះ​ឈ្មោះ រ័ត្ន សុធី ប្រហែល​ជា​នៅក្នុង​គុក​បាត់​ទៅ​ហើយ​។ លោក​ថា ឈ្មោះ​នេះ​ធ្លាប់​បាន​ប្រព្រឹត្ត​កំហុស​ច្រើន​ដង​ហើយ និង​តែង​រត់​ទៅ​ប្រទេស​ថៃ​។ ​តែ​ពេល​នេះ​ព្រំដែន​ថៃ​ខ្លះ​ត្រូវ​បាន​ដាក់​បន្លាលួស​ដើម្បី​ទប់ស្កាត់​ការចូល​ទៅ​​ថៃ​ខុស​ច្បាប់​។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​មិន​ទាន់​បាន​ចំណាយ​ប្រាក់​បរទេស​សូម្បី​ ១ ​សេន​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម​របស់​ពលរដ្ឋ​កម្ពុជា​។

លោក​ផ្ដាំ​ទៅ​ក្រុម​អ្នក​ប្រឆាំង​ទូទាំង​ប្រទេស​ថា រដ្ឋាភិបាល​របស់​លោក​មាន​កម្លាំង និង​ធនធាន​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​សភាពការណ៍​កូវីដ​១៩​។

លោក​បាន​បន្តថា​៖ «១ ​សេន ​ក៏​អត់​ទាន់​ប្រើ​លុយ​បរទេស​ណា ដើម្បី​ត្រួតត្រា​កូវីដ​។ មន្ត្រី​រាជការ​មិន​ត្រឹមតែ​មិន​កាត់​ប្រាក់ខែ​ទេ គឺ​បើក​ប្រាក់ខែ​ទៀងទាត់ កម្ពុជា​អត់​ទាន់​ខ្វះ​សាច់ប្រាក់​ទេ​​ហើយ​ការបើក​ប្រាក់ខែ​នេះ​ក៏​មិនទាន់​យកប្រាក់​សល់​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​ដែរ ចំណូល​យើង​ទោះបី​ជា​ធ្លាក់ចុះ​ក៏​នៅ​ជាង​ ៤០០ ​លាន​ដុល្លារ ក្នុង​ ១ ​ខែ​ដែរ​ ហើយ​ប្រាក់​​ខែ​តែ​ជាង​ ២០០ ​លាន​ដុល្លារ​ទេ​អាពៅ​ស្ដាប់​ឲ្យ​បាន​»​។

កាលពី​កន្លង​ទៅ​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បាន​ដាក់បញ្ចូល​ឈ្មោះ រ័ត្ន សុធី ​ទៅ​ក្នុង​បញ្ជី​ «​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​» ​ដែល​ស្ថិតក្នុង​ការស្វែងរក​​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​​មាតុភូមិនិវត្តន៍​នា​ថ្ងៃ​ ៩ វិច្ឆិកា ឆ្នាំ ២០១៩ របស់​លោក សម រង្ស៊ី​។

អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ឈ្មោះ រ័ត្ន សុធី ធ្លាប់​បាន​ប្រព្រឹត្ត​កំហុស​ច្រើន​ដង​ហើយ ប៉ុន្តែ​សមត្ថកិច្ច​នឹង​មិន​ស្វែងរក​ចាប់​ខ្លួន​ទេ ដូច​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​។ លោក​ក៏​មិនអាច​បញ្ចេញ​ព័ត៌មាន​បន្ថែម​លើសពីនេះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សិទ្ធិ​របស់​បុគ្គល​។

លោក​ថ្លែងថា​៖ «​បើ​គ្រាន់​តែ​ស្ថិត​នៅ​ក្រោម​ការសង្ស័យ​ហើយ​មិន​ទាន់​មាន​អ្វីដែល​ត្រូវ​អនុវត្ត​យើង​មិនអាច​និយាយ​បាន​ទេ​។ ប៉ុន្តែ​គាត់​ធ្លាប់បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​ដូច​សម្ដេច​លោក​លើក​អ៊ីចឹង​។ មិនមែន​ម្ដង​ទេ​ច្រើនសា​ហើយ បំផ្លើស​បំភ្លៃ​អ៊ីចឹង​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា ការចាត់​វិធានការ​លើ​បុគ្គល​បំភ្លៃ​ព័ត៌មាន អាស្រ័យ​លើ​សមត្ថកិច្ច​។ ប៉ុន្តែ​ជា​គោលការណ៍​ច្បាប់ ប្រសិន​បើ​សកម្មភាព​នោះ​ជា​ការបំផ្លើស​បំភ្លៃ​​ និង​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទុច្ចរិត បង្ខូចកេរ្តិ៍​ឈ្មោះ​អ្នកដទៃ ញុះញង់​ឲ្យ​មាន​​ចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សណ្ដាប់ធ្នាប់​សាធារណៈ​នោះ គេ​អាច​កសាង​នីតិវិធី​តាមផ្លូវ​ច្បាប់​បាន​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ល្ងាច​ម្សិលមិញ​ថា ពលរដ្ឋ​​មាន​សិទ្ធិ​និយាយ និង​យល់ឃើញ និង​សម្ដែង​មតិយោបល់​របស់ខ្លួន​។ ចំណែក​ថ្នាក់ដឹកនាំ​មាន​តួនាទី​ពន្យល់​ដល់​ពលរដ្ឋ​ពី​ប្រភព​ប្រាក់​សម្រាប់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​។ ​លោក​យល់ថា ទោះបី​ជា​លោក ហ៊ុន សែន មិន​បញ្ជា​ឲ្យ​ចាប់​ខ្លួន ប៉ុន្តែ​អ្វីដែល​លោក​លើកឡើង​ហាក់​ដូចជា​ការគំរាម​កំហែង​៕

វីដេអូ៖