វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ ត្រូវ​បានបើក​ជា​ផ្លូវការ

Khmer Times Share:
មន្ត្រី​អាស៊ាន​ក្នុង​ពិធីបើក។ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែមករា នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “អាស៊ាន – សហគមន៍សន្តិភាព និងអនាគតរួមគ្នា”។

ពិធីបើកជាផ្លូវការបានធ្វើឡើងកាលពីល្ងាចមិញនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន សែន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាតិ និងអន្តរជាតិទាំងអស់ និងបានវាយតម្លៃខ្ពស់ ចំពោះការធ្វើដំណើរទៅចូលរួមវេទិកាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានគូសបញ្ជាក់ថា នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម ក្នុងការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងគោលបំណងនាំមកនូវភាពរុងរឿង និងការរីកចម្រើនដល់ប្រជាជនអាស៊ាន។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាឱកាសដ៏ល្អមួយក្នុងការបើកទេសចរណ៍អាស៊ានឡើងវិញជាផ្លូវការ និងបញ្ជាក់ជាថ្មីថាប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពនៅក្នុងតំបន់។

ប្រតិភូជាតិ និងអន្តរជាតិប្រមាណ១០០ នាក់ កំពុងចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំ ATF 2022 និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។

អ្នកទិញមកពីក្រុមហ៊ុនចំនួន ៤០ និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួន២០ មកពី ២៧ ប្រទេសនឹងចូលរួមនៅក្នុងកម្មវិធីពិព័រណ៍អន្តរជាតិ TRAVEX ដែលជាពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍របស់វេទិកា ដែលនឹងមានការតាំងពិព័រណ៍ក្នុងស្រុក ១៨៧ ស្តង់ រួមទាំង ស្តង់អន្តរជាតិចំនួន​៦១។

AFT 2022 នឹងរួមជាមួយនឹងកិច្ចប្រជុំភាគី ដូចជាកិច្ចប្រជុំនៃអង្គការទេសចរណ៍ជាតិអាស៊ាន (NTOs)។ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន អាស៊ាន+ចិន កូរ៉េ រដ្ឋមន្ត្រីទេសចរណ៍ជប៉ុន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន+រុស្ស៊ី រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន+ឥណ្ឌា។

វេទិកាទេសចរណ៍អាស៊ាន (ATF) គឺជាកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាគោលដៅទេសចរណ៍មួយ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានការចូលរួមពីវិស័យឧស្សាហកម្មទេសចរណ៍ទាំងអស់នៃរដ្ឋសមាជិកអាស៊ានទាំង១០ មានដូចជា៖ ប្រ៊ុយណេ ដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

ATF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១។ ជារៀងរាល់ឆ្នាំ ប្រទេសម្ចាស់ផ្ទះនៃវេទិកា ATF ត្រូវបានផ្លាស់ប្តូរវេនគ្នាវិលជុំ ក្នុងចំណោមប្រទេសជាសមាជិក៕

Related Posts

Previous Article

កម្ពុជា-ឥណ្ឌូណេស៊ី ចុះ MOU ដើម្បីជំរុញវិស័យទេសចរណ៍ ដោយតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ

Next Article

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរិះគន់ក្រុមប្រឆាំងដែលជំរុញឲ្យបរទេសដាក់ទណ្ឌកម្មកម្ពុជា