លោក ទៀ បាញ់ រំឭកឱ្យក្មេងជំនាន់ក្រោយចងចាំតម្លៃមិត្តភាពជាមួយវៀតណាម

នៅល្ងាចថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៨​ លោក ​ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូយោធាជាន់ខ្ពស់ដែលដឹកនាំដោយលោក ង៉ូ​ ស៊ុនលិច្ស​ រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរ​រដ្ឋសង្គមនិយមវៀតណាម នៅអគារមិត្តភាព​ ទីស្តីការគណៈរដ្ឋមន្ត្រី​ ក្នុងឱកាសដែលគណ:ប្រតិភូយោធាជាន់ខ្ពស់នៃសាធារណរ​រដ្ឋសង្គមនិយមវៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី២៧​ – ២៨​ – ២៩​ ខែធ្នូ​ ឆ្នាំ២០១៨។ (ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា)

រដ្ឋមន្ត្រីក្រសួងការងារជាតិ រំឭកឱ្យក្មេងជំនាន់ក្រោយចងចាំពីតម្លៃមិត្តភាពជាមួយវៀតណាម​ ហើយថាកម្ពុជានៅតែរក្សាមិត្តភាពយូរអង្វែងជាមួយប្រទេសជិតខាងនេះ​ ដោយមិនត្រូវចាញ់បោកការញុះញង់របស់ក្រុមអគតិមួយចំនួនដែលចង់មកបំបែកបំបាក់ប្រទេសទាំងពីរបាននោះទេ។

ក្នុងពិធីរំលឹកខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ក្រោមការតស៊ូរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលតស៊ូរដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងថា កន្លងមកមានជនអគតិមួយចំនួនចង់បំបែកបំបាក់កម្ពុជានិងវៀតណាមតាមគ្រប់រូបភាព ដោយញុះញង់ថា កម្ពុជាស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់វៀតណាម  កម្ពុជាបាត់បង់ទឹកដីដោយសារវៀតណាម និងបញ្ហាផ្សេងៗទៀតជាដើម។

ករណីនេះ លោក ទៀ បាញ់ រំឭកដល់ក្មេងៗជំនាន់ក្រោយថា វៀតណាមតែងតែជួយកម្ពុជា ដូច្នេះមិនត្រូវបែកបាក់មិត្តភាពតាមការញុះញង់នោះទេ។

លោកថ្លែងដូចនេះថា៖ «បំបែកបំបាក់រវាងកម្ពុជាវៀតណាមគឺជាគោលដៅធំបំផុតរបស់ពួកជនអគតិ អ្វីដែលយើងក៏សាងជាតឹកតាង ច្បាស់លាស់ ថាគ្មានទេ គ្មានជាដាច់ខាត គ្មានការបំបែកបំបាក់នោះទេ ក្មួយៗជំនាន់ក្រោយត្រូវតែដឹងគ្មានទេ ទោះបីជាលំបាកយ៉ាងណាក៏ដោយ គឺកម្ពុជាវៀតណាមនៅតែរួបរួមគ្នា មូលហេតុប្រវត្តសាស្ត្រ ភូមិសាស្ត្រ គឺជួយគ្នាទៅវិញទៅមកគ្មានដាច់ខ្សែរយៈទេ មិនឲ្យពួក[ជនអគតិ]មួយចំនួនចោទថា ថ្ងៃ៧មករា បាត់ទឹកដី បាត់អធិបតេយ្យ[កម្ពុជា]ជាដើម »

ក្នុងពីធីប្រារព្ធខួប៤៣ឆ្នាំ នៃថ្ងៃទី២០ ខែមិថុនា (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)  នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរលើហ្វេសប៊ុក រំលឹកពីការលះបង់ជីវិតរបស់លោកកាលពី៤៣ឆ្នាំមុន ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ