សមាគម​ធនាគារ​ និង​មីក្រូ​ហិរញ្ញ​វត្ថុ លើក​លែង​បង់​ប្រាក់​ដើម​និង​ការ​ប្រាក់​បើ​អតិថិ​ជន​ពាក់ព័ន្ធ​ជំងឺ​កូវីដ​-១៩

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។ (Matt Surrusco)

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្រេចលើកលែងដល់អតិថិជនមិនឱ្យបង់ការប្រាក់ ពន្យារបង់ប្រាក់ដើម និងរួចពីការផាកពិន័យចាប់ពី១ខែដល់៦ខែ បើអតិថិជនទាំងនោះមានជាប់​ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល​ សហជីព និងសមាគមជាង១០០ កាលពីថ្ងៃម្សិលមិញ បាន​ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារទាំងអស់ផ្អាកការ​បង់សង​ប្រាក់កម្ចី​និងការប្រាក់បង្គរ​ទាំងអស់​ក្នុង​រយៈពេល​យ៉ាងតិច៣ខែ​ ដើម្បី​ឱ្យ​​អ្នកខ្ចីប្រាក់មានឱកាស​​ស្នាក់នៅផ្ទះនិងរក្សា​សុវត្ថិភាពដែលជាការរួមចំណែកក្នុងការ​​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅថ្ងៃនេះ ឱ្យដឹងថា ក្នុង​រយៈពេលមួយឆ្នាំកន្លងមកនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការ​ជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺ​កូវីដ-១៩។

ស្របពេលដែលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានសម្រេច​​រៀបចំឥណទានឡើងវិញ ពន្យារពេល​បង់ប្រាក់ដើម លើកលែងបង់ការប្រាក់ និងមិនធ្វើការផាកពិន័យចាប់ពី១ខែដល់៦ខែ បើសិនជាអតិថិជនទាំងនោះជាប់ធ្វើចត្តាឡីស័ក ឬឆ្លងជំងឺកូវីដ-១៩ ឬទទួលមរណភាពដោយជំងឺកូវីដ-១៩ ជាដើម។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ដោយពន្យារបង់ប្រាក់ដើម លើកលែងបង់ការប្រាក់ និងមិនធ្វើការផាកពិន័យដល់អតិថិជនរបស់ខ្លួនទាំងអស់ ដើម្បីឱ្យពួកគេមានឱកាសរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

លោកស្រីបន្ត​ថា ការអនុគ្រោះសម្រាប់តែអតិថិជនមួយផ្នែកអាចនាំឱ្យអ្នកដែលជួបបញ្ហាប្រឈមច្រើនសម្រេចចិត្តគិតខ្លីសម្លាប់ខ្លួន ឬបង្កហិង្សាក្នុងគ្រួសារ ដោយសារគ្មានលុយសងធនាគារ នាអំឡុងវិបត្តិកូវីដ-១៩នេះ។

លោកស្រីមានប្រសាសន៍ថា៖ «ក្នុងស្ថានភាពនេះ សម្រាប់អ្នកដែលគាត់មានចំណូលតិចតួច ហើយគាត់លំបាកបាត់បង់ចំណូលក្នុងការឆ្លើយតបក្នុងការសងបំណុល ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពក្នុងការរស់នៅរបស់គាត់។ យើងឃើញកន្លងមកដូចមានករណីឃាតកម្ម ឬជម្លោះក្នុងគ្រួសារកើតឡើងដោយសារបញ្ហាបំណុល។ ហើយមួយទៀត កន្លងមកមានករណីពលរដ្ឋខ្លះបង្ខំចិត្តក្នុងការលក់ទ្រព្យសម្បត្តិ ឬករណីខ្លះមានការរឹបអូស ជាដើម»។

វីអូឌី មិនអាចសុំការបំភ្លឺពីប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានទេនៅល្ងាចនេះ។

កាលពីម្សិលមិញ លោក កាំង តុងងី មានប្រសាសន៍ថា សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារ មិនអាចអនុគ្រោះឱ្យអតិថិជនទាំងអស់គ្នាបាននោះទេ ព្រោះអាចនាំឱ្យប៉ះពាល់ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ ជាដើម។

លោកមានប្រសាសន៍ថា៖ «យើងមិនអាចឱ្យអតិថិជន២លាននាក់ឈប់បង់សងទាំងការទាំងដើមក្នុងវិស័យហ្នឹងបានទេ វិធីហ្នឹងដូចសម្លាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បើមីក្រូហិរញ្ញវត្ថុរង្គោះរង្គើហើយ សេដ្ឋកិច្ចប្រាកដជាមានបញ្ហាហើយ»។

ក្នុងសេចក្តីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បញ្ជាក់ថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ៤ប៊ីលានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះបានជ្រើសយកបង់តែការប្រាក់ក្នុងរយៈពេល៣ទៅ៦ខែ ពន្យារពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់និងប្រាក់ដើមរយៈពេល៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនណារងផលប៉ះពាល់ខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ