MVL Foundation ផ្តល់ជំនួយ ៥ លានដុល្លារអាមេរិកដល់ការអភិវឌ្ឍវិស័យអប់រំ

សែន ដេវីត / ខ្មែរថាមស៍ Share:
សិស្សម្នាក់កំពុងមើលកម្មវិធីអប់រំដែលចាក់ផ្សាយតាមទូរទស្សន៍។ KT/ ខឹម សុវណ្ណារ៉ា

មូលនិធិអឹមវីអិល (MVL Foundation) លីមីតធីតបានផ្តល់ជំនួយ ៥ លានដុល្លារអាមេរិក​ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាបង្កើតសាលា សប្បុរសធម៌នៅកម្ពុជា។

នេះត្រូវបានប្រកាសនៅថ្ងៃទី ១២ ខែសីហា​ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​និងលោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL។

គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺដើម្បីជួយគាំទ្រដល់ការអប់រំថ្នាក់មូលដ្ឋាន តាមរយៈការកសាងសាលាបឋមសិក្សា ក៏ដូចជាការលើកស្ទួយប្រព័ន្ធអប់រំ តាមបែបឌីជីថល សម្រាប់ឲ្យកុមារមានភាពងាយស្រួលក្នុងការ សិក្សាពីចម្ងាយ បានរហ័សជាងមុន ព្រមទាំងមានប្រសិទ្ធិភាព ជាពិសេសអំទ្បុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ហង់ ជួនណារ៉ុន បាននិយាយថា៖ «ជាទូទៅសិស្សដែលរៀនតាមអនឡាញ តែងតែមានកង្វះខាតជំនាញក្នុងការសិក្សាដោយឯករាជ្យ ដូច្នេះយើងត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ ក្នុងការពង្រឹង និងបំពាក់បំប៉នពួកគេឲ្យមានឯករាជ្យភាពក្នុងការសិក្សា។ រហូតមកទល់ពេលនេះមានតែសិស្សានុសិស្ស ប្រមាណ ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលបាន»។

លោកបន្តថា៖ «យើងជឿជាក់ថាយើងអាចប្រែក្លាយ វិបត្តិនេះ ទៅជាឱកាសថ្មីមួយ តាមរយៈការបង្កើតនូវកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល ប៉ុន្តែយើងក៏ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្របន្ថែមជាមុនសិន ដើម្បីឲ្យសិស្សគ្រប់រូបអាចទទួលបានការសិក្សានេះ»។

លោកបន្ថែមថាយើងពិតជារីករាយ ចំពោះគំនិតផ្តួចផ្តើមរបស់ MVL ដែលមានបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធបន្ថែម ផ្តល់ការបណ្តុះបណ្តាល និងបង្កើតមាតិកាក៏ដូចជាកម្មវិធីសិក្សាតាមបែបឌីជីថល ដើម្បីឲ្យវិស័យអប់រំរបស់កុមារ អាចបន្តទៅមុខបានល្អក្នុងអំទ្បុង ពេលវិបត្តិកូវីដ-១៩ និងក្រោយពេលនេះក្តី។

យោងតាមអនុស្សរណៈយោគយល់ ការកសាងសាលារៀនថ្មី MVL ក៏ផ្តោតទៅលើការកែលម្អសាលា ដែលមានស្រាប់ ឲ្យកាន់តែប្រសើរជាង មុនតាមរយៈការកែលម្អថ្នាក់រៀន ការបន្ថែមបន្ទប់ពិសោធន៍ បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត ការបំពាក់ប្រព័ន្ធអ៊ិនធើណេត និងសម្ភារៈសិក្សាចាំបាច់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅក្នុងទីក្រុងភ្នំពេញដំបូងគេ ពីពាក់កណ្តាលឆ្នាំ ២០២១ នេះតទៅ។ MVL រួមជាមួយក្រុមការងារ TADA នៅប្រទេសកម្ពុជា នឹងទទួលបន្ទុកការងារក្នុងការជ្រើសរើសទីតាំងសាលារៀន ការសាងសង់ និងការផ្តល់ការងារដល់បុគ្គលិកផ្នែកអប់រំដូចជាគ្រូបង្រៀនជាដើម។

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL បាននិយាយថា៖ «យើងមកដាក់ទុនវិនិយោគនៅកម្ពុជា គឺមិនមែនតែដើម្បីរកស៊ីប៉ុណ្ណោះទេ។ តាមរយៈ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ធ្វើឲ្យយើងមើលឃើញកាន់តែខ្លាំង និងបន្ទាន់នូវតម្រូវការ ក្នុងការចូលរួម អភិវឌ្ឍកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការបង្កើតកម្មវិធីសិក្សាបែបឌីជីថលឲ្យបានត្រឹមត្រូវ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អ»។

លោកបន្តថា៖ «យើងជឿជាក់ថាយើងមិនត្រឹមតែអាចជួយកាត់បន្ថយ ការលំបាកដែលប្រព័ន្ធអប់រំកំពុង ជួបប្រទះ នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏អាចបង្កើតមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំ ដល់ការអប់រំរបស់កុមារនៅកម្ពុជា នាពេលអនាគត»៕

Related Posts

Previous Article

អតីតគណបក្សសង្គ្រោះជាតិបដិសេដការពាក់ព័ន្ធជាមួយគណបក្សដែលទើបបង្កើតថ្មី

Next Article

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងភាគីជប៉ុនបានចូលរួមពិភាក្សាដើម្បីជំរុញការស្តារវិស័យទេសចរណ៍នៅកម្ពុជា