ភ្នំពេញ: រដ្ឋាភិបាលនឹងពិចារណាចំពោះការអនុវត្តពន្ធចំណេញមូលធន បន្ទាប់ពីមានការស្នើសុំពីអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានដាក់លិខិត ១ ច្បាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីសប្តាហ៍មុនក្នុងគោលបំណងដើម្បីស្នើសុំឲ្យរដ្ឋាភិបាលពន្យារពេលការអនុវត្តពន្ធលើប្រាក់ចំណេញមូលធនរហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ មានភាពធូរស្រាលឡើងវិញ ខណៈវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារវិបត្តិសុខភាពនេះ។
ចំពោះប្រភេទពន្ធនេះនឹងដាក់អនុវត្តពន្ធលើប្រាក់ចំណេញមូលធនដែលសម្រេចបានដោយអ្នកជាប់ពន្ធដែលបានមកពីការលក់ ឬផ្ទេរ ឬក៏បង្កើតឲ្យមានសិទ្ធិគ្រប់គ្រងលើទ្រព្យ ឬចុះបញ្ជីសម្រាប់ការផ្ទេរកម្មសិទិ្ធ ឬសិទ្ធិកាន់កាប់ទ្រព្យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីប្រកាសព័ត៌មានដដែលនេះបន្តថា អគ្គនាយកដ្ឋានពន្ធដារតាមរយៈប្រកាស លេខ ៣៤៦ បានតម្រូវឲ្យបង់ពន្ធលើចំណូលមូលធនលើការលក់នៃអចលនទ្រព្យមួយចំនួនដូចជា ដី អគារ ភាគហ៊ុន សញ្ញាបណ្ណបំណុល អាជ្ញាប័ណ្ណ ប៉ាតង់ និងរូបិយប័ណ្ណក្នុងអត្រា ២០ ភាគរយ លើការចំណេញដែលត្រូវបានគណនានឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សាគ្នាស្តីពីច្បាប់ពន្ធដារកាលពីថ្ងៃទី ២៥ ខែកញ្ញា កន្លងទៅសមាគមរបស់លោកបានសម្រេចដាក់លិខិត ១ ច្បាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈអគ្គនាយកដ្ឋានពន្ធដារ ដើម្បីស្នើសុំឲ្យពិចារណាពន្យារពេលការអនុវត្តលើពន្ធនេះជាបណ្តោះអាសន្នសិនរហូតស្ថានភាពសេដ្ឋកិច្ច និងជំងឺកូវីដ ១៩ មានភាពល្អប្រសើរឡើងវិញ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា៖ «ក្រសួងនឹងពិចារណាលើសំណើរបស់សមាគមនេះ ប៉ុន្តែការសម្រេចយ៉ាងណានោះវាអាស្រ័យលើប្រមុខរដ្ឋាភិបាលសម្រេចប៉ុណ្ណោះ»។
លោក ហ៊ុយ វណ្ណា បានថ្លែងអះអាងថា ពន្ធនេះនឹងដាក់បន្ទុកបន្ថែមដល់ឧស្សាហកម្មអចលនទ្រព្យដែលកំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
លោកបានថ្លែងថា៖ «យើងបានស្នើសុំឲ្យក្រសួងសេដ្ឋកិច្ចធ្វើការពន្យារពេលការអនុវត្តលើការបង់ពន្ធលើប្រាក់ចំណេញមូលធនរហូតដល់ពេលវេលាសមស្រប ឬក៏នៅពេលស្ថានភាពជំងឺកូវីដ ១៩ និងស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។ សព្វថ្ងៃស្ថានភាពទិញ-លក់លើអចលនទ្រព្យកំពុងមានសកម្មភាពធ្លាក់ចុះ»៕
វីដេអូ៖