ភ្នំពេញៈ រយៈពេល​ ១០ ​ខែ​ឆ្នាំនេះ​សំណុំ​រឿង​បទល្មើស​ជលផល​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ២ ២៧៩ ​ករណី​ ក្នុង​នោះ​បទល្មើស​ជលផល​ក្នុង​ដែនសមុទ្រ​មាន​ ១៨៧ ​ករណី​។ តួលេខ​នេះ​មាន​ការថយចុះ​ ៣១២ ​ករណី បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល​កាលពី​ថ្ងៃ​ចន្ទ ការធ្លាក់ចុះ​នៃ​ចំនួន​បទល្មើស​ជលផល​ដ៏គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំនេះ គឺ​ដោយសារ​ក្រុម​ឆ្មាំ​ទន្លេ​ [​មន្ត្រីជលផល​] និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ប្រជាសហគមន៍​នេសាទ​បាន​រួម​សហការ​គ្នា​ល្អ​ក្នុង​ការចុះ​ល្បាត​ឃ្លាំមើល និង​ទប់ស្កាត់​បទល្មើស​ជាប្រចាំ​។

របាយការណ៍​បង្ហាញថា ក្នុង​ចំណោម​សំណុំរឿង​បទល្មើស​ជលផល​ទាំង​ ២ ២៧៩ ​ករណីនេះ​ មាន​ ១៤១ ​ករណី ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ក្នុង​នោះ​ជនសង្ស័យ​ចំនួន​ ៧ ​នាក់​ក្នុង​ចំណោម​ ១៨១ ​នាក់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ចន្លោះ​ពី​ ១ ​ឆ្នាំ​ដល់​ ៥ ​ឆ្នាំ​ពាក់ព័ន្ធ​បទល្មើស​ប្រើប្រាស់ ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​ដែន​អភិរក្ស​ធនធាន​ជលផល​»​។

រីឯ​សំណុំរឿង​ ១០១ ​ករណី​ទៀត​ ត្រូវ​បាន​ផាកពិន័យ​អន្តរការណ៍​ដែល​គិត​ជា​ប្រាក់​សរុប​ ២៣០ ៦៦២ ០០០ ​រៀល ឬ​ស្មើ​ ៥៧ ៦៦៥ ​ដុល្លារ​។ សំណុំរឿង​រឹបអូស​ និង​បំផ្លាញចោល​វត្ថុតាង​នៃ​បទល្មើស ២ ០៣៧ ​ករណី​ក្នុង​នោះ​វត្ថុតាង​ដែល​រួមមាន របាំង​ស្បៃ​មុង​ និង​សាច់​អួន​ប្រវែង​ ៧៨៥ ៤៥៧ ម៉ែត្រ លូស្បៃមុង និង​សាច់អួន​ ១៣ ០៤០ ​មាត់ បង្គោល​ ឬ​ចម្រឹង​ ៣៥៦ ៦៧៩ ​ដើម​សម្រាស់​ទំហំ​ ៧៥ ៥៣០ ​ម៉ែត្រក្រឡា លបកន្ទុយ​កណ្តុរ​ ៤ ៥០៨ ​គ្រឿង ឧបករណ៍​ឆក់​ត្រី​ចំនួន​ ៣២៧ ​គ្រឿង​។

ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ក៏បាន​លែង​ត្រី​ចម្រុះ​ប្រភេទ​ដែល​រឹបអូស​បាន​ពី​បទល្មើស​ ៣៧ ១៧៧ គីឡូក្រាម ចូល​ទៅក្នុង​បឹង​ធម្មជាតិ​វិញ​ផងដែរ​។

លោក​ លី ឡា ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​ប្រាប់​ពី​ម្សិលមិញ​ថា ថ្វីដ្បិត​បទល្មើស​នេសាទ​ក្នុង​ឆ្នាំ​នេះ​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់ ប៉ុន្តែ​បរិមាណ​ត្រី​ទឹកសាប​ក្នុង​ឆ្នាំ​នេះ​ក៏​អាច​នឹង​ប្រែប្រួល​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​ផង​ដែរ ព្រោះ​របប​ទឹកទន្លេ​មេគង្គ​ជន់​ឡើង​យឺត​ខុស​ប្រក្រតី​។

លោក​បាន​ថ្លែងថា​៖ «​ជាទូទៅ​បឹង​ទន្លេសាប​ទទួល​ប្រភពទឹក​ពី​ទន្លេមេគង្គ​ដើម្បី​ពង្រីក​វិសាលភាព និង​សក្ដានុពល​របស់ខ្លួន​ក្នុង​ការផ្ដល់​ទីជម្រក និង​អាហារ​ដ៏សម្បូរបែប​សម្រាប់​ធនធាន​ជលផល​គ្រប់​ប្រភេទ​រស់នៅ​ និង​បង្កាត់​ពូជ​។ ប៉ុន្តែ​ឆ្នាំនេះ​របប​ទឹកទន្លេ​មេគង្គ​មាន​ការប្រែប្រួល​ខុសពី​ធម្មតា​ដោយ​មាន​ការជន់​ឡើង​យឺត​។ ពិសេស​ក្នុង​រដូវ​ត្រី​ពង​កូន​ទឹកទន្លេ​មាន​កម្រិត​តិចតួច​បំផុត ដែល​មិន​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ត្រី​ធ្វើ​ចលនា​បំផ្លាស់​ទី និង​ពង​កូន​នោះ​ទេ​»៕