Singapore

ទឹក​ជំនន់​ធ្វើ​ឲ្យ​មាន​ភាព​មិន​ច្បាស់​លាស់​សម្រាប់​កំណើន​សេដ្ឋកិច្ច​

ស៊ន សារ៉ាត់ / Khmer Times Share:
​ទឹកជំនន់​ជន់​លិច​ផ្ទះ ​និង​ដំណាំ​នានា​នៅក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ខណៈដែល​ការវាយតម្លៃ​នៃ​ផលប៉ះពាល់​ហិរញ្ញវត្ថុ​នៅ​មិនទាន់​ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ​។ KT/​ខឹម សុវណ្ណារ៉ា​

​គ្រោះ​ទឹក​ជំនន់​បាន​បង្ក​ឲ្យ​មាន​ជា​ភាព​មិន​ច្បាស់​លាស់​ចំពោះ​ទស្សន​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​នេះ ខណៈ​ដែល​ប៉ះពាល់​ដល់​រាប់​ពាន់​គ្រួសារ និង​ស្រែចម្ការ​ជាច្រើន​ផ្សេង​ទៀត​។​

​ទោះជា​យ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ច​បានបង្ហាញ​ជា​សុទិដ្ឋិនិយម​ថា បើទោះបីជា​ប្រទេស​នេះ​ត្រូវបាន​រងគ្រោះ​ដោយ​បញ្ហា​ទឹកជំនន់​បន្ថែម​ពីលើ​ករណី​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​ផ្នែក​ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប (EU) ក៏ដោយ ក៏​មិន​ធ្វើ​ឲ្យ​ផលប៉ះពាល់​ច្រើន​សម្រាប់​ប្រទេសជាតិ​ដែរ​។​

​មុនពេល​មាន​មាន​បញ្ហា​ទឹកជំនន់ រដ្ឋាភិបាល​និង​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា​មានការ​ព្យាករណ៍​ខុសគ្នា​ទាក់ទង​នឹង​កំណើនសេដ្ឋកិច្ច​។​

​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​កំណើនសេដ្ឋកិច្ច​នឹង​ធ្លាក់ចុះ ១,៩ ភាគរយ ខណៈពេលដែល​ស្ថាប័នហិរញ្ញវត្ថុ​ពិភពលោក​បាន​ផ្លាស់ប្តូរ​ទស្សនៈ​របស់ខ្លួន​ពីព្រោះ​ប្រទេស​កម្ពុជា​ត្រូវបាន​មើលឃើញថា​មាន​ផលប៉ះពាល់​តិច​ដោយ​វីរុស​កូ​វី​១៩​ជាង​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​និង​ពិភពលោក​។​

​ធនាគារពិភពលោក​កាលពីពេល​កន្លងទៅ បាន​ព្យាករ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​កំណើន​អវិជ្ជមាន -២,០ ភាគរយ​នៅក្នុង​ឆ្នាំនេះ​។​

​ជាមួយគ្នានេះ​ផងដែរ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកែតម្រូវ​ការព្យាករណ៍​រ​របស់ខ្លួន​អំពី​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ ២០២០ មក​ត្រឹម​ចំនួន​ដក ៤ ភាគរយ ពី​ការ​ព្យាករ​កាលពីពេល​កន្លងទៅ​របស់ខ្លួន​ចំនួន​ដក ៥,៤ ភាគរយ​នៅក្នុង​ខែមិថុនា ខណៈដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​ត្រឹម ២,៨ ភាគរយ​នៅ​ឆ្នាំនេះ​។​

​លោកស្រី Sunniya Durrani-Jamal ប្រធាន​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​យើង​មិនអាច​ធ្វើការ​ប៉ាន់ប្រមាណ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​សរុប​ដោយសារ​គ្រោះទឹកជំនន់​ភ្លាមៗ​បាន​នោះទេ​។​

​ទោះយ៉ាងណា លោកស្រី​មា​ថា ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ចេញ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅ​ខែធ្នូ​ឆ្នាំ ២០២០ ហើយ​ផលប៉ះពាល់​នៃ​ទឹកជំនន់​នឹង​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​របាយការណ៍​នេះ​។​

​លោកស្រី​បន្តថា​៖ «​នៅ​ដំណាក់កាល​នេះ ការព្រួយបារម្ភ​ដ៏​ធំ​បំផុត​គឺ​ទាក់ទង​នឹង​សុវត្ថិភាព​នៃ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ចំនួន ៧ ម៉ឺន​គ្រួសារ និង​ធានា​ឲ្យ​បាន​ថា​ពួកគេ​មាន​ទីតាំង​សម្រាប់​ស្នាក់នៅ ខណៈដែល​យើង​ក៏​ចង់​នៅ​ជាមួយ​គ្រួសារ​ផ្សេងទៀត​ដែល​រងគ្រោះ​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន ១៨ ផ្សេងទៀត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ផងដែរ​»​។​

​លោកស្រី​បន្ថែមថា រដ្ឋាភិបាល​កំពុង​តែមាន​កិច្ចខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដែល​អាច​កើតមាន​ដោយ​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​របស់​អ្នក​ដែល​រង​គ្រោះជា​ចម្បង​។​

​លោកស្រី​ថា​៖ «​ខ្ញុំ​ជឿជាក់ថា ការវាយតម្លៃ​ពី​ការខូចខាត​នឹងត្រូវ​បានរៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ដោយមាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​តាម​ការស្នើសុំ​។ បន្ទាប់ពីនោះ ធនាគារអភិវឌ្ឍន៍អាស៊ី​អាចជួយ​ដល់​ការរៀបចំ​ការប៉ាន់ស្មាន​តម្លៃ​សម្រាប់​ការកសាង​ឡើងវិញ​ប្រសិនបើ​ចាំបាច់​។ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏បាន​បែងចែក​ធនធាន​ពី​គម្រោង​ដែលមាន​ស្រាប់​ដើម្បី​ជួសជុល​ជាបន្ទាន់​នូវ​ការខូចខាត​ដោយសារ​គ្រោះទឹកជំនន់​ផងដែរ​»​។​

​ជំនួយការ​ជាន់ខ្ពស់​នៅ PLATFORM IMPACT លោក​វ៉ាន់ ដេវីត​បាន​ថ្លែង​ឲ្យ​ដឹងថា​ការព្យាករណ៍​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី​ត្រូវបាន​រៀបចំ​មុនពេល​មាន​គ្រោះទឹកជំនន់ ហើយ​មិនបាន​បញ្ជាក់​ពី​ចំនួន​នៃ​ការខូចខាត​ដែល​កើតឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្តាលឱ្យមាន​ការខាតបង់​ជា​ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​។​

​ទោះជា​យ៉ាងណា លោ​កថា​កំណើន​ជាក់ស្តែង​សម្រាប់​ឆ្នាំ ២០២០ នាពេល​បច្ចុប្បន្ន​នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់ រហូតដល់​មានការ​វាយតម្លៃ​ថ្មី​។​

​លោក​ថា​៖ «​បញ្ហា​ទឹកជំនន់​នាពេល​បច្ចុប្បន្ន​ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​ជាច្រើន​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ប៉ុន្តែ​ចំពោះ​ផលប៉ះពាល់​ប៉ុន្មាន​គិត​ជា​ភាគរយ​នៃ​កំណើន​ជាក់ស្តែង​ឆ្នាំ ២០២០ នៅតែ​មិនទាន់មាន​ភាពច្បាស់លាស​ល់​រហូតដល់​មានការ​វាយតម្លៃ​ត្រូវបាន​ធ្វើឡើង​នាពេលខាងមុខ​»​។​

​លោក បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​បីយ៉ាង​ដែលមាន​ដូចជា​ការបាត់​បង់ ២០ ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ករណី​វីរុស​កូ​វីដ​១៩ និង​បញ្ហា​ទឹកជំនន់​។​

​ទោះជា​យ៉ាងណា លោ​កថា​បញ្ហា​ទឹកជំនន់​នឹងមិន​ផ្លាស់ប្តូរ​ទស្សនវិស័យ​សេដ្ឋកិច្ច​ច្រើន​នោះទេ​។ លោក​ថា​៖ «​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​សកម្មភាព​ពាណិជ្ជ​កម្ម ការនាំចេញ ការនាំ​ចូល និង​លំហូរ​ចូល​នៃ​ការវិនិយោគ ខណៈដែល​ការប៉ះពាល់​ពិតប្រាកដ​គឺ​បណ្តាលមកពី​ករណី​នៃ​ជំងឺ​កូ​វីដ​១៩»​។​

​លោក​បន្ថែមថា ជាមួយនឹង​វិធានការណ៍​ទាន់ពេលវេលា​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ទប់ស្កាត់ ចក្ខុវិស័យ​មាន​លក្ខណៈ​វិជ្ជមាន​។​

​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខ​សេន​សាន ថ្លែងថា​រដ្ឋាភិបាល​នឹង​កែសម្រួល​ការ​ព្យាករ​របស់ខ្លួន​នៅ​ចុងឆ្នាំ​នេះ​។​

​លោក​បន្តថា​ទឹកជំនន់​បាន​បន្ថែម​បន្ទុក​មួយ​ផ្សេងទៀត​សម្រាប់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​ជាបន្ទាន់​។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​នៅ​មិនទាន់​ធ្វើការ​វាយតម្លៃ​ណាមួយ​ទៅលើ​ផលប៉ះពាល់​នោះទេ​។​

​លោក​ថា​៖ «​រដ្ឋាភិបាល​បាន​បម្រុង​ទុក​កញ្ចប់​ថវិកាជាតិ​ជា​រៀងរាល់ឆ្នាំ​សម្រាប់​ការសង្គ្រោះ​គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ទឹកជំនន់​»​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា គ្រោះទឹកជំនន់​បាន​បង្ក​ជា​ផលប៉ះពាល់​ដល់​ប្រជាជន​ជិត ៧០,០០០ គ្រួសារ ស្មើរ​នឹង​ចំនួន ២៤៥ ៤២៨ នាក់​គិត ត្រឹម​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ​។ របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បង្ហាញថា​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​ស្រូវ​ចំនួន ២១៣ ២៨៩ ហិកតា​ក្នុងនោះ​ចំនួន ៣២ ៣៨២ ហិកតា​ត្រូវបាន​រង​ការខូចខាត​៕

​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

ប្រទេស​ស៊ុយអែត​បាន​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​អភិរក្ស​ដើម​ឈើ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​ជំងឺ​កូវីដ-១៩

Next Article

ប្រទេស​ជប៉ុន​ប្តេជ្ញា​នឹង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​