Singapore

បាគង ឈរលំដាប់កំពូលលើសន្ទស្សន៍រូបិយប័ណ្ណឌីជីថល

Husain Haider / Khmer Times Share:
ប្រព័ន្ធទូទាត់ឌីជីថល បាគង ដែលទទួលស្គាល់លើសន្ទស្សន៍រូបិយប័ណ្ណឌីជីថល។ សហការី

ប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ី និងទី ២ លើពិភពលោកក្នុងរូបិយប័ណ្ណ​ឌីជីថល​ធនាគារកណ្ដាល (CBDC) នៃ PricewaterhouseCooper (PwC)។

របាយការណ៍បានឲ្យដឹងថា៖ «ក្រឡេកមើលលើគម្រោងដែលមានភាពជឿនលឿនបំផុតនៅទូទាំងពិភពលោក កិច្ចខិតខំប្រឹងប្រែងលក់រាយបានបង្កើតគម្រោងផ្ទាល់ចំនួនពីរនៅប្រទេស Bahamas និង កម្ពុជា»។

PwC បន្តថា៖ «មិនទាន់មានគម្រោងអន្តរធនាគារ/លក់ដុំណាមួយរបស់CBDC ឈានដល់កម្រិតកំណត់នេះនៅឡើយទេ។ ទោះជាយ៉ាងណា ជិត ៧០ ភាគរយនៃគម្រោងលក់ដុំដែលត្រូវបានប្រកាសកំពុងដំណើរការសាកល្បងហើយ ខណៈដែលមានតែ ២៣ ភាគរយនៃគម្រោងលក់រាយប៉ុណ្ណោះបានឈានដល់ដំណាក់កាលអនុវត្តនេះ»។

ការលក់រាយ អន្តរធនាគារ និងការលក់ដុំ ដែល CBDC លើកឡើងពីភាពខុសគ្នាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់មូលបត្រឬកម្មវិធី forex ដោយផ្ទាល់ជាមួយវេទិកាសាច់ប្រាក់។

គម្រោងបាគងរបស់ប្រទេសកម្ពុជា ខណៈដែលមិនមែនជា CBDC គឺជាប្រព័ន្ធទូទាត់ឌីជីថលដែលអនុញ្ញាតឱ្យមានការទូទាត់ ប្រាក់បញ្ញើ និងផ្ទេរសាច់ប្រាក់ជារូបិយប័ណ្ណដុល្លារអាមេរិកឬប្រាក់រៀលដែលត្រូវបានទទួលស្គាល់ដោយ PwC ។

ប្រទេស Bahamas ដែលមាន «Sand Dollar» ជាប់ចំណាត់ថ្នាក់លេខ ១ ដោយទទួលបានពិន្ទុ ៩២ លើ ១០០ ខណៈដែលចិនដីគោកឈរនៅលេខ ៣ មាន ៧៥ ពិន្ទុ។ អ៊ុយក្រែន អ៊ុយរូហ្គាយ និងអេក្វាឌ័របានឈរនៅចំណាត់ថ្នាក់លេខ ៤ ដោយរកបាន ៧១ ពិន្ទុរៀងៗខ្លួន។

ធនាគារជាតិ នៃកម្ពុជាបានចាប់ផ្តើមសិក្សាស្រាវជ្រាវរូបិយប័ណ្ណឌីជីថលនៅខែមិថុនាឆ្នាំ ២០១៨ ហើយបានប្រកាសថាខ្លួនបានចាប់ផ្តើមសាកល្បងជាផ្លូវការនូវរូបិយប័ណ្ណឌីជីថល នៅខែមិថុនា ឆ្នាំ ២០១៩ មុនពេលបើកដំណើរការជាផ្លូវការនៅខែតុលាឆ្នាំមុន។

របាយការណ៍បានឲ្យដឹងថា៖ «បាគងមានគោលបំណងបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសមួយដែលប្រជាជនភាគច្រើនមិនមានទម្លាប់ប្រើប្រាស់គណនីធនាគារ ប៉ុន្តែការប្រើប្រាស់ទូរស័ព្ទចល័តមានកំរិតខ្ពស់។ ប្រព័ន្ធនេះក៏អនុញ្ញាតឱ្យមានប្រតិបត្តិការ អន្តរធនាគារ អេឡិចត្រូនិក និងលើកកម្ពស់ប្រតិបត្តិការជាប្រាក់រៀលបើប្រៀបធៀបនឹងថ្ងៃនេះដែលប្រតិបត្តិការភាគច្រើនជាដុល្លារអាមេរិក»។

PwC បានបន្ថែមថា៖ «បាគងនឹងគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅតាមជនបទ សម្រួលដល់ការទទួលបានឥណទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយនឹងផ្តល់ប្រាក់កម្ចីសម្រាប់សហគ្រាសខ្នាតតូចគោលដៅ»។

លោក​ស្រី​ ជា​ សិរី​ ​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជាធ្លាប់បានឲ្យដឹងកាលពីពេលកន្លងទៅថា កម្មវិធីនេះនឹងជួយជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាជំរុញការប្រើប្រាក់រៀលផងដែរ។ លោកស្រីបានសម្តែងការសាទរថាបច្ចេកវិទ្យានេះនឹងជួយជំរុញការច្នៃប្រឌិតកាន់តែខ្លាំងឡើងនៅក្នុងវិស័យហិរញ្ញវត្ថុ ទន្ទឹមនឹងនេះក៏ជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុកដែលផ្ញើប្រាក់ត្រឡប់មកស្រុកកំណើតវិញផងដែរ។

លោកស្រីថា៖ «បាគងគឺជារបស់ប្រទេសកម្ពុជា។ ប្រព័ន្ធនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់អ្នកប្រើប្រាស់ទាំងអស់ដែលប្រើប្រាស់ការទូទាត់របស់ពួកគេនៅក្រោមវេទិកាតែមួយ ដែលធ្វើឱ្យអ្នកប្រើមានភាពងាយស្រួល»។

PwC បានកត់សម្គាល់ថា ៨៨ ភាគរយនៃគម្រោង CBDC នៅដំណាក់កាលសាកល្បងឬដំណាក់កាលផលិតកម្មប្រើប្រាស់ blockchain ជាទ្រព្យសម្បត្តិមូលដ្ឋាន។

លោក Richard Yim ស្ថាបនិកក្រុមហ៊ុន Demining Robotics បានប្រាប់កាសែតខ្មែរថាមបាគងគឺជាគំនិតផ្តួចផ្តើមមួយដែលនឹងជួយជំរុញការវិនិយោគដោយផ្ទាល់ពីបរទេសនិងជួយទាក់ទាញការបង្កើតអាជីវកម្មថ្មីៗមកកម្ពុជា។

លោក Richard Yim ដែលជាទីប្រឹក្សារដ្ឋាភិបាលផងដែរថ្លែងថា៖ «បាគងអាចជាឧទាហរណ៍មួយដែលប្រទេសដទៃទៀតអាចយកគំរូតាមបាន។ បាគងគឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយរដ្ឋាភិបាល ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ ខណៈពេលដែលធនាគារផ្សេងទៀតកំពុងស្ទាក់ស្ទើរក្នុងការអនុវត្តឬអនុម័តប្រព័ន្ធ crypto បាគងអាចនាំប្រទេសកម្ពុជាឈានមុខគេ ហើយជាមួយនឹងការប្រតិបត្តិត្រឹមត្រូវ នឹងធ្វើជាគំរូដល់បណ្តាប្រទេសផ្សេងទៀតដែលមានបំណងចង់អនុវត្តប្រព័ន្ធនេះ»៕

Related Posts

Previous Article

សញ្ញាវិជ្ជមាន៖ កម្ពុជា រកឃើញករណីថ្មីចំនួន ៣០៣ករណី ខណៈអ្នកជាសះស្បើយចំនួន ២៣៩នាក់

Next Article

Smile Shop ផ្តល់ជូនសេវាកម្មដឹកជញ្ជូនគ្រឿងទេសក្នុងអំឡុងពេលបិទខ្ទប់