លោក ប្រាក់ សុខុន៖ ទំនាក់ទំនងអាស៊ាន-ជប៉ុន ត្រូវបានពង្រឹងបន្ថែមទៀត

Khmer Times Share:

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសិក្ខាសាលាសាធារណៈស្តីពី “កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមាគ៌ាឆ្ពោះទៅមុខក្នុងរយៈពេល ៥០ឆ្នាំខាងមុខ” ដែលធ្វើឡើងនៅថ្ងៃសៅរ៍នេះថា ទំនាក់ទំនងអាស៊ាន-ជប៉ុន នឹងត្រូវបានពង្រឹងបន្ថែមទៀត។

លោកបានបន្តថា “យើងមិនដឹងថាយើងនឹងទៅទីណាក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ប៉ុន្តែសូមកំណត់ទស្សនៈវិស័យខ្លះសម្រាប់ក្មេងជំនាន់ក្រោយ របស់យើងសម្រាប់ ៥០ ឆ្នាំខាងមុខ… ហើយសង្ឃឹមថាទំនាក់ទំនងអាស៊ាន-ជប៉ុននឹងត្រូវបានពង្រឹងកាន់តែខ្លាំង”។

ទំនាក់ទំនងអាស៊ាន-ជប៉ុនត្រូវបានបង្កើតឡើងជិត៥០ឆ្នាំមកហើយ ដែលធ្វើឲ្យជប៉ុនក្លាយជាដៃគូចាស់ជាងគេរបស់អាស៊ាន លោកបានបន្តដោយសង្កត់ធ្ងន់ថា ចាប់តាំងពីពេលនោះមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនបានបន្តកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដោយឈរលើទំនុកចិត្តគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើភាពគ្នា។ ការប្តេជ្ញាចិត្តបន្តរបស់ប្រទេសជប៉ុនក្នុងការលើកកម្ពស់សន្តិភាពប្រកបដោយចីរភាព វិបុលភាពរួមគ្នា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺពិតជាមស្វាគមន៍នៅក្នុងតំបន់របស់យើង។ ជាការពិតណាស់ អាស៊ានចាត់ទុកប្រទេសជប៉ុនជាមិត្តជិតស្និទ្ធបំផុតរបស់យើង និងជាដៃគូដែលអាចទុកចិត្តបាន។

អ្នកការទូតកំពូលកម្ពុជាបានបន្ថែមថា​ “នៅឆ្នាំក្រោយ យើងត្រៀមរង់ចាំរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន។ ប៉ុន្មានឆ្នាំមកនេះ អាស៊ានបានកោតសរសើរចំពោះការគាំទ្រឥតងាករេរបស់ជប៉ុនចំពោះមជ្ឈភាពរបស់អាស៊ាន និងស្ថាបត្យកម្មតំបន់ដែលផ្តោតលើអាស៊ាន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់។ កិច្ចសហប្រតិបត្តិការរបស់យើងគ្របដណ្តប់លើផ្នែកផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខដែនសមុទ្រ និងសន្តិសុខតាមអ៊ីនធឺណិត រួមទាំងវិធានការកសាងទំនុកចិត្ត និងការអនុវត្តជាក់ស្តែងនៅក្នុងតំបន់។ នៅក្នុងបរិបទនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន សកម្មភាពកិច្ចសហប្រតិបត្តិការមានភាពស៊ីសង្វាក់គ្នាមួយចំនួននៅក្នុងចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)” ។

លោកបានបន្តទៀតថានៅក្នុងវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច លោកបានចង្អុលបង្ហាញថា ប្រទេសជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបួនរបស់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំទឹកប្រាក់ ២៤០.០ ពាន់លានដុល្លារ។ ប្រទេសជប៉ុនក៏ជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ធំជាងគេទីបីរបស់អាស៊ាន ជាមួយនឹងលំហូរ FDI សរុបពីប្រទេសជប៉ុនមានទំហំទឹកប្រាក់ ៨.៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ “រួមគ្នា អាស៊ាន និងជប៉ុនបានលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលយើងពង្រឹងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩។ នៅទីនេះខ្ញុំយល់ឃើញថា តួនាទីរបស់វិស័យធុរកិច្ចជប៉ុនមានសារៈសំខាន់ខ្លាំងណាស់ ហើយពួកគេបន្តវិនិយោគក្នុងអាស៊ាន ដោយទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន»។

យោងតាមលោក សុខុន ក្នុងវិស័យកិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌ អាស៊ានបានកោតសរសើរចំពោះភាពជាដៃគូ “ពីបេះដូងមួយទៅបេះដូង” របស់ប្រទេសជប៉ុន ដែលបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការលើកកម្ពស់វប្បធម៌ កីឡា និងការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន។ ការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន ក៏ជាមធ្យោបាយមួយទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអប់រំផងដែរ។ ការគាំទ្ររបស់ប្រទេសជប៉ុនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបង្រួមគម្លាតនៃការអភិវឌ្ឍន៍តាមរយៈគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ត្រូវបានកោតសរសើរយ៉ាងខ្លាំងផងដែរ។

លោកបានថ្លែងបញ្ជាក់ថា «ចំពោះការឆ្ពោះទៅមុខរយៈពេល៥០ ឆ្នាំខាងមុខ មានការរំពឹងទុកយ៉ាងខ្លាំងថា ទំនាក់ទំនងអាស៊ាន-ជប៉ុន នឹងត្រូវបានពង្រឹងយ៉ាងខ្លាំង។ ជប៉ុនមានចំណាប់អារម្មណ៍ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន គឺពិតជាផ្លូវដ៏ល្អបំផុតក្នុងការជំរុញទំនាក់ទំនងរបស់យើងក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល នវានុវត្តន៍ ទីក្រុងឆ្លាតវៃ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសសម្រាប់កម្លាំងពលកម្មឌីជីថលដែលមានជំនាញខ្ពស់” ។

សក្តានុពល និងអត្ថប្រយោជន៍ដ៏ធំនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ នឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតក្នុងរយៈពេលខ្លី។ ក្នុងរយៈពេលវែង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះពិតជានឹងផ្លាស់ប្តូរតំបន់របស់យើងលើសពីការរំពឹងទុករបស់យើង។

លោកឧបនាយករដ្ឋមន្រ្តីបាននិយាយទៀតថា “ខ្ញុំក៏រំពឹងថាអាស៊ាន-ជប៉ុននឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងការកសាងសមត្ថភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម ស្ត្រី និងសហគ្រិនវ័យក្មេង ជាពិសេសក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលសម្រាប់អាជីវកម្មរបស់ពួកគេ។ ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ យើងក៏មានសក្តានុពលជាច្រើនទៀតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើកំណើនបៃតង ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូរទៅជាថាមពលស្អាត និងសង្គមមានកាបូនទាប»៕ Heng Panha – AKP

Related Posts

Previous Article

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣

Next Article

សកម្មភាព​មីន​នៅ​កម្ពុជា​ ​លេចធ្លោ​លើ​ការ​ដោះស្រាយបញ្ហា​សំណល់​ជាតិផ្ទុះ​របស់​អា​ស៊ាន​