ភ្នំពេញៈ អង្គការ WCS បង្ហាញ​ក្តីបារម្ភ​ពី​ចំនួន​សត្វខ្សឹប ដែល​បាន​ថយចុះ​យ៉ាងគំហុក​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ខណៈ​បច្ចុប្បន្ន វត្តមាន​សត្វ​នេះ ភាគច្រើន​មាន​នៅក្នុង​ខេត្ត​កំពង់ធំ និង​មាន​តិចតួច​បំផុត​នៅក្នុង​ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​។

សត្វខ្សឹប ជា​ប្រភេទ​សត្វ​តំបន់​វាលស្មៅ មាន​ដើមកំណើត​នៅ​ឧបទ្វីប​ឥណ្ឌា ប្រទេស​កម្ពុជា និង​ក៏​ធ្លាប់​មាន​នៅ​វៀតណាម​ផងដែរ​។

វា​ត្រូវ​បាន​ចុះបញ្ជី​ជា​ប្រភេទ​បក្សី​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ហើយ​វា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​តិចជាង ៥០០ ​ក្បាល​នៅលើ​ពិភពលោក​។

អង្គការ WCS បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសបុក​របស់ខ្លួន នៅ​ថ្ងៃទី ៣ មិថុនា​ថា ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ទីជម្រក​សម្រាប់​វត្តមាន​នៃ​អនុប្រភេទ Houbaropsis bengalensis blandini ដែល​នៅ​សេសសល់ នៅលើ​ពិភពលោក​។

ប៉ុន្តែ​ចំនួន​សត្វខ្សឹប​នៅ​កម្ពុជា បាន​ថយចុះ​យ៉ាងគំហុក​ក្នុង​កំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​មាន​វត្តមាន​ភាគ​ច្រើន​នៅក្នុង​ខេត្តកំពង់ធំ មាន​តិចតួច​នៅក្នុង​ខេត្ត​សៀមរាប និង​មាន​តិចតួច​បំផុត​នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង​ពោធិ៍សាត់​។

អង្គការ​នេះ​បាន​បញ្ជាក់ថា​៖ «​សត្វ​ខ្សឹប​រស់នៅ​តាម​តំបន់​វាលស្មៅ​ធម្មជាតិ​ដែលមាន​លាយឡំ​ជាមួយ​នឹង​គុម្ពោត​ព្រៃ​ដុះ​រាយប៉ាយ​។ កត្តា​គំរាមកំហែង​ធំៗ​ដល់​ការរស់នៅ​របស់​សត្វខ្សឹប រួមមាន ការបាត់បង់​ទីជម្រក​ពាក់ព័ន្ធ​ទៅនឹង​ការបំប្លែង​តំបន់​វាលស្មៅ​ និង​តំបន់​ដាំដុះ​ស្រូវ​បែប​យថាផល​ទៅជា​តំបន់​ដាំដុះ​ស្រូវ​បែប​ប្រពលវប្បកម្ម (​ពីរ​ទៅ​បី​ដង​ក្នុង​មួយឆ្នាំ​) ការ​ប្រមាញ់​ខុសច្បាប់ និង​ការហើរ​បុក​ទង្គិច​ជាមួយ​ខ្សែបណ្តាញ​អគ្គិសនី​»​។

នៅក្នុង​ឆ្នាំ ២០០៩ អង្គការ WCS និង​ដៃគូ បាន​បោះពុម្ពផ្សាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​រយៈពេល​ជាង​ ១០ ​ឆ្នាំ​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះបាន​បង្ហាញថា ចំនួន​សត្វខ្សឹប​ឈ្មោល​ដែល​លោត​បង្អួតខ្លួន​នៅ​រដូវ​បន្ត​ពូជ តាមរយៈ​ទិន្នន័យ​ជំរឿន​ឆ្នាំ ២០១៨ មានតែ ១០៤ ​ក្បាល​ប៉ុណ្ណោះ នៅ​កម្ពុជា​។

ដើម្បី​ការពារ​ និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏កម្រ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​តំបន់​អភិរក្ស​សត្វ​ខ្សឹប​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​បច្ចុប្បន្ននេះ​ត្រូវបាន​កំណត់​ឈ្មោះថា «​តំបន់​ការពារ​ទេសភាព​ទំនាប​ខាងជើង​ទន្លេសាប​» គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៣១ ១៥៩ ​ហិកតា ក្រោម​អនុក្រឹត្យ​លេខ ៨៨. អនក្រ.បក លាតសន្ធឹង​ឆ្លងកាត់​ខេត្តកំពង់ធំ​ និង​សៀមរាប​។

បន្ថែម​ពីនេះ អង្គការ WCS ក៏បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​បរិស្ថាន​ដើម្បី​អភិរក្ស​តំបន់​នេះ និង​ការពារ​សត្វ​ខ្សឹប​ព្រមទាំង​ប្រភេទ​សត្វ​ស្លាប​កម្រៗ​ដទៃទៀត​ដូចជា ចាបព្រៃ​វែង ជាដើម​។

អង្គការ​បាន​បញ្ជាក់ថា​៖ «​សកម្មភាព​អភិរក្ស​សំខាន់ៗ​រួមមាន ការគាំទ្រ​ដល់​ការអនុវត្ត​ច្បាប់ ការគ្រប់គ្រង​តំបន់​វាលស្មៅ​ដោយមាន​ការចូលរួម​ពី​សហគមន៍ ការផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ដល់​សហគមន៍ ការការពារ​សម្បុក​សត្វខ្សឹប ការលើកកម្ពស់​គម្រោង​ស្រូវ​បែប​និរន្តរភាព ដែលជា​យន្តការ​មួយ​គាំទ្រ​ដល់​និរន្តរភាព​កសិកម្ម សម្រាប់​ការអភិរក្ស​សត្វខ្សឹប និង​ការបង្កើត​តំបន់​ការពារ​ធម្មជាតិ​ថ្មី​មួយ​នៅក្នុង​ខេត្តពោធិ៍សាត់​»​។

យោងតាម​ប្រកាស​លេខ ០២០ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សត្វ​ខ្សឹប​ត្រូវ​បាន​ធ្វើ​ចំណាត់ថ្នាក់​ជា​ប្រភេទ​សត្វ​ «​កម្រ​»​។

ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា ៥៦ និង ៦១ ស្តីពី​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣ ជន​ទាំងឡាយណា​ដែល​ចាប់ដាក់​អន្ទាក់ ប្រមាញ់ ធ្វើឱ្យ​របួស បំពុល សម្លាប់ យកចេញ ប្រមូល​ពង​កូន និង​សត្វព្រៃ ដែល​ជា​ប្រភេទ​ងាយ​រងគ្រោះ ប្រភេទ​កម្រ ឬ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត នឹង​ត្រូវ​ទទួលទោស​ទណ្ឌ​ជាប់ពន្ធនាគារ​ពី ១ ​ឆ្នាំ ដល់ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ១៥ លាន​រៀល ដល់ ១៥០ លាន​រៀល​៕