ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ម្សិលមិញ​ថា មនុស្ស​ចំនួន​ ៤៣ ​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន​មាន​វិជ្ជមាន​កូវីដ​ ១៩​ ដែល​បាន​ឆ្លង​ក្នុង «​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​» ​ដែល​ព្រឹត្តិការណ៍​ឆ្លង​ចូលក្នុង​សហគមន៍​ជា​លើក​ទី​៣ ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា​ជា «​ស្ថានភាព​ដ៏អាក្រក់​»​។

កាលពី​ថ្ងៃទី​ ២០ ​ខែកុម្ភៈ លោក​ ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស​ជាបន្ទាន់​មួយ​ទៅកាន់​ជន​រួមជាតិ​អំពី​ព្រឹត្តិការណ៍​សហគមន៍​ថ្មី​នេះ ដោយ​លោក​លើកឡើង​ថា សភាពការណ៍​បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយ​ដែល​លោក​ក៏ដូចជា​មន្ត្រី​ពាក់ព័ន្ធ​បាន​ធ្វើការ​សន្និដ្ឋាន​ច្បាស់​ថា នេះ​ជា​ការឆ្លង​ក្នុង​សហគមន៍​លើក​ទី​៣ បន្ទាប់ពី​សហគមន៍​ ៣ ​វិច្ឆិកា និង​សហគមន៍​ ២៨ ​វិច្ឆិកា​ កាលពី​ឆ្នាំ​ ២០២០​។

លោក​មាន​ប្រសាសន៍​ថា​៖ «​នេះ​ជា​ស្ថានភាព​ដ៏អាក្រក់​សម្រាប់​យើង​ក្នុងពេល​ដែល​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ១៩​ ដែល​នាំចូល​ពី​ប្រទេស​ថៃ និង​វៀតណាម ខណៈ​ដែល​យើង​បានធ្វើ​ល្អ​ហើយ នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ ​នេះ​»​។

ក្នុង​ដំណាក់កាល​នេះ លោក​ ហ៊ុន សែន បានចេញ​នូវ​បទបញ្ជា​ដោយ​អំពាវនាវ​ចំពោះ​ជនរួមជាតិ​ទាំងអស់​ដោយ​លោក​បានស្នើ​សុំ​នូវ​ការយោគយល់​ពី​អ្នក​ធុរកិច្ច​ និង​ការ​ស្នាក់នៅ​របស់​ពលរដ្ឋ​ដែល​តម្រូវឱ្យ​មាន​ការបិទ​អគារ ក្លិប​កម្សាន្ត​អិន​ប្រាំបី (N8) និង​តំបន់​មួយចំនួន ដែល​ផ្ទុះ​ករណី​កូវីដ​ ១៩​ ជា​ចាំបាច់​។

លោក​មាន​ប្រសាសន៍​ថា​៖ «​អ្នក​ដែល​នៅក្នុង​តំបន់​នោះ អាច​នឹង​មាន​ការប៉ះពាល់ ប៉ុន្តែ​យើង​មិនមាន​ជម្រើស​ទេ ដោយសារ​ពួកគាត់ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​។ មនុស្ស​ទាំងអស់​នោះ មិនត្រូវ​អនុញ្ញាត​ឱ្យចូល លើកលែង​តែ​ម្ចាស់ផ្ទះ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ចេញពី​តំបន់​នោះ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​ស្ថាប័ន និង​អាជ្ញាធរ​ទាំងអស់​ត្រូវ​ស្វែងរក​អ្នកពាក់ព័ន្ធ​នឹង​ក្លិប N8 ទោះ​ទៅដល់​ទីណា​ក៏ដោយ ដើម្បី​ស្វែងរក​មក​ធ្វើតេស្ត និង​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​។

យោងតាម​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា នៅ​ថ្ងៃទី​ ២១ ខែកុម្ភៈ មាន​មនុស្ស​ចំនួន​ ៤៣ ​នាក់​បាន​ឆ្លង​កូវីដ ​១៩ ​ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​ ក្នុង​រយៈពេល​ ២ ​ថ្ងៃ​គឺ​ពីថ្ងៃ​ទី​ ១៩ និង​ទី​ ២០ ​ខែកុម្ភៈ ដែល​ក្នុងនោះ មាន​ជនជាតិ​ចិន​ចំនួន​ ៤១ ​នាក់ និង​ជនជាតិ​វៀតណាម​ចំនួន​ ២ ​នាក់​។

សមត្ថកិច្ច​បាញ់​អាល់កុល​ឲ្យ​នារី​ម្នាក់​នៅ​ម្តុំ​សង្កាត់​ទន្លេបាសាក់​ម្សិលមិញ​។ ហេង ជីវ័ន

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ថា ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​នូវ​វីរុស​កូវីដ​ ១៩ នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ២០ ខែកុម្ភៈ​។

លោកស្រី​ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ដែលមាន​ ៣ ការពារ (​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​ ១ ​ម៉ែត្រ​កន្លះ​ឡើង​) និង​ ៣ ​កុំ (​កុំទៅ​កន្លែង​ដែលមាន​មនុស្ស​កកកុញ​ច្រើន កុំទៅ​កន្លែង​ដែល​បិទ​ជិត​មិនមាន​ខ្យល់​ចេញ-ចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក និង​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា​...»​។

លោកស្រី​ ឱ វណ្ណឌីន បន្តថា ត្រូវ​ចូលរួម​ធ្វើ​ចត្តាឡីស័ក​ឱ្យបាន​ត្រឹមត្រូវ​ ១៤ ​ថ្ងៃ ហើយ​បុគ្គល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ឬ​ដឹងថា​ខ្លួន​ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកមាន​វីរុស​កូវីដ​១៩ ត្រូវ​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​រក​មេរោគ​កូវីដ​១៩​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។

ទន្ទឹមនឹង​នេះដែរ លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ បាន​ដាក់ឱ្យ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code ទប់ស្កាត់​កូវីដ​១៩ (Stop Covid-19) ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព​ និង​ល្បឿន​ក្នុង​ការបង្ការ​ និង​ទប់ស្កាត់​ហានិភ័យ​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។

លោក​ឱ្យដឹងថា ក្រសួង​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​បានរៀបចំ​នូវ​ប្រព័ន្ធ QR Code ទប់ស្កាត់​កូវី​ដដែល​សាធារណជន​ចាំបាច់​ត្រូវ​ស្កេន QR Code នៅពេល​ធ្វើដំណើរ​ចេញ-ចូល​ទីតាំង​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែង​កម្សាន្ត អគារ​ស្នាក់នៅ​រួម​ (​ខុនដូ​) ក្រុមហ៊ុន រោងចក្រ សហគ្រាស​ជាដើម ដែល​មាន​មនុស្ស​ចេញ-ចូល​ច្រើន​។

លោក​ ម៉ម ប៊ុនហេង ​បញ្ជាក់ថា៖ «​ប្រព័ន្ធ​ហ្នឹង​កត់ត្រា​ទុក​ទីតាំង​របស់​បុគ្គល​ដែល​បានចេញ​-​ចូល (​ជា​ប្រព័ន្ធ​ដែល​មិនមាន​ការតាមដាន​ឯកជន​ភាព​របស់​បុគ្គល​) និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការតាមដាន​ស្វែងរក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ ឬ​ប៉ះពាល់ ប្រសិន​បើ​ទីតាំង​នោះ​មាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩»​។

ដោយឡែក​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​ផ្តល់ជំនួយ​ជា​សម្ភារ និង​ស្បៀង​បន្ថែម​ទៅដល់​ខេត្ត​ចំនួន​ ៥ ​នៅជាប់​ព្រំដែន​ដើម្បី​បន្ត​រៀបចំ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពីថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២១​។

ខេត្ត​ទាំងនោះ​មាន ខេត្ត​បាត់ដំបង​ទទួល​បាន​នូវ​សម្ភារ​ប្រើប្រាស់ (​កន្ទេល មុង ភួយ ខ្នើយ​..) ​ចំនួន​ ២០០០ ​កញ្ចប់ ទឹក​សុទ្ធ​ ២ ០០០ ​កេស និង​មី​កញ្ចប់​ ៥០០ ​កេស​, ខេត្តបន្ទាយមានជ័យ ទទួលបាន​ចំនួន​ ៣ ០០០ ​កញ្ចប់ និង​មី​ ៥០០ ​កេស​,​ខេត្ត​ឧត្តរមានជ័យ​ទទួល​បាន​ចំនួន​ ២ ០០០ ​កញ្ចប់ ទឹក​សុទ្ធ ២ ៥០០ ​កេស និង​មី​ ៥០០ ​កេស​,​ ខេត្ត​ប៉ៃលិន​ទទួល​បាន​ទឹក​សុទ្ធ​ ១ ០០០ ​កេស​ និង​ខេត្តកោះកុង ទទួល​បាន​ចំនួន​ ១០០ ​កញ្ចប់​។

នៅក្នុង​សន្និសីទ​ព័ត៌មាន​ជុំវិញ​ការកែសម្រួល អនុក្រឹត្យ ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប ការឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺ​នៅតាម​ច្រកចេញ​-​ចូល លោក ម៉ម ប៊ុនហេង ថ្លែងថា រហូត​មក​ដល់​ពេលនេះ​ប្រមុខ​រាជរដ្ឋាភិបាល​បានផ្តល់​ថវិកា​អស់​ចំនួន​ ៩ ៤៨៥ លាន​រៀល ឬ​ស្មើនឹង​ជាង ២,៣ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក រួម​នឹង​​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត សម្រាប់​ផ្គត់ផ្គង់​ទៅ​បណ្តា​ខេត្ត​ទាំង​ ៧ នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ​សម្រាប់​ផ្គត់ផ្គង់​ការធ្វើ​ចត្តាឡីស័ក​ដល់​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​។

គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ​មាន​ពលករ​ខ្មែរ​ប្រមាណ ៣៨ ៩៤៤ ​នាក់ ​បានធ្វើ​ចត្តាឡីស័ក​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងនោះ​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​មាន​ចំនួន ១១ ៧៩២ ​នាក់ ចំណែក​អ្នកកំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​មាន​ចំនួន ២៤២ ​នាក់​។

បើតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ២១ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​កម្ពុជា​មាន​អ្នកមាន​វីរុស​កូវីដ ​១៩​ ចំនួន​ ៥៣៣ ​នាក់​ ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ ៤៧៣ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៦០ ​នាក់​៕

វីដេអូ៖