Singapore

រាជបណ្ឌិត្យសភាកម្ពុជានឹងអនុវត្តច្បាប់ដើម្បីចាប់ខ្លួនជនល្មើសដែលកាប់ឈើខុសច្បាប់នៅក្នុងតំបន់ការពារ

បុត សិលា / Khmer Times Share:
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាក្រឡេកមើលដើមឈើមួយដែលត្រូវបានគេកាប់ដើម្បីឈូសឆាយដីនៅខាងក្នុងឧទ្យានជាតិ តេជោសែន ឫស្សីត្រឹប​ ខេត្តព្រះវិហារ។ ហ្វេសប៊ុក

រាជបណ្ឌិត្យសភាកម្ពុជា (RAC) នឹងចាប់ផ្តើមអនុវត្តច្បាប់ដើម្បីចាប់ខ្លួនជនល្មើស រឹបអូសឈើ និងម៉ាស៊ីនឈូសឆាយ ខណៈនៅតែមានការកាប់ឈើខុសច្បាប់នៅឧទ្យានជាតិ តេជោសែន ឫស្សីត្រឹប​ ខេត្តព្រះវិហារ។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយកាលពីម្សិលមិញថាការអត់ធ្មត់របស់លោកត្រូវបានបញ្ចប់ ដូច្នេះ លោកត្រូវតែអនុវត្តច្បាប់ដើម្បីចាប់ខ្លួនអ្នកដែលចូលកាប់ព្រៃខុសច្បាប់។

លោកបន្តថារាជបណ្ឌិត្យសភា បានអប់រំឲ្យប្រជាជនក្នុងមូលដ្ឋានឲ្យស្រឡាញ់ព្រៃឈើអស់រយៈពេល ២ឆ្នាំហើយ និងសុំពួក​គាត់ឲ្យកុំកាប់ព្រៃឈើ កាប់ឈើរៀនយកដី ហើយជំនួសមកវិញ​អាចអាស្រ័យលើអនុផលព្រៃឈើ មានដូចជា ផ្សិត វល្លិ៍ និងទំពាំងជាដើម។​

លោកនិយាយថា រាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្កើតការងារឲ្យប្រជាជនគួយមកចិញ្ចឹមមេគោយកទឹកដោះ ចៀម ពពែ។ ពួកគាត់ក៏នៅតែអាចរក្សាបាននូវវប្បធម៌របស់ខ្លួន ដូចជាការរៀបចំយកជ័រពីដើមច្បោះ (ជ័រត្រាចជាដើម) និងទីតាំងឡស្លដែកបុរាណ ដែលសុទ្ធសឹងតែជាវប្បធម៌របស់ជនជាតិគួយ ដែលជាជនដើមភាគតិច។

លោកបានបន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនអាចធ្វើបានដើម្បីផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនជំនាន់ក្រោយ ហើយនៅពេលជំងឺរាតត្បាតបានបញ្ចប់ ពួកគេនឹងក្លាយទៅជាអ្នកផ្ដល់សេវាកម្មក្នុងវិស័យទេសចរណ៍ ដោយធ្វើជាអ្នកនាំភ្ញៀវទេសចរ រៀបចំផ្ទះសំណាក់ រៀបចំម្ហូបអាហារជូនភ្ញៀវទេសចរជាដើម ដែលយើងនឹងរៀបចំបណ្តុះបណ្តាលនៅពេលខាងមុខ។

លោកនិយាយថា៖ «ទាំងអស់នេះហើយដែលយើងចង់ជួយគាត់ ប៉ុន្តែផ្ទុយទៅវិញ គាត់នៅតែបន្តកាប់បំផ្លាញ ឈើប្រណីត រានយកដីដោយកាប់និងដុតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបដដែល ដូច្នេះ យើងនឹងចាប់ផ្ដើមអនុវត្តច្បាប់ហើយ ចាប់ពីពេលនេះទៅ យើងនឹងចាប់ទាំងឈើ ទាំងអ្នកប្រព្រឹត្តបទល្មើស និងទាំងគោយន្តឈូសឆាយយកមករក្សាទុកហើយ»។

លោកបន្តថា៖ «ថ្មីៗនេះ តំបន់ទាំងនោះត្រូវបានគ្របដណ្តប់ដោយព្រៃស្រោង និងមានភាពស្ងប់ស្ងាត់។ នៅក្នុងឧទ្យានមានកន្លែងរ៉ែដែកបុរាណមួយ។ យើងនឹងអភិរក្សតំបន់នេះសម្រាប់ការធ្វើកំណាយបុរាណវិទ្យា និងថែរក្សាវប្បធម៌កួយ»។

លោកថាតាមរយៈការថែរក្សាបរិស្ថាន និងបេតិកភណ្ឌវប្បធម៌ ឧទ្យានអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច។

ឧទ្យាននេះគឺជាតំបន់ការពារដែលមានព្រៃឈើ សត្វព្រៃ បេតិកភណ្ឌ ប្រវត្តិសាស្រ្តបុរាណ និងកន្លែងស្លដែកបុរាណ។ វាបានបម្រើមុខងារមួយចំនួនក្នុងវិស័យព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍។

RAC ទទួលខុសត្រូវចំពោះការអភិរក្ស ការអភិវឌ្ឍន៍តំបន់ស្រាវជ្រាវ ទេសចរណ៍ និងការការពារបេតិកភណ្ឌព្រៃឈើនៅក្នុងតំបន់។ RAC ក៏នឹងបង្កើតកន្លែងស្រាវជ្រាវចំនួន ៥ នៅក្នុងឧទ្យានសម្រាប់កសិកម្ម បរិស្ថាន ទេសចរណ៍ និងសង្គម៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

កូរ៉េខាងត្បូងអនុម័តច្បាប់ក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពន្ធ

Next Article

ឡុង ឌីម៉ង់៖ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចគឺជាផែនទីបង្ហាញផ្លូវសម្រាប់អ្នកការទូតកម្ពុជានៅបរទេស