ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យក្រុមការងារសុខាភិបាល រៀបចំក្រមប្រតិបត្តិព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះឱ្យរួចរាល់ជាមុន ក្នុងករណីដែលមានការកើនឡើងថែមទៀតនូវអ្នកជំងឺ ហើយនៅតាមមន្ទីរពេទ្យពេញដោយអ្នកជំងឺទាំងស្រាល និងធ្ងន់ ដែលមិនអាចដាក់អ្នកជំងឺបន្ថែមទៀតបាន។
យោងតាមសារជាសំឡេងរបស់លោក ហ៊ុន សែន នៅថ្ងៃអង្គារទី ៦ ខែមេសានេះ បានលើកឡើងថា កម្ពុជាគួរតែយកការរៀបចំមួយ ដែលយកវិធីសាស្រ្តតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើន ដូចជានៅអាមេរិក បារាំង អឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺច្រើនលើសពីចំនួនពេទ្យដែលអាចទទួលបាន។
លោកបានមានប្រសាសន៍ថា៖ «ត្រូវពិនិត្យពីលទ្ធភាពរបស់គ្រូពេទ្យ ដែលត្រូវទទួលយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់បានទេ ក្នុងករណីដែលមានការកើនឡើងថែមទៀតនូវអ្នកជំងឺ។ អ្នកជាតិច អ្នកឈឺច្រើន ទោះបីជាយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀត ក៏មិនគ្រប់ដែរ»។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា វិធីដោះស្រាយ គឺមានតែទុកអ្នកដែលវិជ្ជមានកូវីដ ១៩ ដែលមានស្ថានភាពស្រាល នៅសម្រាកព្យាបាលនៅផ្ទះ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់។
លោកថា អ្នកជំងឺអាចសម្រាកព្យាបាលនៅផ្ទះ គឺអ្នកនោះ ត្រូវតែជាអ្នកដែលមានជំងឺស្រាល ហើយមានផ្ទះសមរម្យដែលអាចព្យាបាលបាន ប៉ុន្តែប្រសិនបើអ្នកនោះមានជំងឺធ្ងន់ គឺត្រូវយកមកមន្ទីរពេទ្យ៕
វីដេអូ៖