ភ្នំពេញ៖ «ឆ្ងាញ់» ហើយ «ឃ្យូត» ជាពាក្យ ២ ម៉ាត់ ដែលអាចរៀបរាប់ពីហាងបង្អែម និងភេសជ្ជៈ អូន អ៊ូក (Oun Ouk Master Tea) ដែលទើបនឹងរំលេចរូបរាងយ៉ាងស្អាតទាក់ភ្នែក ស្ថិតនៅខាងកើតផ្សារទួលទំពូង។
ភេសជ្ជៈ បង្អែម និង អាហារសម្រន់ប្លែកៗប្រមាណជាង ៣០ មុខ ត្រូវបានដាក់បម្រើអតិថិជនក្នុងបរិយាកាសដ៏ស្រស់ស្រាយរបស់ហាង ដែលមានការតុបតែងបែបច្នៃប្រឌិត សុទ្ធតែវត្ថុឃ្យូត និងគួរឱ្យស្រឡាញ់គ្រប់យ៉ាង។
មិនខុសពីឈ្មោះរបស់ហាងនោះទេ នៅខាងក្នុងហាង អូន អ៊ូក មានដាក់តាំងរូបកូនជ្រូក ហើយសូម្បីតែបង្អែមក៏មានរាងជាកូនសត្វសម្បូរសាច់ដ៏គួរឱ្យខ្នាញ់មួយនេះផងដែរ។
ជំនួសឱ្យការប្រើប្រាស់កៅអីធម្មតា អ្នកស្រី ចាន់ សុខលី ជាម្ចាស់ហាងបានរៀបចំជារបៀបសាឡុងពណ៌ស្រាលស្រទន់ រួមទាំងតុ ឈើ និងកៅអីដ៏ទាន់សម័យ។
កន្លែងអង្គុយធំទូលាយ មាន ២ ជាន់សម្រាប់អតិថិជន ដែលចង់មកញ៉ាំ និងថតរូបឃ្យូតៗទុកជាអនុស្សាវរីយ៍ និងបង្ហោះក្នុងបណ្ដាញសង្គម។
ការប្រើប្រាស់អំពូលទម្រង់មូល និងស្ថិតក្នុងកងមួយ ក៏ជាការបំភ្លឺ និងលម្អដ៏ទាក់ភ្នែក។ ក្រៅពីនេះនៅមានទាំងរូបភាពម្ហូប គួរឱ្យទាក់ទាញដាក់ព្យួរតាមជញ្ជាំងយ៉ាងស្រស់ស្អាតទៀតផង។
អ្នកស្រី សុខលី ដែលពីដំបូងឡើយជាអ្នកបោះដុំគ្រឿងក្រអូប និងមិនធ្លាប់គិតថា មកបើកហាងភេសជ្ជៈបានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីមូលហេតុដែលធ្វើឱ្យអ្នកស្រីសម្រេចចិត្តមកបើកហាងថា៖ «អំឡុងពេលកូវីដ ការងារបង ដែលនាំចេញនាំចូលគ្រឿងក្រអូបពីបរទេសមិនសូវដំណើរការ។ បងក៏នឹកឃើញថា បងមានចំណេះដឹងស្រាប់ទៅលើផ្នែកម្ហូប និងភេសជ្ជៈនេះ ទើបសម្រេចចិត្តបើកហាងតូចល្មមសាកល្បងនៅម្ដុំបឹងកេងកង ហើយវាក៏ទទួលបានជោគជ័យ ជាលទ្ធផលបងក៏បានបើកសាខាទី២ នៅទួលទំពូង»។
អ្នកស្រីបានរៀបរាប់ពីភាពពិសេសរបស់ហាង ដែលសាខាទី២ ទើបតែបើកកាលពីថ្ងៃទី ២៥ ខែមករា កន្លងទៅនេះថា៖ «ភាពពិសេសរបស់ហាងបង គឺជាភាពប្លែកនូវអ្វីដែលបងដាក់បម្រើនៅទីនេះ។ បងចង់ទាមទារចំណាប់អារម្មណ៍ អ៊ីចឹងបងប្រឹងច្នៃប្រឌិតឱ្យខុសពីគេ អាចនិយាយបានថា របស់ដែលលក់ក្នុងហាងបងភាគច្រើនរកមិនបាននៅហាងដទៃទេ»។
អ្នកស្រីបន្តថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃបងប្រឹងគិតអាប់ដេត (update) ថ្មីៗហើយធ្វើយ៉ាងណាមិនឱ្យជាន់គេ ព្រោះបងចង់បោះជំហានទៅឆ្ងាយជាងហ្នឹងមានគេស្គាល់បន្ថែមទៀត»។
ពិពណ៌នាមកដល់ចំណុចនេះបងស្រីក៏បានរៀបរាប់ពីមុខម្ហូបមួយចំនួនដែលសុទ្ធតែសម្រិតសម្រាំង និងទទួលបានការគាំទ្រពីអតិថិជន ដូចជា សម្រាប់ភេសជ្ជៈគឺ តែផ្លែឈើទឹកឃ្មុំ។
ឆ្លងតាមការសិក្សា អ្នកស្រីបានប្រើទឹកឃ្មុំធម្មជាតិជំនួសការប្រើប្រាស់ស្ករ ដែលវាមិនបង្កឱ្យប៉ះពាល់ដល់សុខភាព ឬការឡើងទម្ងន់នោះទេ។
ពេលទទួលទាន ភ្ញៀវទទួលបានទាំងរសជាតិស្រស់ពីផ្លែឈើ និងភាពផ្អែមពីធម្មជាតិ។ អ្នកដែលចង់បានផ្អែម គឺអាចញ៉ាំជាមួយទឹកឃ្មុំ សាច់ឃ្មុំ ដែលដាក់នៅលើចានមួយផ្សេងទៀត។
មួយវិញទៀត គឺកាហ្វេខ្ទិះ ទឹកឃ្មុំ នៅលើថាស មានកាហ្វេ ខ្ទិះ និង ទឹកឃ្មុំ ទឹកកក ដោយពេលទទួលទានគេអាចចាក់ចូលគ្នា និងដាក់ភាពផ្អែមតាមចំណង់ចំណូលចិត្ត។ ខ្ទិះត្រូវបានប្រើជំនួសទឹកដោះគោ ដើម្បីផ្ដល់នូវរសជាតិឆ្ងាញ់ប្លែកមួយបែបទៀត។
បង្អែម គឺមានបង្អែម អូន អ៊ូក គ្រឿងផ្សំគឺពីហាងផ្ទាល់ទាំងអស់រួមមាន ឈីសរូបកូនជ្រូក និងគជ់ពណ៌ស្វាយ ពណ៌បៃតង ច្នៃធ្វើពីដំឡូង និងមើមប្លុង។
សម្រាប់អាហារសម្រន់វិញមាន ២ មុខគឺ មីគោកអំបិសម្ទេស ដែលមានទាំងមីលាយគ្រឿង បង្គា មឹក ពងទា និងត្រកួន រួមទាំងទឹកស៊ុបមួយចានខាងក្រៅ។
រីឯប្រហិតលីងពោត ដែលពេញនិយមខ្លាំងសម្រាប់យុវវ័យមានជម្រើសឈុតតូច និងធំ មានខ្នាតរង្វាល់ត្រឹមត្រូវ។ ប្រភេទប្រហិតអាចរើសបាន ហើយរូបមន្ត គឺអ្នកស្រីមានឆាលាយជាមួយបង្គា ពោត ពោតបារាំង និងត្រសក់ បង្កើតបានរសជាតិឆ្ងាញ់ប្លែកជាមួយទឹកជ្រលក់។
តម្លៃអាហារ បង្អែម និងភេសជ្ជៈ នៅហាង អូន អ៊ូក គឺចន្លោះពី ២ ទៅ ១០ ដុល្លារ។
ឆ្លើយតបតាមតម្រូវចិត្តភ្ញៀវ អ្នកស្រីជាម្ចាស់ហាងតែងស្នើឱ្យបុគ្គលិកសូមមតិយោបល់ពីភ្ញៀវ ដើម្បីធ្វើការកែលម្អ។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំគិតថា សព្វថ្ងៃបុគ្គលិកខ្ញុំនៅមានភាពយឹតយ៉ាវបន្តិច ខ្ញុំសូមអធ្យាស្រ័យផង។ តែខ្ញុំនឹងបណ្ដុះបណ្ដាលគាត់បន្ថែមព្រោះពួកគាត់នៅថ្មីសម្រាប់សាខាថ្មីនេះ។ មួយវិញទៀតខ្ញុំក៏ចង់អរគុណដល់អ្នកគាំទ្រហាង អូន អ៊ូក ទាំងអស់ ហើយយើងនឹងរកអ្វីថ្មីប្លែកដាក់បម្រើថែមទៀត»។
ហាង អូន អ៊ូក បើកជារៀងរាល់ថ្ងៃពីម៉ោង ៨ ព្រឹកដល់ម៉ោង ១០ យប់ និងស្ថិតនៅផ្ទះលេខ ១៤៦ ផ្លូវ ១៥៥ ខាងកើតផ្សារទួលទំពូង និងអាចកម្ម៉ង់បានតាម Food panda និង Nham 24។ អាចទាក់ទងតាមទូរស័ព្ទ ០១០ ៤៧ ១៧ ០៧ និង ០១២ ៥៨ ៥៨ ៤៥៕
វីដេអូ៖