ភ្នំពេញៈ ក្រុមហ៊ុន​នាំចេញ​ផ្លែស្វាយ​ក្នុងស្រុក​ចំនួន​ ២ បាន​អះអាងថា កង្វះ​ទូកុងតឺន័រ និង​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ហក់ឡើង​ខ្ពស់​នាពេលនេះ​កំពុង​ធ្វើឱ្យ​ថ្លៃដើម​ផលិត​កើន​ខ្ពស់​ដែល​ប្រឈម​នឹង​លទ្ធភាព​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​។

លោក ហេង ស្រេង អ្នក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន ផ្លេនធីង អ៊ិនដាសស្ទ្រៀល ឯ.ក បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា សកម្មភាព​ផលិត និង​នាំចេញ​ផ្លែស្វាយ​ស្រស់ និង​ដំណាប់​ស្វាយ​របស់​ក្រុមហ៊ុន​លោក​ដំណើរការ​យ៉ាង​រលូន​ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូវីដ ​១៩​។

លោក​បន្ថែមថា ការនាំចេញ​ផលិតផល​ស្វាយ​របស់​ក្រុមហ៊ុន​លោក​កើនឡើង​ប្រមាណ ២០ ទៅ ៣០ ​ភាគរយ​ក្នុង​រយៈពេល ២ ​ខែ​ដើម​ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ទោះ​យ៉ាងណា​ការកើនឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នា​ពេលនេះ​កំពុង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​ផងដែរ​។

លោក​ថ្លែងថា​៖ «​សកម្មភាព​នាំចេញ​ផលិតផល​ស្វាយ​យើង​ដំណើរ​ល្អ​ធម្មតា តែមាន​បញ្ហា​រអាក់រអួល​កប៉ាល់ និង​កង្វះ​ទូកុងតឺន័រ ហើយ​តម្លៃ​ដឹកជញ្ជូន​នៅតែ​បន្ត​ឡើង​តាំងពី​មាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ ការ​ឡើងថ្លៃ​ដឹកជញ្ជូន​ធ្វើឱ្យ​ថ្លៃដើម​ផលិត​កើនឡើង​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក បាន​ព្រួយបារម្ភ​ចំពោះ​ការឡើង​ថ្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដែល​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ពិបាក​ប្រកួតប្រជែង ខណៈ​ក្រុមហ៊ុន​លោក​កំពុង​ត្រៀមខ្លួន​សម្រាប់​ការនាំ​ចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន​ ជា​លើកដំបូង​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក​និយាយថា​៖ «​ការនាំ​ចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​របស់ខ្ញុំ​មិនទាន់​ចាប់ផ្តើម​ទេ​ដោយ​រង់ចាំ​ការសម្រេច​ជា​ចុងក្រោយ​ពី​ភាគី​ចិន​។ បច្ចុប្បន្ន​យើង​នាំចេញ​ផ្លែស្វាយ​ស្រស់​ក្នុង​បរិមាណ​តិចតួច​ទៅ​ទីផ្សារ​ចិន​តាម​ប្រទេស​វៀតណាម​»​។

លោក​បាន​កត់សម្គាល់ថា ទោះជា​យ៉ាងណា​ការនាំចេញ​ទំនិញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ពុំទាន់​ប្រឈម​នឹង​ការកង្វះ​កុងតឺន័រ​ដូច​ការនាំ​ចេញទៅ​អឺរ៉ុប​នោះទេ ប៉ុន្តែ​លោក​ព្រួយបារម្ភ​ថា និន្នាការ​នេះ​នឹង​កើតមានឡើង​ក្នុង​តំបន់​នេះ​ផងដែរ​។

យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) កង្វះ​ទូ​កុងតឺន័រ​នៅតែ​ជា​បញ្ហា​ចម្បង​ដែល​បាននិង​កំពុង​រាំងស្ទះ​ដល់​ការនាំចេញ​អង្ករ​កម្ពុជា​នា​រយៈពេល ២ ​ខែ ដើមឆ្នាំ​ ២០២១ នេះ​។

CRF ឱ្យដឹងទៀតថា កម្ពុជា​បានចេញ​អង្ករ ៧៦ ២២២ ​តោន​ ស្មើនឹង​តម្លៃ ៦៤,៥៣ ​លានដុល្លារ​ ក្នុងអំឡុង​ពេលនេះ​ធ្លាក់ចុះ ៤៤,១៦ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ការនាំចេញ​អង្ករ​ថយចុះ​នេះ​ដោយសារ​កង្វះ​ទូកុងតឺន័រ និង តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​នៅ​បន្ត​ឡើង​ខ្ពស់​រហូតដល់​ជិត​ ៥០០ ​ភាគរយ​ នៃ​តម្លៃ​ដឹកជញ្ជូន​កាលពី​ឆ្នាំ​ ២០១៩​។

យោងតាម លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រេចបាន ១ ៥៩៩ ៩២២ តោន​ កើនឡើង​ ៥៥,២៧ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ក្នុង​នោះ​ផ្លែស្វាយ​ស្រស់​មាន​ចំនួន ៤៣ ៦៨០ ​តោន​៕ LA

វីដេអូ៖