ភ្នំពេញ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ទំនាប​កណ្ដាល​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​កើត ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម ប្រុងប្រយ័ត្ន​ខណៈ​ចាប់​ពី​ថ្ងៃទី ១២ ដល់​ថ្ងៃ ១៨ ឧសភា នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បក់​បោក​ខ្លាំង និង​មាន​ទាំង​ផ្គរ​រន្ទះ​ផង​ដែរ។ នេះ​បើ​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​នេះ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ស្ថានភាព​អាកាសធាតុ​ចុះ​ថ្ងៃទី ១១ ខែ​ឧសភា​នេះ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​គូស​បញ្ជាក់​ថា ក្នុង​អំឡុង ១ សប្ដាហ៍​នេះ ខ្យល់​មូសុង​នីរតី​កំពុង​បង្កើន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា។ ក្នុង​ស្ថានភាព​បែប​នេះ បណ្ដា​ខេត្ត​មួយ​ចំនួន​ដែល​ស្ថិតនៅ​ក្នុង​តំបន់​វាល​ទំនាប​កណ្ដាល​ភាគ​ខាង​ត្បូង និង​ភាគ​ពាយព្យ​ ជាពិសេស​ខេត្ត​នៅ​ភាគ​ខាង​កើត​ជាប់​ប្រទេស​វៀតណាម នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ព្រម​ទាំង​មាន​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​ និង​ផ្គរ​រន្ទះ​មក​ជាមួយ​ផង​ដែរ។

ទន្ទឹម​នឹង​នេះ ក្រសួង​ធនធាន​ទឹក​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​បណ្ដា​ខេត្ត​នៃ​តំបន់​វាល​ទំនាប​កណ្តាល​ភាគ​ខាង​ត្បូង ភាគ​ពាយព្យ និង​បណ្តា​ខេត្ត​ខាង​កើត​ជាប់​ប្រទេស​វៀតណាម ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដោយ​អះអាង​ថា បាតុភូត​ទាំង​នេះ​នឹង​កើត​មាន​ច្រើន «ចាប់​ពី​ថ្ងៃទី ១៣-១៦ ខែ​ឧសភា»។

ជុំវិញ​ការ​អំពាវនាវ​នេះ លោក រស់ ដារិទ្ធ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឲ្យ​ថ្នាក់​មូលដ្ឋាន និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ដែល​ចំណុះ​ឲ្យ​រដ្ឋបាល​ខេត្ត​ស្វាយរៀង ផ្សព្វផ្សាយ​នូវ​សេចក្ដី​ជូន​ដំណឹង​នេះ ឲ្យ​ដល់​គ្រប់​មូលដ្ឋាន​ពលរដ្ឋ ដើម្បី​ត្រៀម​បង្ការ និង​ឆ្លើយ​តប​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ណា​ដែល​រងគ្រោះ​ដោយសារ​បាតុភូត​គ្រោះ​ធម្មជាតិ​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «យើង​បាន​ប្រកាស​ផ្សព្វផ្សាយ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ហើយ​អំពី​បញ្ហា​នេះ និង​បាន​ត្រៀម​កម្លាំង​សម្រាប់​ចុះ​ជួយ​អន្តរាគមន៍​នៅ​ពេល​មាន​គ្រួសារ​ពលរដ្ឋ​រងគ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​នេះ​ផង​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ លោក អ៊ុយ សាគុណ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ដែរ​ថា រដ្ឋបាល​ខេត្ត​តែងតែ​ផ្សព្វផ្សាយ​អំពី​បាតុភូត​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​នេះ ជា​បន្តបន្ទាប់​នៅ​ពេល​ដែល​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​អំពី​ស្ថានភាព​អាកាស​ធាតុ​ម្ដងៗ។

លោក​ថ្លែង​ថា៖ «បាតុភូត​ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់ និង​រន្ទះ​បាញ់​នេះ គឺ​ពិត​ជា​បង្ក​នូវ​ក្ដី​បារម្ភ​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​យើង ដែល​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល និង​ដែល​មាន​ផ្ទះ​សម្បែង​តូចៗ​មិន​រឹងមាំ»។

យោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ពី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាតុភូត​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​ក្នុង​រយៈពេល ៤ ខែ​ដើម​ឆ្នាំ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស ៣០ នាក់​ស្លាប់ និង​រងរបួស និង​បង្ក​ការ​ខូចខាត​ផ្ទះ សាលា​រៀន ព្រម​ទាំង​អគារ​រដ្ឋបាល​សាធារណៈ​សរុប​ជាង ១ ២៧០ ខ្នង និង​ងាប់​គោក្របី​ពលរដ្ឋ​សរុប ២១ ក្បាល៕

វីដេអូ៖