ភ្នំពេញៈ ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​នៅ​ថ្ងៃទី​ ២៧ ខែមីនា​គឺ​នឹងត្រូវ​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​ផ្តល់​ការស្រឡាញ់​ដល់​ធម្មជាតិ​» ដែល​ក្រសួងបរិស្ថាន និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ​ (WWF) ​នឹង​រៀបចំ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ដោយ​ការបញ្ជូនសារ​តាមរយៈ​បណ្តាញសង្គម​ទៅកាន់​ពលរដ្ឋ​ទាំងអស់​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​ចូលរួម​ការពារ​ផែនដី​។

លោក ​នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការ​ប្រារព្ធ​ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​ឆ្នាំ​ ២០២១ ​នេះ ក្រសួងបរិស្ថាន​នឹងធ្វើ​តាម​ប្រព័ន្ធ​ឌីជីថល​ដោយសារ​មិនអាច​ធ្វើការ​ជួបជុំគ្នា​បានទេ ដោយ​អនុវត្ត​ទៅ​តាម​វិធានការ​សុខាភិបាល​ និង​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​នៃ​វីរុស​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ខ្លឹមសារ​សំខាន់​ដែល​យើង​ផ្តោត​ទៅលើ​ការប្រារព្ធ​ទិវា​នេះ​របស់​ក្រសួង​បរិស្ថាន និង​អង្គការ WWF នេះ​ដោយ​បាន​សហការ​គ្នា​ជាមួយ​នឹង​ដៃគូ​ផ្សេងៗ​ទៀត ដែល​យើង​បានជ្រើសរើស​យក​ប្រធានបទ ផ្តល់​ការស្រឡាញ់​ដល់​ធម្មជាតិ​ដែល​ជា​ការផ្សារភ្ជាប់​ចំណង​រវាង​សុខភាព​ធម្មជាតិ និង​សុខុមាលភាព​របស់​មនុស្សជាតិ​»​។

អ្នកនាំពាក្យ​រូបនេះ​បន្ថែម​ថា ធម្មជាតិ​មាន​សារៈសំខាន់​សម្រាប់​មនុស្ស សត្វ និង​ជីវចម្រុះ​ផ្សេងៗ​ដែល​ការប្រារព្ធ​ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​នេះ គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ឱ្យបាន​ច្បាស់លាស់​ពី​ផលប្រយោជន៍​នៃ​ធនធាន​ធម្មជាតិ​សម្រាប់​ជីវិត​មនុស្ស​សត្វ ហើយ​ត្រូវ​ចូលរួម​ការពារ និង​ថែរក្សា​។

ឆ្នាំនេះ ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​ជា​ការប្រារព្ធ​លើក​ទី​ ១៤ ហើយ​ទិវា​នេះ​គឺធ្វើឡើង​នៅ​ថ្ងៃទី​ ២៧ មីនា វេលា​ម៉ោង ៨:៣០ នាទី​យប់​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​បញ្ជូន​សារ​តាមរយៈ Facebook និង Twitter ទៅកាន់​សាធារណជន​ក្នុងប្រទេស​កម្ពុជា​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា៖ «​ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​នេះ​ក៏​មិនមែន​ផ្តោត​តែ​ទៅលើ​ធនធាន​ធម្មជាតិ​ទេ ប៉ុន្តែ​វា​ក៏មាន​ការពាក់ព័ន្ធ​ទៅនឹង​ជីវចម្រុះ​ដែលមាន​សត្វព្រៃ​ផងដែរ ដែល​យើង​ក៏​សូម​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កុំឱ្យ​បរបាញ់​សត្វ ដាក់អន្ទាក់​ចាប់​សត្វ កុំ​បរិភោគ​សាច់សត្វ​ព្រៃ ឬ​ប្រើប្រាស់​ផលិតផល​ដែល​ធ្វើ​ពី​ស្បែក​សត្វ និង​ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ប៉ុន្តែ​ត្រូវ​ចូលរួម​ការពារ និង​ថែរក្សា​ធនធាន​ធម្មជាតិ ព្រៃឈើ និង​សត្វ​ព្រៃ​របស់​យើង​វិញ​»​។

ទិវា​នេះ​ ១ ​ម៉ោង​សម្រាប់​ភពផែនដី នេះ​គ្រាន់តែ​ជា​និមិត្តរូប​នៃ​ការបង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ ហើយ​ក្នុង​រយៈ​ ១ ​ម៉ោង​គ្រប់​គ្នា​អាច​បង្ហាញ​នូវ​សារៈសំខាន់ៗ ដោយមាន​ទាំង​ការបិទ​អគ្គិសនី​តាម​គ្រួសារ​នីមួយៗ និង​ការបង្ហាញ​នូវ​ក្តី​ស្រឡាញ់​ដល់​សត្វព្រៃ ការពារ និង​ការថែរក្សា​ផងដែរ​។

ទិវា​ ១ ​ម៉ោង​សម្រាប់​ភពផែនដី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​តាំងពី​ឆ្នាំ​ ២០០៧ ដែល​ធ្វើឡើង​ដំបូង​គេ​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ទីក្រុង​ស៊ីដនី ដើម្បី​លើក​ទឹកចិត្ត​មនុស្ស​រាប់លាន​នាក់​នៅ​ទូទាំង​សកលលោក​ឱ្យ​ចូលរួម​ការពារ​ធម្មជាតិ និង​ភពផែនដី​សម្រាប់​អ្នក​គ្រប់គ្នា​។

បើតាម​លោក ​នេត្រ ភក្ត្រា នៅ​ថ្ងៃទី​ ២៥ ខែមីនា ក្រសួង​បរិស្ថាន​ក៏មាន​ការរៀបចំ​នូវ​ការពិភាក្សា​តាម​ប្រព័ន្ធ​អនឡាញ​ផងដែរ​ដោយមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ អ្នក​ដែល​ស្រឡាញ់​បរិស្ថាន និង​អង្គការ WWF​។

លោក​មាន​ការជឿជាក់​ថា សារ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ទិវា​ ១ ​ម៉ោង សម្រាប់​ភពផែនដី ដែល​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រួមនឹង​អង្គការ WWF បាន​ធ្វើការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​នោះ​នឹង​មានការ​ជ្រួតជ្រាប​ទៅ​​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការចូលរួម​ចំណែក​បង្កើន​ចំណេះដឹង និង​សកម្មភាព​ក្នុង​ការទប់ស្កាត់​ជំងឺ​ទាំងឡាយ ពិសេស​ក្នុង​បរិបទ​កូវីដ​១៩​នេះ​៕